ចំពោះលទ្ធផលជើងខ្លាំងជួរមុខរបស់កម្ពុជា ឡៅ ចន្រ្ទា សន្លប់ក្នុងទឹកទី២ម្សិលមិញនេះ អ្នកគាំទ្រគុនខ្មែរមួយចំនួនលើហ្វេសបុក ហាក់ចម្លែកអារម្មណ៍បន្តិច ព្រោះអ្នកប្រដាល់មកពីឆត្រយោង ៩១១ រូបនេះកម្រចាញ់ការប្រកួតណាស់ ហើយរឹតតែកម្រទៅទៀតរឿងសន្លប់។
រូបភាពលើផេក Sport Zone
សិស្សគុនមកពីក្លឹបឆត្រយោង ៩១១ ឡៅ ចន្រ្ទា ប៉ះ កងថៃឡេន ម្សិលមិញនេះ ការប្រកួតមិនទាន់បានក្ដៅសាច់ផងត្រូវបានបញ្ចប់ត្រឹមទឹក២ទៅហើយ ដោយអ្នកលេងគុនខ្មែរជាអ្នកបរាជ័យ។ អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺខាងលើនេះ អាចចាត់ទុកថាជាកីឡាករដែលប្រយ័ត្នខ្ពស់នៅពេលវ៉ៃម្ដងៗ មិនថាការវ៉ៃកណ្ដាប់ដៃ ឬទាត់នោះទេ គឺ ចន្រ្ទា គេច បាំងជានិច្ច ហើយមិនបណ្ដោយឲ្យគេវ៉ៃសន្ធាប់ឡើយ។ នៅពេលអោបគ្នាម្ដងៗ កូនសិស្សរបស់លោក ហង់ សឿន រូបនេះតែងដាក់មុខឲ្យកៀកនិងមុខដៃគូដើម្បីគេចកែងជានិច្ច។
រូបភាពប្រកួតពីមុនៗ
សម្រាប់ការសន្លប់ម្សិលមិញនេះ គឺដោយសារតែការភ្លាត់ស្នៀតវ៉ៃកែងទៅលើ កង់ថៃឡេន ខុសអស់ជំហរខ្លួនឯង ខណៈដៃគូគេគេចហើយ នៅសល់កែងឆ្វេងក៏វ៉ៃបេះចង្កាហើយត្រូវសន្លប់តែម្ដងក្នុងទឹកទី២។ អ្នកលេងគុនថៃខាងលើនេះ គឺនៅតែបង្ហាញទម្រង់វ៉ៃបានយ៉ាងល្អ គេសម្គាល់ឃើញថាកីឡាកររូបនេះ តែងតែមិននៅស្ងៀមនោះឡើយ ពោលញ៉ាកគ្រប់ពេល ជាហេតុធ្វើឲ្យដៃគូពិបាកក្នុងការវ៉ៃ។ មួយវិញទៀតនោះ ម្សិលមិញនេះអ្នកប្រដាល់ថៃម្នាក់នេះ គឺថយចាំវ៉ៃតែម្ដង ខណៈស្នៀតជង្គង់ ទាត់ កែងគឺប្រើបានគ្រប់ទាំងអស់។
កីឡាករ ឡៅ ចន្រ្ទា ជាអ្នកប្រដាល់ជួរមុខរបស់កម្ពុជា មកពីក្លឹបប្រដាល់ឆត្រយោង ៩១១ កំបូល។ ប្រកួតមិត្តភាពអន្តរជាតិម្សិលមិញនេះគឺចាញ់សន្លប់ទឹក២ ក្រោយថ្វីដៃកីឡាករថៃ កងថៃឡេន នៅសង្វៀន CNC៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង