សង្វៀនប្រដាល់ CBS ដែលសហការជាមួយគោជល់ជាយូរណាស់មកហើយនោះ ឥលូវបង្កើតរូបមន្តថ្មី «អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា» គឺម្ចាស់ខ្សែក្រវាត់ដែលជាបេក្ខភាពប្រើពេលត្រឹម២ប្រកួតគឺនឹងទទួលបានប្រាក់រង្វាន់ ៤០០០ដុល្លារ។
លោក ស៊ីថូ ណាថាន់ ប្រធានកីឡារបស់ CBS បានឲ្យដឹងថា លោកអរគុណណាស់ចំពោះម្ចាស់ឧបត្ថម្ភកម្មវិធីគឺគោជល់ ដែលបានពេញចិត្តនូវរូបមន្តថ្មីដែលខាងលោកបានដាក់ជូនទៅ ហើយសម្រេចបង្កើតកម្មវិធី «អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា»នេះឡើង។
ចំពោះរូបមន្តនៃការប្រកួតនេះដែរ ប្រធានកីឡាខាងលើនេះបានបញ្ជាក់ថា កម្មវិធីនេះសម្រាប់បេក្ខភាព គឺជាកីឡាករណាធ្លាប់មានខ្សែក្រវាត់ ពោលមិនថាខ្សែក្រវាត់អ្វីមកពីខាងណាក៏ដោយ អាចចូលលេងបានទាំងអស់អាស្រ័យតាមប្រភេទទម្ងន់ដែលខាងកម្មវិធីត្រូវការ និងរៀបចំឡើង។
ការប្រកួតវគ្គទី១ នេះគឺធ្វើឡើងលើប្រភេទទម្ងន់ ៦៩គីឡូក្រាម មានបេក្ខភាពខ្មែរពីររូប រឿង សោភ័ណ្ឌ និង ឡុង សុភី ខណៈ២រូបទៀតជាបរទេស។ ខ្មែរ២រូបនេះនឹងត្រូវប៉ះបរទេសនៅវគ្គជម្រុះដំបូង អ្នកឈ្នះបានឡើងទៅវគ្គទី២ ផ្ដាច់ព្រ័ត្រយកលេខ១ និងលេខ២តែម្ដង។ សរុបទៅកីឡាករឈ្នះតែ២ប្រកួតបានខ្សែក្រវាត់១គ្រឿង និងថវិកា ៤០០០ដុល្លារតែម្ដង។
រំលឹកដែរថា កម្មវិធីសន្និសីទសារព័ត៌មានស្ដីពីការប្រកាសរូបមន្តប្រកួតថ្មី «អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា» នេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ នៅសង្វៀន CNC ឫស្សីកែវ។ ការប្រកួតវគ្គទី១ លើប្រភេទទម្ងន់ ៦៩គីឡូក្រាមនេះ នឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះហើយ៕
Via: Sabay