គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានសម្តែងការមិនសូវពេញចិត្តទៅលើលទ្ធផលនៃការប្រកួត ដែលកម្ពុជា បានត្រឹមស្មើ ១-១ ជាមួយក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែលោកថា ប្រជាជនកម្ពុជាទាំងអស់ គួរតែមានមោទនភាពនូវអ្វីដែលក្រុមកម្ពុជា បានបង្ហាញ កាលពីយប់មិញ។ លោក Felix បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖«ជាមតិរបស់ខ្ញុំ គឺការប្រកួតនេះ យើងមិនទាន់ពេញចិត្តទៅលើលទ្ធផលស្មើគ្នានេះទេ ប៉ុន្តែយើងមិនអន់ចិត្តជាមួយលទ្ធផលនេះដែរ»។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បានបន្ថែមថា៖«ប្រជាជនកម្ពុជាទាំងអស់ គួរតែសប្បាយចិត្ត និងមានមោទនភាព នៅអ្វីដែលកីឡាកររបស់យើងបានបង្ហាញនៅលើទីលាន ក្នុងការប្រកួតនេះ ព្រោះពួកគេ ពិតជាមានភាពក្លាហាន ក្នុងការលេង និងគ្រប់គ្រងបាល់ ហើយយើងតែងតែធ្វើអ្វីបានមុនគេ»។ សម្រាប់ការប្រកួតជម្រុះជុំទី២ ប្រចាំពូលC នៃពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញនោះ ខ្សែប្រយុទ្ធ Tan Chun Lok បានស៊ុតទម្លុះសំណាញ់ទីកម្ពុជាបានមុន ដើម្បីជួយឲ្យក្រុមហុងកុង នាំមុខ ១-០ នៅនាទីទី១៦ ប៉ុន្តែខ្សែប្រយុទ្ធ កែវ សុខផេង បានវាយបនតាមស្មើឲ្យកម្ពុជាវិញ នៅនាទីទី៣៤។
អ្នកគាំទ្ររាប់ម៉ឺននាក់ បានចូលរួមគាំទ្រក្រុមកម្ពុជា ក្នុងការប្រកួត កាលពីយប់មិញនោះ ហើយពួកគេ សុទ្ធតែបានបង្ហាញភាពសប្បាយរីកជាមួយការស្មើក្រុមហុងកុងលើកនេះ ព្រោះលទ្ធផលស្មើ ១-១ នេះវាបានលុបចោលនៅកំណត់ត្រាការចាញ់ក្រុមហុងកុង ៤លើកចុងក្រោយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ជាមួយនឹងការចូលរួមគាំទ្រយ៉ាងច្រើននេះ លោក Felix បាននិយាយថា៖«បើទោះបីជា ក្រុមរបស់គេនាំមុខយើងមុន ១-០ ប៉ុន្តែយើងបានេះព្យាយាមគ្រប់គ្រងបាល់ និងវាយបកដោយក្លាហាន ហើយខ្ញុំក៏សូមអរគុណដល់អ្នកគាំទ្រ ដែលបាននាំគ្នាស្រែកលើកទឹកចិត្តដល់កីឡាករយើង។ បើសិនជាយើងនៅតែទទួលបានការគាំទ្រច្រើនបែបនេះ នោះក្រុមកម្ពុជា នឹងកាន់តែរីកចម្រើនជាងនេះ»។
គួររំឭកថា សម្រាប់ការជួបគ្នា៤លើកចុងក្រោយ ក្រុមកម្ពុជា បានចាញ់ក្រុមហុងកុង ទាំងអស់ គឺចាញ់ ៤-១ ក្នុងពាន AFC Asian Cup នាថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៩៩ រួចបន្តចាញ់ ១-០ ពាន AFC Asian Cup កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងចាញ់ ៤-២ ក្នុងការប្រកួតមិត្តភាព កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅលើទឹកដីហុងកុង មុនចាញ់ ២-០ លើកចុងក្រោយ សម្រាប់ការប្រកួតមិត្តភាព នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ប៉ុន្តែលើកនេះ កម្ពុជា បានវាយបកតាមស្មើ ១-១ ដ៏គួរឲ្យភ្ញាក់ផ្អើល៕
ទស្សនារូបភាពហាយឡាយនៃការប្រកួតកម្ពុជា១-១ហុង កុង
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង