អធិរាជ្យគុនខ្មែរ ISI PALM ខ្សែក្រវាត់ប្រាក់ទី៣ ទម្ងន់ ៦០គីឡូក្រាម បានរកឃើញម្ចាស់ហើយគឺអ្នកលេងគុនខ្មែរមកពីខេត្តព្រៃវែង លន បញ្ញា បន្ទាប់ពីជើងខ្លាំងរូបនេះយកឈ្នះកីឡាករថៃ Chamuakpetch Pran 26 ដោយពិន្ទុ។ វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ អធិរាជ្យគុនខ្មែរ ISI គឺពិតជាកក្រើក និងជក់ចិត្តសម្រាប់អ្នកនិយមតាមដានប្រដាល់តែម្ដង ដោយសារតែជាវគ្គសំខាន់ ទាំងកីឡាករខ្មែរ និងថៃ ប្រកួតប្ដូរទៅប្ដូរមកគ្មានសល់នាទីនោះទេ។
លន បញ្ញា បង្ហាញទម្រង់វ៉ៃបានល្អមែនទែននាវគ្គផ្ដាច់ព្រ័ត្រខាងលើនេះ ពោលតាំងតែពីទឹកទី១ទៅ បើកការប្រយុទ្ធគ្មានស្រាកស្រាន្ត បើទោះជាត្រូវនិងកណ្ដាប់ដៃធ្ងន់ៗ និងការទាត់ជើងក្រោមយ៉ាងណាក្ដីពីសំណាក់កីឡាករថៃ។ កូនសិស្សលោក ធន់ សុភា ម្នាក់នេះធន់និងស្នៀតរបស់ថៃ មិនថយក្រោយនោះឡើយ កាន់តែត្រូវកាន់តែដើរចូល ហើយចាប់វ៉ៃជង្គង់រហូត Chamuakpetch Pran 26 គាំងម្ដងៗទៅហើយក្នុងទឹកខ្លះ។
ការព្យាយាមវ៉ៃចេញ និងការចាប់វ៉ៃជង្គង់យ៉ាងច្រើនរបស់ លន បញ្ញា ជាលទ្ធផលបញ្ចប់ការប្រកួតទាំង៥ទឺកនោះ គឺអាជ្ញាកណ្ដាលសម្រេចឲ្យជើងខ្លាំងគុនខ្មែររូបឈ្នះពិន្ទុ គ្រងខ្សែក្រវាត់ប្រាក់ទី៣នេះតែម្ដងទៅ។ បញ្ញា ជាបេក្ខភាពម្នាក់ទៀតហើយដែលបានឡើងទៅវគ្គកណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស របស់កម្មវិធី អធិរាជ្យគុនខ្មែរ ISI PALM ជាមួយ ឡៅ ចិត្រា ឡុង ជិន នឹងរង់ចាំបេក្ខភាពម្នាក់ទៀតដែលជម្រុះរួចនៅពេលប៉ុន្មានសប្ដាហ៍ខាងមុខ។
សម្រាប់ការប្រកួតប្រដាល់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ កម្មវិធី អធិរាជ្យគុនខ្មែរ ISI PALM កាលពីថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ គឺ លន បញ្ញា ឈ្នះពិន្ទុ Chamuakpetch Pran 26 សុខ រិទ្ធ ឈ្នះពិន្ទុ Prakaifah ខណៈ ធន់ វិស្ណុ ស្មើពិន្ទុថៃ Yodkadanhu៕
Credit: Sabay
លន បញ្ញា ម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ អធិរាជគុនខ្មែរ ISI PALM ក្រោយឈ្នះ Chamuakpetch Pran
អត្ថបទទាក់ទង