កីឡាករ ប៉ាល់ ជីវ័ន បានក្លាយជាបុគ្គលដំបូងគេ ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តឲ្យសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា តាមរយៈការដណ្តើមបានមេដាយមាស ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៩ នៅប្រទេសប៊ុលហ្គារី កាលពីម្សិលមិញ។

កីឡាករដ៏ឆ្នើម និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF ប៉ាល់ ជីវ័ន បានឈ្នះមេដាយមាស នៅលើការប្រកួតសម្តែងមេគុនខ្សែក្រវាត់ខ្មៅ៥ដាន់ ហើយនេះជាជ័យជម្នះដ៏ធំបំផុត ដែលក្រុមតេក្វាន់ដូ ITFកម្ពុជា មិនធ្លាប់ធ្វើបាន កន្លងមកនោះទេ។

ការឈ្នះមេដាយមាស ជាលើកដំបូងរបស់ ប៉ាល់ ជីវ័ន នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៩ នៅប្រទេសប៊ុលហ្គារី នេះ ត្រូវបានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា និងអ្នកគាំទ្រនៅកម្ពុជា ចាត់ទុកថា «ជាការបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត» ព្រោះការចូលរួម៦លើកកន្លងមក ក្រុមតេក្វាន់ដូ ITFកម្ពុជា ធ្លាប់ដណ្តើមបានត្រឹមមេដាយប្រាក់ និងមេដាយសំរឹទ្ធប៉ុណ្ណោះ។

ជាមួយគ្នានេះ ការឈ្នះមេដាយមាស នៅក្នុងការប្រកួតបើក World Taekwon-do ITF Championship នៅក្រុង Plodiv ប្រទេសប៊ុលហ្គារី វាបានក្លាយជាកាផ្តល់កម្លាំងចិត្តបន្ថែមទៀត សម្រាប់អត្តពលិកកីឡាតេក្វាន់ដូ ITF ចំនួន១៦នាក់ផ្សេងទៀត ដែលត្រូវប្រកួត នៅលើវិញ្ញាសាផ្សេងៗទៀត ហើយ ប៉ាល់ ជីវ័ន ក៏នឹងត្រូវប្រកួត នៅលើវិញ្ញាសាមួយចំនួនទៀត ផងដែរ៕