ក្រុមវិសាខា និងបឹងកេត ត្រូវបានគេមើលឃើញថា នឹងដណ្តើមបាន៣ពិន្ទុបន្ថែម ដោយគ្មានអ្វីត្រូវបារម្ភនោះឡើយ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី១៩ នៃលីកកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៩ នៅថ្ងៃសៅរ៍នេះ ព្រោះលើកនេះពួកគេ ត្រូវជួបក្រុម ដែលមានកម្រិតលេងទាបជាងខ្លួន ប៉ុន្តែការវិលមកជួបគ្នារវាងក្រុមណាហ្គាវើល និងភ្នំពេញក្រោន អាចនឹងមានភាពតានតឹងខ្លាំង។
នៅក្នុងការប្រកួតនេះ ក្រុមវិសាខា ដែលទើបឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ ដោយមាន៤០ពិន្ទុ ក្រោយបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ២-១ កាលពីសប្តាហ៍មុននោះ នឹងត្រូវជួបក្រុមខេត្តកំពតចាម នៅកីឡដ្ឋានស្តាតចាស់ នារសៀលម៉ោង ៣:៣០ នៅថ្ងៃសៅរ៍។
បើទោះបីជាការប្រកួតជើងទី២នេះ ក្រុមខេត្តកំពង់ចាម បានបង្ហាញការលេងបានល្អជាងមុន តាមរយៈការកាត់បន្ថយចំនួនគ្រាប់បាល់ មិនឲ្យគូប្រកួតស៊ុតចូលទីច្រើន ដូចការប្រកួតជើងទី១ ប៉ុន្តែកម្រិតលេងរបស់ក្រុមនេះ ប្រហែលជាមិនអាចទប់ស្កាត់មហិច្ឆតារក៣ពិន្ទុរបស់វិសាខា បាននោះទេ ព្រោះពេលនេះ វិសាខា មានទម្រង់កាន់តែល្អ ខណៈការប្រកួតជើងទី១ វិសាខា បានលត់ក្រុមខេត្តកំពង់ចាម រហូតដល់ ១៤-០ ឯណោះ។
ស្រដៀងគ្នានេះដែរ ក្រុមបឹងកេត ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៥ ដោយមាន៣៧ពិន្ទុនោះ នឹងត្រូវបើកកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ របស់ខ្លួន ដើម្បីស្វាគមន៍ក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី នៅរសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍នេះដែរ ដើម្បីរក៣ពិន្ទុបន្ថែម ប្រជែងឡើងទៅ Top4។
ក្រុមបឹងកេត ធ្លាប់បានយកឈ្នះក្រុមម្ចាស់ផ្ទះ សាលាកីឡាបាល់ទាត់ជាតិបាទី ៣-១ កាលជើងទី១ ហើយការជួបគ្នាលើកនេះ ត្រូវបានគេមើលឃើញថា បឹងកេត នឹងអាចរកបានគ្រាប់បាល់កាន់តែច្រើន ព្រោះពេលនេះ បឹងកេត លេងកាន់តែល្អ ផ្ទុយពីនេះសាលាកីឡាបាល់ទាត់ជាតិបាទី កំពុងខ្វះកម្លាំងក្នុងការលេង ខណៈកីឡាករល្អៗមួយចំនួន ពិសេសខ្សែប្រយុទ្ធលេចធ្លោរជាងគេ សៀង ចន្ធា សុទ្ធតែជាប់ភារកិច្ចប្រកួតពានរង្វាន់ AFF U18 Championship 2019 នៅប្រទេសវៀតណាមនោះ។
ចំណែកក្រុមភ្នំពេញក្រោន នឹងត្រូវស្វាគមន៍ក្រុមណាហ្គាវើល នៅកីឡដ្ឋាន RSN នៅល្ងាចម៉ោង៦ ថ្ងៃសៅរ៍នេះដែរ ហើយនេះក៏ជាពេលវេលា ដែលភ្នំពេញក្រោន ត្រូវសងសឹកណាហ្គាវើល ដែលពួកគេធ្លាប់ចាញ់ ៣-០ កាលពីជើងទី១ ផងដែរ ហេតុនេះជំនួបលើកនេះ នឹងមានភាពតានតឹងខ្លាំង ព្រោះភ្នំពេញក្រោន ពេលនេះមានទម្រង់លេងល្អជាងមុន តែណាហ្គាវើល ក៏ត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាទីតាំងលេខ២របស់ខ្លួន និងលុបបំផុតភាពហ្មងសៅ ចំពោះការចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-០ កាលពីសប្តាហ៍មុនផងដែរ៕