កីឡាករ​កម្ពុជា ​អេលីត ​ចំរើន​ (​លី ​សុជាតិ​) ​មក​ពី​ក្លិប​ឆ្មា​ស​សែន​សុខ ​បាន​ផ្តួល​​ជើង​ខ្លាំង​របស់​ថៃ ​Khav krachang ឲ្យ​សន្លប់​ធំ ​ដោយ​ក្បាច់​ជង្គង់ ​នៅ​ត្រឹម​ទឹក​ទី ​៤ ដើម្បី​កក់​កៅអី​នៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​តំណាង​ឲ្យ​ពូល​កម្ពុជា​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកួត​គុន​ខ្មែរ​ដណ្តើម​ខ្សែ​ក្រវាត់ ​KIC​ ប៉ុន្តែ ​ម៉ន ​សាម៉េត​ ​របស់​ក្លិប​កងចក្រ​រាជសីហ៍​ ប្រឹង​អស់​លទ្ធភាព​ តែ​បាន​ឈ្នះ​ថៃ ​Noeng Thavath ត្រឹម​ពិន្ទុ​ ហើយ​លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​រូប​គេ​នៅ​មិន​ទាន់​មាន​ភាព​ប្រាកដ​ក្នុង​ការ​បាន​ឡើង​ទៅ​វគ្គ​បន្ត​នៅ​ឡើយ​ទេ។

ការ​ផ្តួល​ថៃ​ឲ្យ​សន្លប់​នៅ​លើ​​សង្វៀន​ Sky one ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ ​បាន​ធ្វើ​ឲ្យ​ ​៤ ​​ប្រកួត​​របស់ អេលីត ចំរើន ឈ្នះ​ទាំង​អស់ មាន ​១២ ​ពិន្ទុ​ពេញ ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​​ ​៣ ​ដង ​គឺ​ទឹក​ទី ​១ ​មួយ​ដង ​និង​ទឹក​ទី ​៤ ​ពីរ​​ដង​ ហើយ​​លទ្ធផល​នេះ បាន​ជួយ​ឲ្យ​ ចំរើន ជាប់​ចំណាត់​ថ្នាក់​លេខ ​១ ​ក្នុង​ពូល​​កម្ពុជា​ និង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​ស្រេច​ ដោយ​មិន​ចាំបាច់​អ៊ុត​បាល់​មើល​ការ​ប្រកួត​ចុង​ក្រោយ​របស់ មាស សារ៉ាក់ នោះ​ឡើយ។​

ផ្ទុយ​ទៅ​វិញ​ ​ម៉ន ​សាម៉េត​ ​ក៏​​មាន ​១២ ​ពិន្ទុ​ពេញ ជាមួយ​ការ​ឈ្នះ​ទាំង ​៤ ​ប្រកួត​ដែរ ​ប៉ុន្តែ​ការ​ឈ្នះ​ត្រឹម​ពិន្ទុ​លើ​ ​Noeng Thavath វា​មិន​ទាន់​អាច​កំណត់​ពី​ជោគ​វាសនា​ថា ​បាន​ឡើង​ទៅ​វគ្គ​បន្ត ​ឬ​យ៉ាង​ណា​ទេ​ គឺ សាម៉េត ត្រូវ​​រង់ចាំ​លទ្ធផល​ប្រកួត​ចុង​ក្រោយ​របស់​មិត្ត​រួម​ជាតិ ​​មាស​ សារ៉ាក់​ ​ជាមួយ​​ថៃ​ ​Lafan ​សិន ព្រោះ ​៣ ​ប្រកួត​កន្លង​មក សារ៉ាក់ បាន​ឈ្នះ​ទាំង​អស់​ផង​ដែរ​។​

យោង​ទៅ​តាម​រូបមន្ត​ និង​លក្ខខណ្ឌ​ប្រកួត ​គឺ​​បើ ​មាស ​សារ៉ាក់​ ឈ្នះ​​ថៃ ​Lafan ត្រឹម​ពិន្ទុ ក៏​​មិន​អាច​ឡើង​បាន​​ដែរ​ ​ព្រោះ​ជ័យ​ជម្នះ ​៤ ​លើក​របស់ ម៉ន ​សាម៉េត ​គឺ​ឈ្នះ​ពិន្ទុ ​២ ​ដង ​និង​ផ្តួល​គូ​​ប្រកួត​​ឲ្យ​សន្លប់​ទឹក ​២ ​ម្តង និង​ទឹក ​៤ ​ម្តង​។ ​​កីឡាករ មាស ​សារ៉ាក់ អាច​​បាន​ឡើង​ទៅ​វគ្គ​បន្ត​បាន​ ​លុះត្រា​តែ​គេ​​អាច​​ផ្តួល​ ​Lafan ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ​២ ​ក្នុង​នាទី​ខ្លី​ជាង​ ​ម៉ន ​សាម៉េត​ ពេល​ផ្តួល​ Khav​krachang​។

ម៉ន​ សាម៉េត​ បាន​និយាយ​ក្រោយ​ការ​ប្រកួត​ឈ្នះ​ត្រឹម​ពិន្ទុ​ថា​៖ «​ខ្ញុំ​ចង់​វាយ​ផ្តួល​ Noeng Thavath ​ឲ្យ​សន្លប់ ​តែ​មិន​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​​វា​គេច​បាន​លឿន​ និង​មិន​សូវ​ហ៊ាន​ប្រឈម​ជាមួយ​ ហើយ​​ខ្ញុំ​បោះ​ជង្គង់​ចូល​សិចៗ ​ចំ​គោលដៅ​បានល្អ ​តែ​មិន​អាច​ឲ្យ​គេ​សន្លប់​បាន​។ ​ទោះ​ជា​យ៉ាង​ណា ​ខ្ញុំ​នៅ​មិន​ទាន់​អស់​សង្ឃឹម​នោះ​ទេ​ ព្រោះ​ខ្ញុំ​គិត​ថា​ សារ៉ាក់​ មិន​អាច​ផ្តួល​​ថៃ​ Lafan ​ឲ្យ​សន្លប់​លឿន​ មុន​ទឹក​ទី ​២ ​នោះ​​ឡើយ»​។​

ចំណែក លោក​ ភួង​ ពុទ្ធិ​ នាយក​គ្រប់គ្រង​ការ​ប្រកួត​ប្រចាំ​សង្វៀន​ Sky one បាន​​និយាយ​ថា​ ​ដោយ​ផ្អែក​លើ​រូបមន្ត ​និង​ច្បាប់​ប្រកួត ​ដែល​បាន​កំណត់​នោះ​ កីឡាករ​កម្ពុជា​ចំនួន​តែ ​២ ​រូប​ប៉ុណ្ណោះ​ ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ជាមួយ​កីឡាករ​ថៃ​ចំនួន ​២ នាក់​ទៀត ដែល​ទទួល​បាន​លេខ ​១ និង​លេខ ​២ ​ប្រចាំ​ពូល​ថៃ។

លោក​បាន​បន្ត​ថា​៖ «​បើ​ ម៉ន​ សាម៉េត​ មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​បន្ត​ការ​ប្រកួត​ខ្វែង​ អាច​នឹង​ល្អ​មើល​បំផុត​ ព្រោះ​​ ម៉ន​ សាម៉េត​ ​ជា​កីឡាករ​ខ្លាំង​ជើង​ចាស់​វស្សា ​ឯ​ ​អេលីត​ ចំរើន ជា​ជើង​ខ្លាំង​លំដាប់​ថ្មី​ ហើយ​ពួក​គេ​អាច​នឹង​ជួប​​គ្នា វគ្គ​ផ្តាច់​ព្រ័ត្រ ​នៅ​ពេល​ដែល​ពួក​គេ​ឈ្នះ​ថៃ​ដូច​គ្នា​នោះ»​៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង