បញ្ហាទីលានប្រកួត នៅកីឡដ្ឋានខេត្តសៀមរាប វានៅតែក្លាយជាក្តីបារម្ភ សម្រាប់ក្រុមអតីតជើងឯកច្រើនជំនាន់ ព្រះខ័នរាជស្វាយរៀង ខណៈពួកគេ ត្រូវប្រឈមជាមួយក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋាននេះ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុម ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ នារសៀលម៉ោង ៣:៣០ ថ្ងៃព្រហស្បតិ៍នេះ។

តាមពិត ក្រុមម្ចាស់ជើងឯក៤សម័យកាល ព្រះខ័នរាជស្វាយរៀង បានទៅបោះជុំហ្វឹកហាត់ នៅកីឡដ្ឋានខេត្តសៀមរាប តាំងពីចុងសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែលោក ជូ សារឿន គ្រូជំនួយក្រុមស្វាយរៀង នៅតែមានការបារម្ភទៅលើទីលាននេះ ខណៈស្វាយរៀង ទើបតែជួបការខកចិត្ត ដោយបានត្រឹមស្មើ ១-១ ជាមួយ អង្គរថាយហ្គឺរ កាលពីថ្ងៃអាទិត្យ ក្នុងការប្រកួតលីកកំពូលកម្ពុជា នៅលើទីលាននេះតែម្តង។

លោក ជូ សារឿន បានប្រាប់ថា៖«ដោយសារការប្រកួតពានសម្តេច ប្រើកីឡាករខ្មែរសុទ្ធ អ៊ីចឹងវាមិនជាអ៊ីប៉ុន្មានទេ ព្រោះកីឡាកររបស់យើងរាងមានតែមជាង ដោយសារពួកគេ មានបទពិសោធច្រើន ប៉ុន្តែបញ្ហា វានៅលើតារាងនេះតែម្តង ហើយសំខាន់ វាអត់ភ្លៀងទៅទៀត ធ្វើឲ្យដីហុយជុកតែម្តង គឺពិបាកក្នុងការលេងមែនទែន»។ លោកបានបន្ថែមថា៖ «យើងអាចមានប្រៀបទៅលើគុណភាពកីឡាករ ប៉ុន្តែគេជាម្ចាស់ទឹកដី ដែលស្គាល់ទីលានប្រកួតនេះច្បាស់ជាងយើង អ៊ីចឹងយើង នៅតែមិនទាន់អាចសន្និដ្ឋានអ្វីបានដដែល គឺមានតែប្រកួតចប់៩០នាទី ទើបដឹងច្បាស់ទាំងអស់គ្នា ព្រោះការប៉ះក្រុមអង្គរថាយហ្គឺរនេះ ពិបាកដែរដោយសារយើងស្មើគ្នាតែរហូតមកហើយ»។

គួររំឭកថា ព្រះខ័នរាជស្វាយរៀង ជាក្រុម ដែលធ្លាប់ឈ្នះបានពានសម្តេច ហ៊ុន សែន ច្រើនជាងគេ គឺបានចំនួន៤ដង ដោយលើកទី១ ពួកគេឈ្នះ នៅឆ្នាំ២០១១ លើកទី២ នៅឆ្នាំ២០១២ លើកទី៣ នៅឆ្នាំ២០១៥ និងលើកទី៤ នៅឆ្នាំ២០១៧ ហើយក្រុមស្វាយរៀង ក៏ធ្លាប់ឈ្នះបានជើងឯករងកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១៦ ផងដែរ។ ចំណែកក្រុមអង្គរថាយហ្គឺរ ទើបតែបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងគត់ តែបានចាញ់ក្រុមប៉ូលិស ២-០ កាលពីឆ្នាំ២០១៨៕