ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ មិនអាចប្រើបច្ចេកទេស រួមទាំងកម្លាំងចិត្តដ៏ខ្លាំងក្លា ដែលកើតចេញពីការយកឈ្នះក្រុមU18ថៃ ជាប្រវត្តិសាស្រ្ត កាលពីថ្ងៃសុក្រ ដើម្បីប្រជែងជាមួយក្រុមម្ចាស់ជើងឯកម៉ាឡេស៊ី បាននោះទេ គឺពួកគេបានចាញ់ ៣-១ ក្នុងការប្រកួតជម្រុះលើកទី៣ ប្រចាំពូលB នៃពានរង្វាន់ AFF U18 Championship 2019 កាលពីម្សិលមិញ។

ការយកឈ្នះក្រុមU18ថៃ ៤-៣ សម្រាប់ការប្រកួតជម្រុះលើកទី២ កាលពីថ្ងៃសុក្រ បានធ្វើឲ្យអ្នកគាំទ្រវិស័យបាល់ទាត់នៅកម្ពុជា មានការភ្ញាក់ផ្អើល និងរីករាយយ៉ាងខ្លាំង ព្រោះនេះជាជ័យជម្នះប្រវត្តិសាស្រ្ត ដែលក្រុមកម្ពុជា អាចយកឈ្នះក្រុមជម្រើសជាតិថៃ ខណៈការប្រកួតគ្រប់កម្រិត ក្នុងពានរង្វាន់ AFF Championship នេះ ក្រុមកម្ពុជា បានចាញ់ថៃ រហូត។

ជាមួយគ្នានោះ អ្នកគាំទ្រកម្ពុជាមានរំពឹងថា ក្រុមU18កម្ពុជា ក៏អាចនឹងប្រើទម្រង់លេងយ៉ាងល្អនេះ ដើម្បីប្រជែងយក៣ពិន្ទុជាមួយក្រុមម្ចាស់ជើងឯកឆ្នាំ២០១៨ ម៉ាឡេស៊ី ផងដែរ ប៉ុន្តែអ្វីៗ មិនអាចទៅបានរលូនដូចការគិតនោះទេ ព្រោះតាមរយៈការប្រកួត នៅពហុកីឡដ្ឋាន Thong Nhat Stadium លើទឹកដីវៀតណាម កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមU18ម៉ាឡេស៊ី បានបង្ហាញការលេងល្អជាង និងអាចរកបានរដូតដល់៣គ្រាប់ នៅក្នុងតង់ទី១។

ចំណែកការប្រកួត នៅក្នុងតង់ទី២ ក្រុមU18កម្ពុជា បានបង្ហាញការលេងបានល្អប្រសើរជាងតង់ទី១ ដោយពួកគេ អាចគ្រប់គ្រងបាល់បានច្រើនគួរសម ដើម្បីវាយបកទៅលើក្រុមម៉ាឡេស៊ីវិញ ប៉ុន្តែក្រុមមួយនេះ មិនអាចទម្លុះសំណាញ់ក្រុមម៉ាឡេស៊ី បាននោះទេ ហើយការបន្តចាញ់ ៣-០ បន្ថែមទៅលើការចាញ់ក្រុមU18អូស្រ្តាលី ៥-១ កាលពីថ្ងៃបើកឆាកនោះ បានធ្វើឲ្យកម្ពុជា សល់ភាគរយតិចបំផុត ក្នុងការប្រជែងឡើងទៅវគ្គបន្ត ព្រោះ២ប្រកួតចុងក្រោយពួកគេ ត្រូវជួបក្រុមសិង្ហបុរី និងក្រុមម្ចាស់ផ្ទះវៀតណាម ដែលសុទ្ធតែជាជំនួបមានភាពតានតឹងដូចគ្នា៕

រូបភាពយកពីផេចហ្វេសប៊ុករបស់ FFC