ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជានឹងធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិ U-18 សិង្ហបុរីនាវេលាម៉ោង ៤៖៣០នាទីល្ងាចនេះ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U-18 Championship 2019 នៅទីក្រុងហូជីមិញប្រទេសវៀតណាម។
នេះគឺជាការប្រកួតទី៤ ក្នុងពូល B របស់ក្រុមគោព្រៃជំទង់កម្ពុជា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតក្នុងពូលឈ្នះ១ និងចាញ់២ កាលពីពេលថ្មីៗ។ ចំណែកក្រុម U-18 សិង្ហបុរី បន្ទាប់ពីប្រកួតស្មើក្រុម U-18 ថៃ ១–១ កាលពីថ្ងៃបើកឆាក ពួកគេនៅមិនទាន់ស្គាល់ពាក្យឈ្នះនោះទេ។ ដូច្នេះកម្ពុជាអាចនឹងមានប្រៀបបន្តិចលើសិង្ហបុរី ព្រោះកម្ពុជាបានយកឈ្នះថៃ ៤–៣ កាលពីពេលថ្មីៗ។
នៅថ្ងៃនេះដែរក្រៅពីក្រុមគោព្រៃជំទង់កម្ពុជា និងសិង្ហបុរីត្រូវប៉ះគ្នា ក៏មាន ២ប្រកួតទៀតសម្រាប់ពូល B ផងដែរ រួមមានក្រុម U-18 អូស្ត្រាលីប៉ះក្រុម U-18 ម៉ាឡេស៊ី និងក្រុម U-18 ថៃប៉ះក្រុមម្ចាស់ផ្ទះវៀតណាម។ នេះសុទ្ធតែជាការប្រកួតដែលកម្ពុជាត្រូវចាំអ៊ុតលទ្ធផល ព្រោះបើសិនអូស្ត្រាលី និងថៃទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ទើបក្រុម U-18 កម្ពុជាសល់ក្ដីសង្ឃឹមតិចតួចក្នុងការប្រជែងកៅអីវគ្គបន្ដ។
ដោយឡែកក្រឡេកទៅមើលពូល A វិញ ពេលនេះគេបានរកឃើញក្រុមកក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រួមមានក្រុម U-18 មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីដែលរកបាន ១២ពិន្ទុស្មើគ្នា ក្រោយទទួលបានជ័យជម្នះ ៤ប្រកួតផ្ទួនៗ មុនក្រុមទាំងពីរត្រូវប៉ះគ្នាដណ្ដើមកៅអីលេខ១ និងលេខ២ ក្នុងពូលនាថ្ងៃពុធស្អែកនេះ៕