អ្នកប្រដាល់មកពីខេត្តកណ្ដាល រឿង សោភ័ណ្ឌ នឹងត្រូវចេញមុខប្រកួតមុននេះគេក្នុងកម្មវិធី «អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា» ជាមួយអ្នកលេងគុនថៃ Korng Thailand Keatnavy ដើម្បីរកជើងខ្លាំង១រូប ឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ទម្ងន់ ៦៩គីឡូក្រាម ដែលមានប្រាក់រង្វាន់ ៤០០០ដុល្លារ។
កីឡាករ រឿង សោភ័ណ្ឌ
កីឡាករដៃភ្លើងជើងរន្ទះរបស់កម្ពុជាខាងលើ ប្រសិនបើអាចយកឈ្នះអ្នកលេងគុនថៃ Korng Thailand Keatnavy នាថ្ងៃសៅរ៍នេះបាន នោះគេជាប់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់ ៦៩គីឡូក្រាម តែម្ដង។ ប៉ុន្តែបើ សោភ័ណ្ឌ ភ្លាត់ស្នៀតចាញ់កីឡាករថៃខាងលើនេះវិញ នឹងត្រូវធ្លាក់ត្រឹមប្រកួតនេះហើយ និងអស់ឱកាសឡើងទៅយកលុយ១៦លានរៀល ឬ៤០០០ដុល្លារ។
រឿង សោភ័ណ្ឌ ឈ្នះខ្សែក្រវាត់កន្លងទៅ
គូជម្រុះចាញ់ធ្លាក់ខ្សែក្រវាត់ខាងលើនេះ ពិបាកថាអ្នកណាមានប្រៀបជាងអ្នកណាណាស់ ព្រោះអីក្បិតប្រកួតលើទឹកដីកម្ពុជាក៏ដោយ ប៉ុន្តែកីឡាករថៃ Korng Thailand Keatnavy ធ្លាប់ឈ្នះ វង្ស ណយ និងផ្ដួល ឯម ឡេងលី ឲ្យសន្លប់នៅទីនេះរួចហើយ។ អ្នកលេងគុនថៃរូបនេះ ប្រកួតដោយប្រើបច្ចេកទេសខ្ពស់ ភ្នែកវីល្អចាំមើលដៃគូចេញក្បាច់ហើយសងតាមក្រោយភ្លាមៗ។ កីឡាកររូបនេះចូលចិត្តថយចាំវ៉ៃ ចេះឆក់កែងបានលឿន ខណៈកណ្ដាប់ដៃ និងស្នៀតទាត់គឺប្រើបានយ៉ាងល្អ និងមានប្រសិទ្ធភាព។
កម្មវិធីប្រកួត
រំលឹកដែរថា កម្មវិធីថ្មីរបស់ CBS «អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា» នេះរដូវកាលទី១នេះ លេងលើប្រភេទទម្ងន់ ៦៩គីឡូក្រាម កីឡាករខ្មែរ-បរទេស ប្រកួតតែ២ដងក្លាយជាម្ចាស់ខ្សែក្រវាត់ និងទទួលបានថវិកា ៤០០០ដុល្លារ។ សម្រាប់គូខ្សែក្រវាត់ដំបូងនេះ រឿង សោភ័ណ្ឌ ប៉ះ Korng Thailand Keatnavy នាថ្ងៃសៅរ៍ ទី១៧ សីហា ២០១៩ នៅសង្វៀន CNC ចាប់ពីម៉ោង ៦ល្ងាចតទៅ៕
អត្ថបទ៖ នួន ស៊ីណា ប្រភពពី: Sabay
រឿង សោភ័ណ្ឌ អាចឆក់ឱកាសឡើងទៅយកលុយ ៤០០០ដុល្លារ បានអត់ថ្ងៃសៅរ៍នេះ?
អត្ថបទទាក់ទង