ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររបស់អតីតកីឡាករជើងខ្លាំងគ្មានគូប្រៀបប្រចាំនៅស្រុកខ្មែរ អេ ភូថង រហូតត្រូវបានបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត នោះ ត្រូវបានគ្រូពេទ្យបង្ហើបឲ្យដឹងថា អាចផ្តើមចេញពីជំងឺបាក់ទឹកចិត្ត ទើបធ្វើឲ្យ អេ ភូថង ធ្លាក់ខ្លួនឈឺភ្លាមៗ ក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះ។

ទាក់ទងនឹងស្ថានភាពជំងឺរបស់ អេ ភូថង នេះ លោក ជឹម ផល្លា គ្រូពេទ្យកីឡាប្រចាំក្រុមកីឡាជម្រើសជាតិ បានប្រាប់កាសែតក្នុងស្រុកមួយថា៖ «ស្ថានភាពជំងឺរបស់ អេ ភូថង គឺពីដំបូងខ្សោយកម្លាំង, ឡើងអាស៊ីត លើសខ្លាញ់ និងបេះដូងដើរញាប់ខុសធម្មតា ហើយបញ្ហាសំខាន់របស់គាត់ អាចមានបញ្ហាគិតច្រើន គឺមានការលំបាកផ្លូវចិត្ត ព្រោះថាជំងឺមួយចំនួន មិនមែនបណ្តាលមកពីរាងកាយតែមួយផ្នែកនោះទេ ប៉ុន្តែបញ្ហាផ្លូវចិត្ត គឺជាមូលហេតុសំខាន់មួយ ដែលបណ្តាលឲ្យសភាពជំងឺទៅជាធ្ងន់ទៅៗបានផងដែរ»។

ចំណែកគ្រូពេទ្យ មួយរូបនៅមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់ដោយសុំមិនបញ្ចេញឈ្មោះ ថា៖«លោក អេ ភូថង អាចនឹងបញ្ជូនចេញពីសង្គ្រោះបន្ទាន់ ទៅផ្នែកប្រព័ន្ធប្រាសាទ ដើម្បីបន្តព្យាបាល ហើយប្រភេទជំងឺរបស់គាត់ គឺទាក់ទងច្រើនទៅលើផ្លូវចិត្ត និងគិតច្រើន ហើយបញ្ហាប៉ះទង្គិចធ្ងន់ធ្ងរ ដែលលោកធ្លាប់នៅជាកីឡាករច្រើនឆ្នាំកន្លងមក ក៏ជាមូលហេតុ ដែលត្រូវតាមដានផងដែរ»។

គួររំឭកថា អេ ភូថង ដែលជាគ្រូជម្រើសជាតិគុនខ្មែរ ផងនោះ បានទទួលរងការចោទប្រកាន់ពីសិស្សរបស់ខ្លួន គឺ អេ រដ្ឋា កាលពីពេលថ្មីៗនេះ លើរឿងបាត់លុយជំនួសរបស់សប្បុរសជន និងលុយសំណងពីម្ចាស់ឡាន ដែលបានបុកគ្នាក្នុងគ្រោះថ្នាក់ចរាចណ៍ កាលពីឆ្នាំមុន បណ្តាលឲ្យ អេ រដ្ឋា ធ្លាក់ខ្លួនពិការ ហើយបញ្ហានេះខាងភាគី អេ ភូថង បានប្រកែក និងចោទគ្នាទៅវិញទៅមក។

យ៉ាងណាក៏ដោយ តាមប្រភពច្បាស់ពីភាគី អេ រដ្ឋា បានទម្លាយពីបញ្ហាវិវាទនេះ កាលពីសប្តាហ៍មុនថា ខាងភាគី អេ ភូថង បានសម្របសម្រួលសុំឲ្យបញ្ចប់ជម្លោះ ដោយគាត់សុំសងប្រាក់៥០០០ដុល្លារ តែភាគី អេ រដ្ឋា ទាមទារប្រាក់២០០០០ដុល្លារ ហើយក្រោយមក អេ ភូថង ក៏បានធ្លាក់ខ្លួនឈឺធ្ងន់តែម្តង។

ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់កាសែតក្នុងស្រុកមួយ កាលពីថ្ងៃអង្គារថា៖ «ខ្ញុំកំពុងយកចិត្តទុកដាក់ឲ្យភាគី អេ ភូថង និងភាគី អេ រដ្ឋា ឈប់ចោទគ្នា និងប្រកែកគ្នា គឺសម្របសម្រួលគ្នាទៅ ហើយបើ អេ ភូថង សប្បាយចិត្តធម្មតាវិញ គឺជំងឺក៏អាចធូរស្បើយបានដែរ»។

បើតាមអ្នកស្រី សាំង សុម៉ាលី ដែលជាភរិយាលោក អេ ភូថង និងជាអ្នកមើលថែអ្នកជំងឺដោយផ្ទាល់ បានឲ្យដឹងថា ប្តីរបស់អ្នកស្រី បានចូលពេទ្យភ្លាមៗផ្នែកសង្គ្រោះបន្ទាន់ តាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយគាត់មានអាការៈពីដំបូងអស់កម្លាំង,ស្ងួតបំពង់ក ទន់ដៃជើង និងបិទភ្នែកដេកតែម្តង ហើយបើតាមប្រភពច្បាស់ការចុងក្រោយបានប្រាប់ថា គិតមកដល់ពេលនេះ អេ ភូថង ត្រូវបានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាន់ ទៅផ្នែកប្រព័ន្ធប្រាសាទហើយ ដើម្បីព្យាបាលបន្ត៕