អ្នកចាត់ការទូរទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ ហើយខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ជប៉ុនរូបនេះ នឹងចាប់ផ្តើមចូលដឹកនាំការបង្វឹកដល់ក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃចន្ទនេះ ដើម្បីត្រៀមការប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។
បើទោះបីជា Honda ធ្វើដំណើរមកដល់កម្ពុជារាងយឺតបន្តិច ព្រោះក្រុមកម្ពុជា បានប្រមូលផ្តុំ តាំងពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែខ្សែប្រយុទ្ធលំដាប់អន្តរជាតិរូបនេះ បានបញ្ជូនទាំងកីឡាករជម្រើសជាតិរត់ប្រណាំងរបស់ជប៉ុន លោក Shingo Akimoto និងក្រុមអ្នកជំនាញផ្នែកអាហារ មកមុន ហើយពួកគេ ក៏ពុងតែបង្វឹកលើជំនាញនៃការរត់ឲ្យបានលឿន និងប្រាប់ពីរបៀបរបបហូបចុក ធ្វើឲ្យមានផាសុភាព និងមានកម្លាំងមាំមួនផងដែរ។
ជាមួយគ្នានេះ ការមកដល់របស់ Honda វាបានក្លាយជាការលើកទឹកចិត្តពិសេសមួយទៀត ទាំងសម្រាប់អ្នកគាំទ្របាល់ទាត់នៅកម្ពុជា ជាពិសេសក្រុមជម្រើសជាតិកម្ពុជា ក្នុងការបង្កើនការហ្វឹកហាត់ ឲ្យបានកាន់តែខ្លាំង សម្រាប់ត្រៀមស្វាគមន៍ក្រុមជម្រើសជាតិហុងកុង ក្នុងការប្រកួតជម្រុះបើកឆាកប្រចាំពូលC នៃពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។
ជាមួយគ្នានេះ ការប្រជែងគ្នា ដើម្បីជាប់ជាកីឡាករ២៣នាក់ចុងក្រោយ វាកាន់តែធ្វើក្រុមកីឡាករជម្រើសជាតិកម្ពុជា ទាំង៣៥នាក់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់រៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យក្រុមគ្រូបង្វឹក និងថ្នាក់ដឹកនាំពេញចិត្តនឹងសមត្ថភាពរបស់ពួកគេ ហើយយកពួកគេ ជាជម្រើសរើស២៣នាក់ចុងក្រោយ សម្រាប់ត្រៀមការប្រកួតលើកនេះ ខណៈក្រុមជម្រើសជាតិហុងកុង នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចម៉ោង៥:៤៥ ថ្ងៃអង្គារ ខាងមុខនេះ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង