ខ្សែជីវិតរបស់ ចាន់ សំអាត ច្បាស់ជាមានអ្នកគាំទ្រជាច្រើនមិននឹកស្មានដល់។ ចាន់ សំអាតបានកែប្រែខ្លួនពីក្មេងធ្លាប់ជក់គ្រឿងញៀនជោកជាំ និង ជាក្មេងជើងកាង ទៅជាកីឡាករគុនចម្រុះនិងប្រដាល់គុនខ្មែរដ៏លេចធ្លោម្នាក់នៅព្រះរាជាណាចក្រកម្ពុជា។ សំអាត ដែលមានបទពិសោធន៍នៅសង្វៀន ONE ជាច្រើនដងបានគូសបញ្ជាក់ថា៖ «ពេលខ្ញុំអាយុប្រហែល ១៥, ១៦, ១៧ ឆ្នាំ ខ្ញុំវក់នឹងការជក់គ្រឿងញៀនជាមួយមិត្តភ័ក្ដិជាច្រើននៅស្រុកកំណើតនៅអន្លង់វែង។ កាលហ្នឹង ខ្ញុំបានឈប់រៀន ។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៧។ មិនត្រឹមតែប៉ុណ្ណឹង ខ្ញុំដើរប៉ោឡែ ជើងកាងនៅភូមិទៀតផង»។

ការបណ្ដោយខ្លួនមួយខ្យល់បែបនេះក្រោយឳពុកទទួលមរណភាពអំឡុងឆ្នាំ ២០០២ និងបន្សល់ទុកម្ដាយនិងបងប្អូនប្រុសស្រី ៣នាក់គ្មានទីពឹងដូចមុន។ សំអាត បានក្លាយជាក្មេងដើរលេងគ្មានគោលដៅ បន្ទាប់ពីឈប់រៀន។ យ៉ាងណាក្ដី មិត្តភ័ក្ដិដែលធ្លាប់សេពគប់ជាមួយគ្នាពីមុន គឺ ផ្ដាច់អស់ហើយនាពេលបច្ចុប្បន្ននេះ។ កីឡាករវ័យ២៦ឆ្នាំរូបនេះតែងតែអប់រំអ្នកស្គាល់គ្នា ឬ អ្នកជំនាន់ក្រោយមិនឲ្យប៉ះពាល់ គ្រឿងញៀនព្រោះជាអំពើខុសច្បាប់ និង នាំឲ្យខូចខ្លួនទៀតផង។

បុរសមកពីស្រុកអន្លង់វែងរំលឹកថា៖ «ពេលខ្ញុំចូលហាត់ប្រដាល់អំឡុងឆ្នាំ ២០០៨ ក៏មិនទាន់ដាច់ទាំងស្រុងដែរ តែនៅជក់យូរៗម្ដង។ រហូតបន្តបន្ទាប់មកទៀត ទើបផ្ដាច់បានរហូតដល់បច្ចុប្បន្ន ហើយលែងគិតអំពីវាទៀត និង នៅឆ្ងាយពីវា ពេលខ្ញុំជួបអ្នកល្អៗនៅជុំវិញខ្លួន។ ពីមុនខ្ញុំក៏ជក់បារីខ្លាំងដែរ។ តែឥឡូវផ្ដាច់បានអស់ហើយ។ ប៉ុន្តែខ្ញុំអត់សូវចេះផឹកស្រាទេ»។ សំអាត គូសបញ្ជាក់ថា៖«ការផ្ដាច់រឿងអបាយមុខនេះអាស្រ័យលើចិត្តយើងដែរ។ ទាល់តែយើងខំកាត់វា ហើយគិតថាអត់ប្រយោជន៍ទើប ផ្ដាច់បាន»។

អតីតកូនសិស្សក្លិបកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ ត្រូវបានគេលើកសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកស្គាល់ថាអាចផ្ដាច់អំពើខុសឆ្គងក្នុងសង្គម, អំពើខុសច្បាប់ និង អំពើសង្គមស្អប់ខ្ពើមអស់ទាំងនេះបាន។ ចាន់ សំអាត ដែលយកត្រកូលតាមរៀមច្បង ខុន ស៊ីចាន់ បានសង្កត់ធ្ងន់ថា៖«បើសិនជក់គ្រឿងញៀន ឬ ថ្នាំញៀនទៅវាឆ្លាត, ពូកែ, ក្លាយជាមនុស្សល្អ នោះយើងជាអ្នកក្រច្បាស់ជាជក់អត់ទាន់អ្នកមានទេ»។

គួរដឹងថា ចាន់ សំអាត ជាម្ចាស់ខ្សែក្រវាត់កីឡាគុនចម្រុះវ៉ៃដាក់ទ្រុងវគ្គ៣ ឬហៅថា Khmer Warrior Challenge រៀបចំដោយស្ថានីយទូរទស្សន៍ ស៊ីធីអិន និង MyTV កាលឆ្នាំ ២០១៤។ មុនឈ្នះខ្សែក្រវាត់ សំអាតជាកីឡាករចូលប្រមូលផ្ដុំនិងប្រកួតក្នុងនាមកីឡាករជំនួសតែប៉ុណ្ណោះ។ ចាន់ សំអាត មានឈ្មោះដើម ធាន អាត មុនប្ដូរយកត្រកូលតាម ខុន ស៊ីចាន់ អំឡុងឆ្នាំ ២០០៨ ពេលចូលហាត់ប្រដាល់។ សំអាត ឡើងប្រកួតនៅសង្វៀនអន្តរជាតិ ONE ជាហូរហែ បន្ទាប់ពីបន្តចូលហ្វឹកហាត់នៅ Cambodian Top Team តាំងពីឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្នជាមួយលោក ហ៊ុន ច័ន្ទរាជ្យ៕

សូមទស្សនាការផ្សាយផ្ទាល់គ្រប់ការប្រកួតរបស់សង្វៀន ONE Championship តាមរយៈ https://www.facebook.com/ONEChampionship/ , និង YouTube: https://www.youtube.com/user/OneFCMMA

អត្ថបទ៖ ស៊ីធី