Panpayak Jitmuangnon នឹងប្រកួត kickboxing ក្នុងកម្មវិធី ONE: IMMORTAL TRIUMPH នាថ្ងៃសុក្រ ទី៦ ខែ កញ្ញាខាងមុខ នៅលើសង្វៀន Phu Tho Indoor Stadium នាក្រុងហូជីមិញ ប្រទេសវៀតណាម។ គូប្រកួតរបស់អ្នកប្រដាល់វ័យ ២៣ឆ្នាំរូបនេះ គឺកីឡាករជប៉ុន Masahide Kudo។ Panpayak ដែលប្រកួតក្នុងប្រភេទទម្ងន់ flyweight (៦១,២គីឡូក្រាម) ធ្លាប់បានបង្ហាញខ្លួនក្នុងសង្វៀន ONE Championship ម្ដងរួចមកហើយ កាលពីខែធ្នូ ឆ្នាំមុន ដោយបានយកឈ្នះកីឡាករព័រទុយហ្គាល់ Rui Botelho ប៉ុន្តែក្នុងវិញ្ញាសាប្រដាល់ថៃ មិនមែន kickboxing នោះទេ។
Panpayak (ឆ្វេង) ពេលប្រកួតទល់នឹង Betelho (រូបភាព៖ ONE Championship)
អ្នកប្រដាល់ថៃរូបនេះ មានកំណត់ត្រាប្រកួតមិនធម្មតាឡើយ ដោយឈ្នះ ២៤៤ លើក ចាញ់ ៤០ លើក និង ស្មើ ៣ លើក។ បុរសមកពីខេត្ត Samut Prakan ជឿជាក់ថាអាចសម្របខ្លួនពី មួយថៃទៅប្រកួត kickboxing បានល្អ។ «ខ្ញុំពិតជារំភើប។ នេះជាលើកទី១ដែលខ្ញុំប្រកួត kickboxing ប៉ុន្តែខ្ញុំតែងតែគិតរហូត។ យើងរង់ចាំមើលទាំងអស់គ្នា។ ខ្ញុំជាអ្នកប្រកួតដែលមានតិកនិកម្នាក់។ ខ្ញុំគិតថាវាជាការផ្លាស់ប្ដូរងាយស្រួលសម្រាប់ខ្ញុំ។ ខ្ញុំចូលចិត្តប្រើជើងទាត់ និង កណ្ដាប់ស្រាប់ទៅហើយ»។ Panpayak ថ្លែងបែបនេះ។
ចំណែកគូបដិបក្ខសញ្ជាតិជប៉ុន ក៏ជាអ្នកប្រដាល់ជោគជ័យមួយរូបដែរ រួមទាំងទទួលស្គាល់ពីអ្នកគាំទ្រជាច្រើនទៀតផង។ យ៉ាងណាក្ដី ម្ចាស់ខ្សែក្រវាត់ REBELS Muay Thai និង RISE Featherweight Champion ត្រូវស្វែងយល់អំពីចំណុចខ្លាំងរបស់គូប្រកួត។
Masahide Kudo ពេលប្រកួតនៅ ONE កន្លងមក (ចាញ់ Petchdam) (រូបភាព៖ ONE Championship)
សូមបញ្ជាក់ថា Panpayak ធ្លាប់ឈ្នះពានអ្នកប្រដាល់ល្អបំផុតប្រចាំ Sports Writers Association Of Thailand Fighter Of The Year ក្នុងរយៈពេល ៣ឆ្នាំជាប់គ្នាពី ២០១៣ ដល់ ២០១៥។ សូមទស្សនាការផ្សាយផ្ទាល់ ពីសង្វៀន ONE: IMMORTAL TRIUMPH នៅថ្ងៃទី ៦ ខែ កញ្ញា ដែលរៀបចំនៅប្រទេសវៀតណាមចាប់ពីម៉ោង៥:៣០ ល្ងាចតទៅ នៅលើ YouTube និង App របស់ ONE៕
ទស្សនាវីដេអូ Panpayak ឈ្នះ Rui Botelho៖ Credit: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង