ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា និងប្រតិភូ នឹងធ្វើដំណើរ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញ នៅរសៀលម៉ោង ២:៥៥ ថ្ងៃពុធនេះ បន្ទាប់ពីពួកគេ បានបញ្ចប់បេសកកម្ម នៅក្នុងការប្រកួតពានរង្វាន់ AFF Women’s Championship 2019 ជាមួយលទ្ធផលចាញ់គ្រប់ការប្រកួតនោះ។
សម្រាប់ការប្រកួត ដែលធ្វើនៅប្រទេសថៃនោះ ក្រុមកីឡាការិនីកម្ពុជា បានចាញ់ទាំង៣ប្រកួត សម្រាប់ការប្រកួតជម្រុះក្នុងពូលB ដោយក្នុងនោះពួកគេ បានចាញ់ក្រុមកីឡាការិនីជម្រើសជាតិវៀតណាម រហូតដល់ ១០-០ ក្នុងការប្រកួតបើកឆាក កាលពីថ្ងៃទី១៦ ខែសីហា និងបានបន្តចាញ់ក្រុមមីយ៉ាន់ម៉ា ១០-១ ក្នុងការប្រកួតជើងទី២ កាលពីថ្ងៃទី១៨ ខែសីហា កន្លងមកនេះ។
ចំណែកការប្រកួតបង្រ្គប់កិច្ច ជាមួយក្រុមនារីឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា បានចាញ់ ៤-០ មុនពេលក្រុមទាំង២នេះ បានធ្លាក់ចេញពីការប្រកួតនេះ។ ចំណែកក្រុមវៀតណាម ទទួលបានលេខ១ប្រចាំពូលនេះ ដោយឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុពេញ ហើយក្រុមមីយ៉ាន់ម៉ា ឈរនៅលេខ២ ដោយឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ។
យោងតាមលទ្ធផលនេះ ក្រុមវៀតណាម និងមីយ៉ាន់ម៉ា ត្រូវដៃគ្នាឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលពួកគេអាចនឹងត្រូវជួបក្រុមនារីថៃ និងហ្វីលីពីន ព្រោះគិតត្រឹមពេលនេះ ថៃ និងហ្វីលីពីន បានឈ្នះទាំង២ប្រកួត នឹងមាន៦ពិន្ទុស្មើគ្នា ឯក្រុមនារីម៉ាឡេស៊ី មាន៣ពិន្ទុ ដោយឈ្នះ១ ចាញ់១ ហើយក្រុមនារីទីម័រខាងកើត បានឈ្នះ១ ចាញ់២ មាន៣ពិន្ទុដែរ ខណៈក្រុមនារីសិង្ហបុរី បានចាញ់ទាំង៣ប្រកួត នឹងនៅសល់ត្រឹមការប្រកួតបង្រ្គប់កិច្ច១លើកទៀតប៉ុណ្ណោះ៕
ក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវវិលវិញ រសៀលនេះ ក្រោយចាញ់គ្រប់ការប្រកួត ក្នុងពាន AFF Women’s Championship
អត្ថបទទាក់ទង