កំពូលកីឡាការិនីថៃ Stamp Fairtex គ្រប់គ្រងការប្រកួតយ៉ាងល្អ និង បញ្ចប់គូប្រជែង Asha Roka ឲ្យចុះចាញ់លើកដំបូងក្នុងការប្រកួតគុនចម្រុះនៅសង្វៀន ONE: DREAMS OF GOLD កាលថ្ងៃសុក្រទី ១៦ ខែ សីហា ឆ្នាំ២០១៩ កន្លងទៅនាទីក្រុងបាងកក។ ម្ចាស់ខ្សែក្រវាត់ពីរលំដាប់ពិភពលោក ONE World Champion បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ពេលផ្ដួលកីឡាការិនីជើងខ្លាំងឥណ្ឌាទៅក្ដាររេញ និង ឃ្លេយកឈ្នះតែម្ដង។

«ពេលចាប់ផ្ដើមប្រកួត ខ្ញុំគិតថាត្រូវប្រកួតក្នុងជំហរឈរ ប៉ុន្តែខ្ញុំចង់បង្ហាញឲ្យគ្រូបង្វឹករបស់ខ្ញុំ និង អ្នកគាំទ្រចំពោះអ្វីដែលខ្ញុំបានហ្វឹកហាត់កន្លងមក។ ខ្ញុំចាប់បោក Roka ទៅក្ដាររេញ ខ្ញុំមានទំនុកចិត្ត។ បើសិនប្រកួតក្នុងជំហរឈរក៏មិនអី ប៉ុន្តែមិនអាចធ្វើឲ្យដៃគូសន្លប់បានទេ»។ Stamp Fairtex រំលឹកបែបនេះ។ កីឡាការិនីវ័យ ២១ឆ្នាំមកពី Pattaya បានគ្រប់គ្រងលើគូប្រកួតយ៉ាងល្អតាមរយៈប្រើក្បាច់ចំបាប់ និង សឹងតែអាចបញ្ចប់ដៃគូត្រឹមទឹកទី១ដោយឃ្លេដៃទៀតផង។ កីឡាការិនីថៃរូបនេះប្រើក្បាច់គាបបានល្អនៅទឹកទី២ រហូតធ្វើឲ្យកីឡាការិនិឥណ្ឌាចុះចាញ់និងរើលែងរួច។

វីដេអូ ការប្រកួតរវាង Stamp និង Roka៖

Stamp ដាក់ក្ដីសង្ឃឹមថានឹងធ្វើបានល្អទៀតក្នុងការប្រកួតគុនចម្រុះលើកក្រោយហើយសប្បាយចិត្តចំពោះអ្វីដែលបានធ្វើកន្លងមកនេះ។ Stamp បញ្ជាក់ថា ៖«វាជាការប្រកួតលើកដំបូងដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ខ្ញុំសប្បាយចិត្តចំពោះការប្រកួតរបស់ខ្ញុំ និង បទពិសោធន៍ដែលខ្ញុំទទួលបានពីការប្រកួតនេះ។ ខ្ញុំពិតជារីករាយដែលវ៉ៃគូប្រកួតឲ្យចុះចាញ់។ ខ្ញុំសឹងតែមិនជឿ។ វាធ្វើឲ្យខ្ញុំមានមោទនភាព។ ខ្ញុំនឹងរៀនក្បាច់ថ្មីបន្ថែមទៀតក្នុងការប៉ុនប៉ងផ្ដួលគូប្រកួតដោយប្រើក្បាច់ផ្សេងគ្នា»។

«យើងត្រូវតែដើរទៅមុខ ខ្ញុំត្រូវតែធ្វើការខ្លាំងជាងមុន លើការប្រកួតក្នុងជំហរដេក។ ជំហរឈររបស់ខ្ញុំគឺពូកែរួចទៅហើយ។ ក្រោយការប្រកួត ខ្ញុំបានទៅសួរគ្រួរបស់ខ្ញុំដើម្បីធ្វើឲ្យប្រសើរឡើងលើបច្ចេកទេសមួយចំនួន»។ កីឡាការិនីវ័យ២១ឆ្នាំបញ្ជាក់បែបនេះ។ កីឡាការិនីមកពីខេត្ត Rayong សម្ដែងភាពសប្បាយរីករាយចំពោះការប្រកួតរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ទោះជាទទួលជ័យជម្នះ Stamp បន្តខំប្រឹងឥតឈប់ឈរដើម្បីបង្ហាញខ្លួនក្នុងពិភពគុនចម្រុះលំដាប់ពិភពលោកនៅថ្ងៃអនាគត។

ម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកពន្យល់ទៀតថា ៖«ការប្រកួតនេះ គឺ ខុសប្លែកគ្នា។ ជាធម្មតាខ្ញុំអន្ទះសាណាស់ មុនពេលប្រកួត។ ប៉ុន្តែពេលនេះ ខ្ញុំមានអារម្មណ៍ល្អជាងមុន និង មានអារម្មណ៍ធូរស្រាល។ ខ្ញុំគិតថា ខ្ញុំសុំាទៅនឹងការប្រកួតនៅសង្វៀន ONE។ មុនពេលទៅប្រកួត ខ្ញុំទទួលបានការហ្វឹកហាត់ល្អ។ ហើយការប្រកួតទៀតសោតគឺដូចអ្វីដែលខ្ញុំហាត់អីចឹង»។

កីឡាការិនីរូបនេះបង្ហាញឲ្យមិត្តរួមក្រុមមានមោទនភាព និង ប្រាប់ឲ្យអ្នកនៅជុំវិញខ្លួនរួមទាំងអ្នកគាំទ្រថាគេមានការអភិវឌ្ឍន៍ខ្លួនកាន់តែល្អ។ Stamp ជាកីឡាការិនីដែលបញ្ចប់គូប្រកួតដ៏គួរឲ្យគ្រោះថ្នាក់ម្នាក់។ ម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Title សន្យាថានឹងធ្វើការងារឲ្យខ្លាំងទ្វេដងក្នុងគោលដៅប្រកួតក្នុងគុនចម្រុះលំដាប់ពិភពលោកទៅថ្ងៃមុខ។ យ៉ាងណាក្ដី Stamp នៅមានការងារការពារខ្សែក្រវាត់ Muay Thai ឬ kickboxing របស់ខ្លួនបើសិនមានការប្រកួតបន្ទាប់។

Stamp សង្កត់ធ្ងន់ថា៖«ខ្ញុំគិតថា ខ្ញុំត្រូវការប្រកួតក្នុងពិភពគុនចម្រុះ ៥ ឬ ៦ លើកទៀត មុនពេលការប្រកួតខ្សែក្រវាត់ពិភពលោក World Title។ ខ្ញុំត្រូវធ្វើការច្រើន ហើយ ខ្ញុំមិនប្រញាប់ពេកទេ។ ខ្ញុំរីករាយនឹងប្រកួត រៀនពីការប្រកួត និង ទទួលបទពិសោធន៍ពីគូប្រកួត»។ Stamp Fairtex កំពុងតែត្រៀមខ្លួនដើម្បីទទួលគូប្រកួតគុនចម្រុះថ្មីៗបន្តនៅសង្វៀន ONE Championship នាថ្ងៃដ៏ខ្លីខាងមុខ ហើយគេក៏កំពុងផ្ដោតលើការហ្វឹកហាត់ក្បាច់គុនចម្រុះឲ្យបានច្រើនជាងមុនដែរ។
សូមទស្សនាការផ្សាយផ្ទាល់គ្រប់ការប្រកួតរបស់សង្វៀន ONE Championship តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕
អត្ថបទ៖ ស៊ីធី