កីឡាករ​ប្រដាល់​ល្បីឈ្មោះ​លោក អេ ភូ​ថង និង​លោក កែវ រំ​ចង់ បាន​ប៉ះ​គ្នា​ក្នុង​ភាពយន្ត​ថ្មី​មួយ​គឺ​រឿង «​បំណុល​ឈាម​អ្នក​ប្រយុទ្ធ​» ។ រឿង​នេះ​ផង​ដែរ លោក អេ ភូ​ថង សម្តែង​ជា​តួ​ឪពុក​របស់​តួឯក​ប្រុស និង​លោក កែវ រំ​ចង់ សម្តែង​ជា​តួ​ចិត្តអាក្រក់ គឺ​មាន​សាច់​រឿង​បែប​វាយតប់​តាម​ក្បាច់​គុណ​ល្បុក្កតោ​ខ្មែរ ។

លោក ស៊ុម ភា​រិ​ន ដែល​ជា​ផលិតករ​បានឱ្យ​ដឹង​ថា ដោយសារ​តែ​លោក​ចង់​ផ្លាស់​ប្ដូរ​រសជាតិ​សម្រាប់​ទស្សនិកជន ដោយ​ភាគច្រើន​មាន​តែ​រឿង​កំប្លែង ខ្មោច និង​ស្នេហា​ជាដើម ទើប​លោក​សម្រេចចិត្ត​ផលិត​ស្នាដៃ​នេះ​ឡើង​មក ។

លោក​បាន​បញ្ជាក់​ថា ដោយសារ​កត្តា​រសជាតិ​នៃ​សាច់​រឿង​នេះ​ហើយ​ទើប​ខ្ញុំ ចំណាយពេល​ច្រើន​មក​ផលិត​ស្នាដៃ​មួយ​នេះ ដើម្បី​កុំឱ្យ​ទស្សនិកជន​ខ្មែរ​គាត់​គិត​ថា កុន​ខ្មែរ​គ្មាន​រសជាតិ​អ្វី​ក្រៅ​តែ​ពី ខ្មោច និង​កំប្លែង ។

ផលិតករ​រូប​នេះ​បន្ត​ថា រឿង​នេះ​មិន​ត្រឹមតែ​ជា​សាច់​រៀង​ថ្មី​ប្លែក​សម្រាប់​ទស្សនិកជន​ដែល​និយាយ​ពី​សម័យ​បុរាណកាល​របស់​កម្ពុជា​នោះ​ទេ ក៏​ប៉ុន្តែ​រឿង​នេះ​ថែម​ទាំង​ជួយ​លើកកម្ពស់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ផង​ដែរ ។ ក្នុង​នោះ​មាន​តួអង្គ​ម្នាក់​ជា​គ្រូ​ល្បុក្កតោ​គឺ​លោក ឆ​ន ចាន់​វី​រៈ ក៏​បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​មួយ​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង