អ្នកជំនាញប្រើកណ្តាប់ដៃឆ្វេង រឿង សោភ័ណ្ឌ របស់ក្លិបមកុដរាជសីហ៍ បានសារភាព និងទទួលស្គាល់ថា ពិតជាបានចាញ់ក្រោមក្បាច់ពិសេសរបស់ ឡុង សុភី (នី សុភី) គឺការធាក់ និងម៉ាត់ ចេញស្របពេលជាមួយគ្នា ហើយថែមដោយការបោះជង្គង់ទៀត ដែលធ្វើឲ្យរូបគេ ពិបាកក្នុងការបញ្ចេញកណ្តាប់ដៃ។
រឿង សោភ័ណ្ឌ ដែលបានទទួលស្គាល់ការចាញ់ពិន្ទុ ឡុង សុភី ដោយពេញចិត្តពេញថ្លើមនោះ បានឆ្លើយតបទៅនឹងការសួររបស់ពិធីការ ក្រោយការប្រកួត ទាំងទឹកមុខញញឹមថា៖ «ការប្រកួតនេះ ហត់ខ្លាំងណាស់ និងពិបាកវ៉ៃត្រង់ថា គាត់ធាក់ផង ម៉ាត់ផង ហើយពេលកំពុងម៉ាត់គ្នានោះ គាត់មានការបោះជង្គង់មកទៀត អ៊ីចឹងធ្វើឲ្យខ្ញុំដែលមានកម្ពស់ទាបជាង គឺពិបាកវ៉ៃ»។
សម្រាប់ការប្រកួត ផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ ទម្ងន់ ៦៩ គ.ក្រ នៅលើសង្វៀន CNC កាលពីព្រលប់ថ្ងៃសៅរ៍នោះ ឡុង សុភី ពិតជាធ្វើបានល្អ ក្នុងការបិទកណ្តាប់ដៃពិឃាតរបស់ រឿង សោភ័ណ្ឌ។ បើទោះបីជា រឿង សោភ័ណ្ឌ នៅតែជម្នះបញ្ចេញកណ្តាប់ដៃ ប៉ុន្តែបច្ចេកទេសទប់របស់គេ គឺការធាក់ និងម៉ាត់ស្របគ្នា ធ្វើឲ្យ សោភ័ណ្ឌ មិនសូវមានជំហរពេញ ក្នុងការម៉ាត់ចេញនោះទេ ហើយជាមួយគ្នានោះ សុភី បានបោះជង្គង់ និងចូលចាប់ឡាំជង្គង់ ដើម្បីយកប្រៀបលើ រឿង សោភ័ណ្ឌ តែម្តង។
យ៉ាងណាក៏ដោយ ឡុង សុភី ក៏បានជួបការលំបាកផងដែរ នៅពេល រឿង សោភ័ណ្ឌ បានជម្នះចូលវាយកែង បន្ថែមទៅលើការប្រើកណ្តាប់ដៃនោះ ប៉ុន្តែ សុភី នៅតែអាចទប់ស្កាត់ និងស៊ូជាមួយការវាយប្រហារនេះបានល្អ និងបានប្រឹងប្រែងវាយបកសងទៅវិញទៅដោយជង្គង់ ម៉ាត់ ធាក់ និងវាយកែងផងដែរ។
នៅពេលសួរពីមូលហេតុ ដែលមិនអាចបញ្ចេញកណ្តាប់ដៃពិឃាត វ៉ៃឲ្យចំគោលដៅពេញទៅលើ ឡុង សុភី នោះ រឿង សោភ័ណ្ឌ បាននិយាយបែបអស់សំណើចថា៖ «ការម៉ាត់ មិនចំគោលដៅពេញនេះ គឺពិបាកត្រឹមហ្នឹង (ក្បាច់ធាក់ និងម៉ាត់ ស្របពេលជាមួយគ្នា)។ បើកីឡាករថៃ ធាក់ចេញតែមួយៗទេ អ៊ីចឹងស្រួលវ៉ៃ តែគាត់ (ឡុង សុភី) ចេញដៃផង ធាក់ផង គឺពិបាកវ៉ៃណាស់»។
ចំណែក ឡុង សុភី បានប្រាប់ថា ក្បាច់ធាក់ និងម៉ាត់ ចេញស្របពេលជាមួយគ្នានេះ រូបគេបានហាត់តាំងពី ២០០៧ មកម្ល៉េះ។ «ក្បាច់ហ្នឹង បឺត សំខាន់ បង្ហាត់ខ្ញុំ ពេលវ៉ៃជាមួយ វ៉ាន់ ចាន់វៃ លើកដំបូងបង្អស់ កាលពីឆ្នាំ ២០០៧ ព្រោះកាលនោះ ចាន់វៃ ជាប្រុសស្អាត គឺអ្នកវ៉ៃជាមួយគេ មិនផុតពី ២ ទឹកទេ អ៊ីចឹងខ្ញុំហាត់ជាមួយ បឺត សំខាន់ បែបហ្នឹង គឺ ម៉ាត់ធាក់ៗ ធាក់បោះជង្គង់ៗ»។
សិស្សគណក្លិបសាលវ័ន្តកីឡា ឡុង សុភី បានបន្ថែមថា៖ «បង បឺត សំខាន់ ប្រាប់ខ្ញុំថា ការធាក់បែបនេះ មិនសូវជាធ្ងន់ទេ ប៉ុន្តែវាបានប្រយោជន៍ ហើយខ្ញុំដឹងថា ដៃរបស់គាត់ (រឿង សោភ័ណ្ឌ) ធ្ងន់ អ៊ីចឹងខ្ញុំបិទឲ្យជាប់ ព្រោះមួយរយៈនេះ ខ្ញុំហាត់បច្ចេកទេសការបិទនឹងច្រើន ដោយខ្ញុំបានមើលវីដេអូ ការប្រកួតអន្តរជាតិផ្នែកប្រដាល់សកល ដូចជា Manny Pacquiao ហើយខ្ញុំហាត់បច្ចកទេសបិទតាមហ្នឹងតែម្តង»។
តាមរយៈការប្រកួតយ៉ាងស្វិតស្វាញ ៥ ទឹកពេញ កាលពីថ្ងៃសៅរ៍នោះ ចៅក្រមទាំង ៥ រូប បានផ្តល់ពិន្ទុឲ្យ ឡុង សុភី ឈ្នះ រឿង សោភ័ណ្ឌ ជាឯកច្ឆន្ទ ៥-០ តែម្តង ហើយជ័យជម្នះលើកទី ៣ លើ សោភ័ណ្ឌ នេះបានជួយឲ្យ សុភី ក្លាយជាម្ចាស់ខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់ ៤ ពាន់ដុល្លារ ចំណែក រឿង សោភ័ណ្ឌ ក៏បាន ១ ពាន់ដុល្លារ ចំពោះការបានលេខ ២ នេះផងដែរ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង