កីឡាករជំនាញ​ប្រើជើងឆ្វេង អេលីត ចំរើន បន្ត​ឈ្នះខ្សែ​ក្រវាត់មាស និងប្រាក់រង្វាន់​១ម៉ឺន​ដុល្លារជាថ្មី​ម្តង​ទៀត នៅលើសង្វៀន PNN បន្ទាប់ពី​រូបគេ​បាន​យក​ឈ្នះ បឺត សង្ឃឹម ក្នុង​ការ​ប្រកួតយ​ផ្តាច់​ព្រ័ត្រ ទាំង​វេទនា កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ហើយ​ការ​ប្រកួតនេះ បឺត សង្ឃឹម ដែល​បាន​ប្រាក់រង្វាន់ត្រឹម​២ពាន់ដុល្លារ ក៏បាន​បាក់​ដៃ និង​ត្រូវ​បញ្ជូន​ទៅវះកាត់​ នៅមន្ទីរពេទ្យ​ភ្លាមៗ ផងដែរ។

នៅ​ក្រោយការ​ប្រកួត​៥​ទឹក​ពេញ​នោះ អេលីត ចំរើន ត្រូវបាន​ចៅ​ក្រមទាំង​៥​រូប ផ្តល់ពិន្ទុ​ឱ្យ​ឈ្នះ បឺត សង្ឃឹម មិន​ឯកច្ឆន្ទ ៣-២ ដែល​លទ្ធផលនេះ ក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ និងស្រឡាញ់ដល់ បឺត សង្ឃឹម មានការ​ខកចិត្តខ្លាំង​ និងរិះគន់​ផងដែរ ព្រោះ​តាមសាច់ប្រកួត​ទាំង អេលីត ចំរើន និង បឺត សង្ឃឹម សុទ្ធតែ​មាន​ប្រៀប​ឈ្នះ​រៀងៗ​ខ្លួន។

យ៉ាង​ណា​ក៏ដោយ លោក បឺត ខាំ និង​លោក សេន ប៊ុនថេន ដែល​ជា​គ្រូ​ជំនួយ​ក្រុមជម្រើសជាតិ​កម្ពុជា និង​ជាអ្នក​បង្វឹក និងឱ្យ​ទឹក​ដល់ បឺត សង្ឃឹម ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ មិន​បាន​បង្ហាញមតិរិះ​គន់​ទៅលើការ​កាត់សេចក្តីនេះទេ ដោយ​អ្នក​ទាំង​២​នេះ បាន​លើក​ឡើង​​ក្រោយការ​ប្រកួតថា៖​ «​វាជា​ធម្មតា​ទេ កីឡាករ តែងមាន​ឈ្នះ មាន​ចាញ់ ហើយ​​លទ្ធផល ក្រោយ​ការ​ប្រកួត​នេះ គឺ​៥០ ទល់​៥០ អ៊ីចឹង​លើកដៃ​ឱ្យ​អ្នក​ឈ្នះ ក៏បាន​ដែរ»។

តែ​ទោះបីជា​យ៉ាង​ណា បឺត ខាំ បាន​បង្ហាញការ​អាក់អន់ចិត្ត​ទៅ​លើ​គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដែល​ហាក់ប្រងើយ​កន្តើយ​ទៅនឹង​បញ្ហា​របួស​បាក់​​ដៃ​​របស់ បឺត ខាំ និងមិន​ដឹង​ច្បាស់ពីតួនាទី​របស់ខ្លួន​ឯង បើ​ទោះបីជា​លោក តែម ម៉ឺន ដែលជាប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ និង​លោក ហេង សុឃន ជាអគ្គ​លេខាធិការ បាន​សម្របសម្រួល​ជួយ​នាំ បឺត សង្ឃឹម ទៅ​វះកាត់​នៅមន្ទីរពេទ្យ ទាន់ពេល​ក៏​ដោយ។

តាម​រយៈការ Live ផ្ទាល់ នៅ​ក្នុង​មន្ទីរពេទ្យ​តែ​ម្តង បឺត ខាំ បាន​និយាយ​ថា៖ ​«បឺត សង្ឃឹម បាន​បាក់​ម្រាមដៃ​ចង្អុល នៅពេល​វ៉ៃ​ត្រូវ​ក្បាល អេលីត ចំរើន នៅ​ក្នុងទឹក​ទី​៤ ហើយ​ត្រូវ​បាន​ឯកឧត្តម តែម ម៉ឺន និង​ឯកឧត្តម​បង ហេង សុឃន នាំ​ បឺត សង្ឃឹមទៅមន្ទីរពេទ្យ និង​ធ្វើការ​វះកាត់​ភ្លាមៗ»។

អតីត​កីឡា​ជើងខ្លាំង បឺត ខាំ បាន​បន្ត​ថា៖​ «ប៉ុន្តែ​ខ្ញុំចង់​និយាយ​ពី​បងៗ ​ជាពេទ្យ​របស់សហព័ន្ធ ដែល​ជាអ្នក​មើល​កីឡាករ ពេលប្រកួត​ចប់​នេះ គឺ​គួរតែរហួស​រហួន​បន្តិច គួរ​តែ​ធ្វើ​សកម្មភាព​បន្តិច មិនមែន​ចាំតែ​កីឡាករឈឺ​ហើយ ទើប​យក​មក​មើល​នោះទេ គឺ​គួរតែ​ទៅមើល​កីឡាករ»។

«កីឡាករ​សន្លប់ នៅលើទីលាន យើងគួរតែ​ទៅមើល កីឡាករ​បែក​យើង​គួរតែ​ទៅមើល មិនមែន​កីឡាករ​បាក់ដៃ បាក់ជើង​ហើយ មិន​ដឹងបងៗ​ជា​ពេទ្យ នៅឯណា! ឱ្យគេ​ដើរ​រក​ពេញស្តាត ហើយ​ដល់ពេល​គេ​សួរ ខឹងគេ​ទៀត។ គេ​ហៅ​គ្រូ​ពេទ្យ ដើម្បី​ឱ្យមកមើល​កីឡាករមានរបួស ព្រោះ​ពេលហ្នឹង គេ​ត្រូវការ​គ្រូពេទ្យ អ៊ីចឹង​យើង​ជា​គ្រូ​ពេទ្យ ត្រូវតែ​ដឹងពីតួនាទី​របស់​ខ្លួន​​ឯង ហើយមួយ​រយៈ​នេះ សម្តី​ពេទ្យដូចជាយ៉ាប់ៗ​ណាស់»។

ជាមួយ​គ្នា​នេះ បឺត សង្ឃឹម ក៏​បានប្រាប់ពី​ស្ថាន​ភាពវះ​កាត់របស់ខ្លួន កាលពី​ម្សិលមិញ​ដែរ​ថា៖​ «ខណះពេលនេះ ខ្ញុំបាទ បានវះកាត់ដៃ រួចហើយ ហើយក៏អគុណដល់ ឯកឧត្ដម តែម ម៉ឺន និងឯកឧត្ដម​បង ហេង សុឃន ដែល​ជួយសម្រួលយ៉ាងឆាប់រហ័ស ក្នុងការវះកាត់ដៃ ដោយជោគជ័យ សូមអគុណមេ ដែលយកចិត្តទុកដាក់ដល់កូនចៅ »៕