ខ្សែប្រយុទ្ធជាប្រធានក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ សៀន ចន្ធា បានស៊ុតទម្លុះសំណាញ់ទីក្រុមU18អូស្រ្តាលី បាន១គ្រាប់ នៅពេលក្រុមដ៏កម្សត់មួយនេះ បានចាញ់ ៥-១ ក្នុងការប្រកួតបើកឆាកប្រចាំពូលB នៃពានរង្វាន់ AFF U18 Next Media Cup 2019 លើទឹកដីប្រទេសវៀតណាម កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ។
បើទោះបីជា ក្រុមមានប្រៀបផ្នែកកម្ពស់ និងមាឌដាច់ គឺ U18អូស្រ្តាលី បានប្រើការប្រកួតនៅត្រឹម១៣នាទីដំបូង កដើម្បីរកបានគ្រាប់បាល់នាំមុខ ៣-០ លើក្រុមកម្ពុជា ប៉ុន្តែនៅក្រោយការរបូត៣គ្រាប់នោះ ក្រុមកម្ពុជា កាន់តែមានទឹកចិត្តក្នុងការប្រកួត ដើម្បីវាយបកទៅលើក្រុមអូស្រ្តាលី វិញ នៅចុងតង់ទី១។
សម្រាប់ការប្រកួត ដែលមានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ហង្សមាស (Hang Meas HD TV) កាលពីម្សិលមិញនោះ គឺអ្នកគាំទ្រកម្ពុជា កាន់តែមានការពេញចិត្ត ទៅនឹងទម្រង់លេងរបស់ក្រុមU18កម្ពុជា សម្រាប់ការប្រកួតនៅតង់ទី២ ព្រោះពួកគេបានបញ្ជូលបាល់ខ្លីៗ ដោយមានទំនុកចិត្តបំផុត។
ចង្វាក់លេងប្រកបដោយមានទំនុកចិត្តនេះ បានធ្វើឲ្យក្រុមកម្ពុជា មានឱកាសគ្រប់គ្រងបាល់ច្រើនជាងក្រុមអូស្រ្តាលីវិញម្តង ហើយពួកគេ ក៏បានបង្កើតឱកាសជាបន្តបន្ទាប់ នៅមុខទីគូប្រកួតផងដែរ ហើយភាពសប្បាយរីករាយបានកើតឡើង នៅនាទីទី៧៣ នៅពេល សៀន ចន្ធា រកឃើញគ្រាប់ឲ្យក្រុមកម្ពុជានោះ។
គ្រាប់បាល់របស់ សៀន ចន្ធា បានធ្វើឲ្យអ្នកតាមដានការប្រកួតនេះ មានការកោតសរសើរខ្លាំង ព្រោះរូបគេ បានប្រើលឿនរត់វ៉ាដាច់ខ្សែការពារទាំង២របស់អូស្រ្តាលី ទៅឆក់យកបាល់ពីការបញ្ជូលរបស់មិត្តរួមក្រុម ហើយបានរួចឆ្កឹះបាល់ ដែលអូសដាច់មាត់នោះ ផុតដៃអ្នកចាំទី ប្រកបដោយបច្ចេកទេសយ៉ាងល្អបំផុត។
ទោះបីជាយ៉ាងណា ការធ្វើប្រហែស នៅនាទីទីបន្ថែម៩០+២ បានធ្វើឲ្យក្រុមអូស្រ្តាលី រកឃើញគ្រាប់បាល់ទី៥ ដ៏គួរឲ្យសោកស្តាយ ហើយការចាញ់ក្រុមU18អូស្រ្តាលី ៥-១ នៅថ្ងៃបើកឆាកនេះ វានឹងធ្វើឲ្យក្រុមកម្ពុជា ត្រូវធ្វើការងារកាន់តែធ្ងន់ សម្រាប់ការប្រកួតប្រជែងជាបន្តទៀត ព្រោះក្រៅពីក្រុមអូស្រ្តាលី ក្រុមកម្ពុជា នឹងត្រូវប្រឈមជាមួយក្រុមម៉ាឡេស៊ី សិង្ហបុរី ថៃ និងក្រុមវៀតណាម ដែលសុទ្ធតែជាក្រុមមានទម្រង់លេងល្អដូចគ្នា និងពិបាកសង្ឃឹម ក្នុងការស្វែងរកជ័យជម្នះ៕
រូបភាពរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សៀន ចន្ធា ស៊ុតទម្លុះសំណាញ់ទីក្រុមអូស្រ្តាលី បានសម្រេច នៅថ្ងៃបើកឆាកពាន AFF U18
អត្ថបទទាក់ទង