ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​កម្ពុជា​បាន​របូត ៣​ពិន្ទុ​ម្ដង​ទៀត​ហើយ បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ U-18 ម៉ាឡេស៊ីដោយ​លទ្ធផល ៣–០ ក្នុង​ប្រកួត​ទី​៣ នៃ​ពាន​រង្វាន់​យុវជន​ជើងឯក​អាស៊ី​អាគ្នេយ៍ AFF U-18 Championship 2019 នៅ​ទីក្រុង​ហូជីមិញប្រទេស​វៀតណាមកាលពី​ល្ងាច​មិញ។ ប៉ុន្តែ​កម្ពុជា​មិនទាន់​អស់​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ដ​នោះ​ទេ ព្រោះ​សល់ ២​ប្រកួត​ក្នុង​ដៃ​ទៀត។

​ការប្រកួត​ដ៏​សំខាន់​នេះក្រុម U-18 ម៉ាឡេស៊ីបាន​ទាត់​បំប៉ោង​សំណាញ់​ទី ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ៣​គ្រាប់​មុន​តែម្ដង​នៅ​វគ្គ​ទី​១ ដោយ​កីឡាករ Mukhairi, Muslihuddin​ និង​កីឡាករ Firdaus​។ លុះ​ចូល​វគ្គ​ទី​២ ក្រុម U-18 កម្ពុជាក៏បាន​ព្យាយាម​វាយបក​ណាស់​ដែរ តែ​ធ្វើ​មិនបាន​សម្រេច ដែល​បាន​ត្រឹម​ទប់​មិន​ឲ្យ​របូត​គ្រាប់​បាល់​បន្ថែម ធ្វើ​ឲ្យ​ចប់​ការប្រកួត​ក្រុម U-18 ម៉ាឡេស៊ី​យកឈ្នះ​ក្រុម U-18 កម្ពុជា ៣–០។​ គិត​មក​ទល់​ពេលនេះ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាបាន​ឆ្លងកាត់ ៣​ប្រកួត​រួចហើយជាមួយ​លទ្ធផល​ឈ្នះ​១ និង​ចាញ់​២ ពោល​គឺ​ឈ្នះ​ក្រុម U-18 ថៃ ៤–៣ តែ​ចាញ់​ក្រុម U-18 អូស្ត្រាលី ៥–១ និង​ចាញ់ U-18 ម៉ាឡេស៊ី ៣–០។

តែ​យ៉ាងណា​ក្រុម​ស្ថិត​ក្នុង​គោល​ដៅ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ មិន​ទាន់​អស់​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ដ​នោះ​ទេ ព្រោះ​សល់ ២​ប្រកួត​ទៀតរួមមាន​ប៉ះ U-18 សិង្ហ​បុរី​នា​ថ្ងៃ​អង្គារ​ស្អែក និង​ជួប​ក្រុម U-18 វៀតណាម​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​ខាងមុខ។​ គួរ​បញ្ជាក់​ថា ក្នុង​ពូ​ល B បច្ចុប្បន្ន​ក្រុម U-18 អូស្ត្រាលី​កំពុង​ឈរ​កំពូល​តារាង និង​មាន ៩​ពិន្ទុ​ពេញ​ក្រោយ​ទទួល​បាន​ជ័យជម្នះ ៣​ប្រកួត​ផ្ទួនៗ ខណៈ​ម៉ាឡេស៊ី និង​វៀតណាម​មាន ៦​ពិន្ទុ​ក្នុង​ដៃក្រោយ​ឆ្លង​កាត់ ៣​ប្រកួត​ឈ្នះ​២ និង​ចាញ់ ១៕

​អត្ថបទ៖ លី ឈុន​ឡា By: BTV