ក្រុមវិសាខា និងបឹងកេត នឹងត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦ ថ្ងៃពុធនេះ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមទាំង២នេះ សុទ្ធតែមានមហិច្ឆតា ចង់ឈ្នះពានឲ្យបានជាលើកដំបូងដូចគ្នា។

នេះជាលើកទី១ ដែលក្រុមវិសាខា បានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពួកគេបានទម្លាក់ក្រុមប៉ូលិស នៅវគ្គ១៦ក្រុម និងបន្តឈ្នះក្រុមគិរីវង់សុខសែនជ័យ នៅវគ្គ៨ក្រុម ហើយការឡើងមកជួបបឹងកេត នៅវគ្គ១/២ផ្តាច់ព្រ័ត្រនេះ លោក Tunji Akeep Ayoyinka គ្រូបង្គោលស្ដីទីក្លិបវិសាខា បានប្រាប់ថា ក្រុមរបស់លោក មានផលចំណេញច្រើន ដោយសារតែកីឡាកររបស់លោកជាច្រើននាក់ បានជាប់ជម្រើសជាតិ កាលពីពេលថ្មីៗនេះ។

លោក Tunji Akeep Ayoyinka បាននិយាយ ក្នុងសន្នសិទកាសែតថា៖ «កីឡាករយើងមួយចំនួន បានជាប់កាតព្វកិច្ចជម្រើសជាតិ ដូច្នេះយើងគិតថា វាជាផលចំណេញមួយដែរ សម្រាប់ពួកយើង ព្រោះពួកគេបានហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ទទួលបានបទពិសោធបន្ថែមកាន់តែល្អទៀត»។

គ្រូបង្វឹកជនជាតិនីហ្សេរីយ៉ារូបនេះ បានអះអាងបន្ថែមថា ក្រុមរបស់លោកបានត្រៀមរួចរាល់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត សម្រាប់ការជួបក្រុមបឹងកេត លើកនេះ។ លោកបានបញ្ជាក់ថា៖ «ចំពោះកីឡាករ ដែលនៅនឹងក្លិប (មិនជាប់ជម្រើសជាតិ) ក៏បានប្រឹងប្រែងយ៉ាងមុតមាំដែរ ហើយពេលអ្នកជាប់ជម្រើសជាតិ វិលមកក្លិបវិញ យើងឃើញថា ការលេងជាមួយគ្នា គឺចុះសម្រុងល្អមែនទែន ដូច្នេះអ្នករាល់គ្នាបានត្រៀមរួចរាល់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត សម្រាប់ការប្រកួតដ៏សំខាន់នេះ»។

ជាមួយគ្នានេះ លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត និងលោក ហុក ចិត្ត្រា អ្នកចាត់ការក្រុមវិសាខា សុទ្ធតែធ្លាប់បានបង្ហាញពីមហិច្ឆតា ក្នុងការដណ្តើមឲ្យបានពានសម្តេច ហ៊ុន សែន ជាលើកដំបូង នោះឆ្នាំនេះ។ លោក ហុក សុចិត្ត្រា ធ្លាប់បាននិយាយថា៖ «យើងសង្ឃឹមថា នៅឆ្នាំនេះ យើងនឹងទទួលបានលទ្ធផលជាងឆ្នាំមុន ហើយពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីឆ្ពោះទៅមុខ រហូតទៅដល់គោដៅ ដែលពួកយើងចង់បាន»។

ចំណែកលោក បែ មករា ធ្លាប់បាននិយាយថា៖ «ជាការពិត ក្លិបបឹងកេត មិនដែលបានស្គាល់រសជាតិឈ្នះពានសម្តេច ហ៊ុន សែន នោះទេ ដូច្នេះនៅឆ្នាំនេះ យើងបានធ្វើការប្តេជ្ញាចិត្ត ធ្វើយ៉ាងណាឲ្យបានល្អ ដើម្បីឈ្នះបានពាន ជាលើកដំបូង ព្រោះយើងចង់បានពាននេះ ជូនដល់អ្នកគាំទ្រទាំងអស់របស់បឹងកេត»។

ការដាក់គោលដៅប្រជែងយកពានដូចគ្នានេះ វានឹងធ្វើឲ្យការប្រកួតរវាង វិសាខា និងបឹងកេត នៅថ្ងៃនេះ កាន់តែមានភាពស្វិតស្វាញខ្លាំង ព្រោះរវាងបឹងកេត និងវិសាខា មានតែ១ក្រុមគត់ ដែលអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ចំណែក១ក្រុមទៀត អាចជាក្រុមព្រះខ័នរាជស្វាយរៀង ឬ ភ្នំពេញក្រោន ព្រោះក្រុមទាំង២នេះ ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃព្រហស្បតិ៍ ស្អែកនេះដែរ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង