ខ្សែការពារជើងចាស់របស់ក្រុមបឹងកេត និងក្រុមវិសាខា បានបង្ហាញពីភាពជឿជាក់ខុសគ្នា ពេលក្រុមទាំង២នេះ ត្រូវវិលមកជួបគ្នា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦ ថ្ងៃពុធនេះ។ បើទោះបីជា ការប្រកួតនេះ ត្រូវបានគេមើលឃើញថា ក្រុមវិសាខា មានធនធានកីឡាករខ្មែរល្អជាងក្រុមបឹងកេត ប៉ុន្តែខ្សែការពារកណ្តាល ដែលមិនសូវចេះមាត់ការ ហុង ផេង មានការជឿជាក់ថា ក្រុមបឹងកេត អាចនឹងទទួលបានជ័យជម្នះ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ប្រធានក្រុមក្លិបបឹងកេត ហុង ផេង បាននិយាយ ក្នុងសន្និសីទកាសែតថា៖«ពិតណាស់ វិសាខា មានកីឡាករល្អៗច្រើន ដូច្នេះពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះនៅថ្ងៃពុធ។ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទទួលបានជ័យជម្នះ ជូនអ្នកគាំទ្រ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ»។ ជាមួយគ្នានេះ ប្រធានក្រុមក្លិបវិសាខា ទៀង ទីនី ដែលធ្លាប់ជាខ្សែការពារដ៏រឹងមាំរបស់ក្រុមជម្រើសជាតិកម្ពុជា ផងនោះ ហាក់នៅមានភាពមិនប្រាកដ បើទោះបីជា វិសាខា មានតែមជាងបឹងកេត ត្រង់ថា មានកីឡាករជាប់ជម្រើសជាតិ បានច្រើនជាង ក្នុងពេលថ្មីៗនេះក៏ដោយ។
កីឡាករចាស់វស្សា ទៀង ទីនី ប្រធានក្រុមវិសាខា បាននិយាយថា៖«សមាជិករបស់ខ្ញុំមានការលេងជាក្រុម និងសាមគ្គីគ្នា។ យើងមិនហ៊ានសន្មត់ថា យើងនឹងឈ្នះក្នុងការប្រកួតនេះទេ គឺ៥០-៥០ ព្រោះទាល់តែចប់ការប្រកួត ទើបយើងអាចបានដឹងច្បាស់»។ ខ្សែការពារកណ្តាលរូបនេះ បានបន្ថែមថា៖«ទោះក្រុមវិសាខា មានកីឡាករជាប់ជម្រើសជាតិច្រើនមែន តែអារម្មណ៍កីឡាករ មិនមែនល្អរហូតនោះទេ គឺជួនកាលការប្រកួតនេះ អាចដាក់សម្ពាធដល់កីឡាករយើង ដែលមិនធ្លាប់បានលេងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របែបនេះ អ៊ីចឹងយើងមិនអាចសន្មតបានថា ការសម្បូរកីឡាករជម្រើសជាតិ យើងឈានទៅដល់ការឈ្នះគេបាននោះឡើយ»។
សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងក្រុមវិសាខា និងក្រុមបឹងកត នៅថ្ងៃនេះ ត្រូវបានគេមើលឃើញថា នឹងមានភាពតានតឹងខ្លាំង ព្រោះក្រុមទាំង២នេះ ត្រូវការឈ្នះដាច់ខានដូចគ្នា ដើម្បីដណ្តើមយកកៅអី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈបឹងកេត និងវិសាខា សុទ្ធតែមិនធ្លាប់បានឈ្នះពានសម្តេច ហ៊ុន សែន នេះដូចគ្នា៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង