សង្វៀន ONE Championship កំពុងទទួលបានការគាំទ្រនៅទ្វីបអាស៊ី, ទ្វីបអាមេរិក និង ពិភពលោកនាពេលបច្ចុប្បន្ន។ ក្នុងនោះអ្នកលេងគុនខ្មែរ គង់ សំបូរ មក ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប បានបង្ហើបថា ONE ជាសង្វៀនធំបំផុត និងមានមោទនភាពក្រៃលែងដែលបានឡើងប្រកួតលើសង្វៀនលំដាប់ពិភពលោកមួយនេះ។ មួយទៀត វាជាទីដែលកីឡាករខ្មែរអភិវឌ្ឍខ្លួន ព្រោះសម្បូរដោយគូប្រកួតកម្រិតកំពូលជាច្រើនដែលត្រូវតែរៀនសូត្រតាម។

គង់ សំបូរ ថ្លែងថា៖ «ក្នុងជីវិតខ្ញុំលើកទី១ហើយដែលបានជាន់រេញលំដាប់ពិភពលោក ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ហើយ ONE ជាសង្វៀនធំបំផុតសម្រាប់កីឡាករខ្មែរយើងដែរ និង ជួយឲ្យកីឡាករយើងរួមទាំង ខ្ញុំអភិវឌ្ឍខ្លួនកាន់តែល្អ។ បើកីឡាករខ្មែរយើងបានឡើងប្រកួត Kickboxing កាន់តែច្រើន នោះរីកចម្រើនជាងមុន ព្រោះកីឡាករកំពូល ៗប្រមូលផ្ដុំនៅសង្វៀននេះ»។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះទើបឡើងសង្វៀន ONE តែម្ដងគត់ពេលចាញ់កីឡាករចិន Zhang Chenlong កាលខែកុម្ភៈ ឆ្នំា ២០១៩ កន្លងទៅ ប៉ុន្តែ រូបគេខិតខំប្រឹងហ្វឹកហាត់ទ្វេដងក្រោមការបង្វឹករបស់លោក ជា រិទ្ធ។ បច្ចុប្បន្ននេះ សំបូរ ទទួលស្គាល់ថាកម្លាំងរបស់ខ្លួនល្អជាងមុនឆ្ងាយ។ ប៉ុន្តែអ្វីគួរសោកស្ដាយកីឡាករមកពីខេត្តសៀមរាបរូបនេះចាញ់កីឡាករថៃកាលដើម ខែ សីហា កន្លង ទៅដោយសារវ៉ៃចង់ឈ្នះពេក ហើយសម្រុកចូលបុកកីឡាករថៃតាំងពីរដើមទឹក ប៉ុន្តែភ្លាត់ស្នៀតត្រូវកីឡាករ រិទ្ធីដេត ទាត់ចំកញ្ចឹងកឆ្វេងបណ្ដាលឲ្យសន្លប់។

សំបូរ សង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថាខ្ញុំអាចឡើងសង្វៀន ONE ម្ដងទៀតនៅថ្ងៃណាមួយ។ កន្លងទៅ ខ្ញុំទទួលរងការរិះគន់ច្រើនថាពីមុនខ្ញុំវ៉ៃដកថយ មិនចូល…វ៉ៃរត់ជាដើម។ តែពេលនេះខ្ញុំបានកែប្រែជំហរដើម្បីប្រកួត និង បុកចូល គឺ ដើរចូលវ៉ៃតែម្ដង និងផ្លាស់ប្ដូរតិកនិកជាច្រើន។ ខ្ញុំកែប្រែពាក្យរិះគន់ដើម្បីធ្វើឲ្យល្អប្រសើរឡើង»។ អតីតកូនសិស្សនៅក្លិបការពារជាតិសង្កត់ធ្ងន់ទៀតបែបនេះ៖«ពេលខ្ញុំវ៉ៃនៅ ONE ខ្ញុំថយមែន ប៉ុន្តែឥឡូវខ្ញុំលែងបែបហ្នឹងទៀតហើយ។ គ្រូរបស់ខ្ញុំប្រាប់ថា បើយើងដាក់ចិត្តវ៉ៃ កុំខ្លាច គឺ វ៉ៃឲ្យល្អមើលទោះ សន្លប់ក៏សន្លប់ទៅ បើចាញ់ក៏ចាញ់ទៅ។ នេះជាចំណុចដែលខ្ញុំរីកចម្រើនខ្លាំងខាងស្មារតី ហើយខ្ញុំចង់ឲ្យ ONE ឃើញខ្ញុំវ៉ៃល្អមើល។ ខ្ញុំសង្ឃឹមថា គេនឹងហៅខ្ញុំម្ដងទៀត»។

«គង់ សំបូរ ឥឡូវហ្វឹកហាត់ខ្លាំង និង ខំណាស់ ព្រោះខ្ញុំតែងតែលើកទឹកចិត្តគេច្រើន។ វាពិតជាសំខាន់ណាស់សម្រាប់ការលើកទឹកចិត្ត។ ពីផ្សេងដែល គង់ សំបូរ វ៉ៃថយ ប៉ុន្តែឥឡូវខ្ញុំបានកែច្រើន និងល្អជាងមុនជាពិសេសក្បាច់មួយពីរ និងបម្លាស់ទី»។ នេះជាការបង្ហើបឲ្យដឹងពីសំណាក់ គ្រូបង្វឹក ជា រិទ្ធ។

គ្រូបង្វឹកដដែលរៀបរាប់ថា តាំងពីប្រកួតនៅ ONE មក សំបូរ ហាក់បើកភ្នែកភ្លឺតែម្ដង និង មានការតាំងចិត្តកាន់តែខ្លាំងឡើងព្រោះវាជាសង្វៀនធំ និង សមត្ថភាពគូប្រកួតសុទ្ធតែខ្លាំងៗ។ លោកផ្ដល់គំនិតដល់កូនសិស្សយ៉ាងដូច្នេះ ៖«សំបូរ កែប្រែតាមខ្ញុំច្រើន អត់មានត្រូវដកថយទេពេលប្រកួត គឺ វ៉ៃល្អមើល។ ក្នុងនោះ ខ្ញុំបានស្រាវជ្រាវក្បាច់ថ្មីៗសម្រាប់ សំបូរ ដើម្បីឲ្យមានបច្ចេកទេសវ៉ៃថ្មីៗមិននៅដដែល»។

សង្វៀនកម្រិតពិភពលោក ONE ធ្វើឲ្យកីឡាករខ្មែរជាច្រើនខកចិត្តក្នុងការប្រកួត Kickboxing ដោយមិនទាន់ស្គាល់ពាក្យឈ្នះទេក្នុងការប្រកួតកន្លងមក។ គង់ សំបូរ ចាញ់កីឡាករចិន Zhang Chenlong, សុខ ធី ទៅប្រកួត ៣ ដងចាញ់ទាំង៣ដង និង ឡៅ ចិត្រា ក៏ចាញ់ Superlek ដូចគ្នា។ ការទៅប្រកួតលើសង្វៀនអន្តរជាតិបែបនេះ ទើបធ្វើឲ្យកីឡាករទទួលស្គាល់ចំណុចខ្សោយ និង ហ្វឹកហាត់បន្ថែមទៀតដើម្បីធ្វើឲ្យខ្លួនឯងរីកចម្រើន។

គួរដឹងដែរថា គង់ សំបូរ ជាអតីតកីឡាករប្រដាល់នៅក្លិបក្រសួងការពារជាតិ។ បន្ទាប់មកទៀត រូបគេបានសម្រាកពីប្រដាល់មួយរយៈ មុនទៅហ្វឹកហាត់ជាមួយជាមួយគ្រូ ជា រិទ្ធ ប្រហែលរយៈពេល ២ ឆ្នាំមកនេះ។ គង់ សំបូរ ជាម្ចាស់ពាននៅកម្មវិធីខ្មែរ Khmer Fight បន្ទាប់ពី ឈ្នះ ពុយ វណ្ណៈដោយពិន្ទុ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលខែមេសា ឆ្នាំ ២០១៩។
សូមទស្សនាការផ្សាយផ្ទាល់ពីសង្វៀន ONE: DREAMS OF GOLD ពីប្រទេសថៃល្ងាចថ្ងៃទី ១៦ សីហា ចាប់ពីម៉ោង ៥:៣០ ល្ងាចតទៅតាមរយៈផេក https://www.facebook.com/ONEChampionship/ និង YouTube: https://www.youtube.com/user/OneFCMMA ៕

អត្ថបទ៖ ស៊ីធី