គ្រូបង្វឹកក្រុមណាហ្គាវើល លោក មាស ចាន់ណា បានផ្ទះកំហឹងទៅនឹងក្រុមអាជ្ញាកណ្តាល ដែលបានដឹកនាំការប្រកួត ពេលក្រុមរបស់លោក បានចាញ់ក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ១-០ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ដែលធ្វើឲ្យ ណាហ្គាវើល ធ្លាក់ចេញពីលេខ២ មកឈរនៅលេខ៣ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩វិញ។

ជាមួយលទ្ធផលដ៏គួរឲ្យខកចិត្តនេះ លោក មាស ចាន់ណា បានចាត់ទុកកញ្ចែរបស់អាជ្ញាកណ្តាលថា ខ្លាំងជាងអាវុធនុយក្លេអ៊ែរ និងបានចាត់ទុករបាយការណ៍របស់ក្រុមអាជ្ញាកណ្តាលដដែលនេះថា មានភាពមុតស្រួចជាងដាវសាំម៉ូរ៉ៃរបស់ជប៉ុនផងដែរ។ លោកបានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន កាលពីរសៀលថ្ងៃអាទិត្យនេះថា៖ «កញ្ចែរបស់អស់លោក ខ្លាំងជាងអាវុធនុយក្លេអ៊ែរទៅទៀត ហើយបើរបាយការណ៍របស់អស់លោកវិញមុតស្រួចជាងដាវសាំម៉ូរ៉ៃជប៉ុនទៅទៀត»។

លោក មាស ចាន់ណា បានសរសេរបញ្ជាក់បន្ថែមថា៖ «លោក(អាជ្ញាកណ្តាល)ចង់ឲ្យឈ្នះ គឺឈ្នះ លោកចង់ឲ្យចាញ់ គឺចាញ់ ហើយបើការសម្រេចរបស់អស់លោកបែបនេះ ខ្ញុំមិនចាំបាច់រៀបចំការបង្ហាត់ កាត់តនិងវិភាគ Video ដល់ម៉ោង១ម៉ោង២ភ្លឺនាំតែឈឺក្បាលធ្វើអី ចាំតែដល់ថ្ងៃលេង គឺទៅលេងតែម្តងទៅ។ ខ្ញុំហត់ជាមួយអស់លោកណាស់ ម្តងៗចង់តែដើរចេញទេ»។

សម្រាប់ការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាប កាលពីថ្ងៃអាទិត្យនោះ ខ្សែប្រយុទ្ធពាក់លេខ២០ Ramos Alixis Damian ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះឲ្យក្រុមអង្គរថាយហ្គឺរ នៅនាទីទី៥១។ ការឈ្នះ ១-០ នេះ វាបានលុបចោលការចាញ់ណាហ្គាវើល ៤-០ កាលពីជើងទី១ និងបានជួយឲ្យអង្គរថាយហ្គឺរ ឡើងទៅឈរនៅលេខ៤វិញ ប៉ុន្តែជ័យជម្នះរបស់ពួកគេ បានទម្លាក់ណាហ្គាវើល ពីលេខ២ មកឈរនៅលេខ៣វិញ ហើយក៏បានរុញ បឹងកេត ពីលេខ៤ មកឈរនៅលេខ៥វិញផងដែរ៕