ការប្រកួតកាត់សេចក្តីដ៏សំខាន់រវាងក្រុមព្រះខ័នរាជស្វាយរៀង និងវិសាខា ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) និងភាគីក្លិបទាំង២ ឯកភាពគ្នាលើកយកធ្វើនៅល្ងាចម៉ោង៦ ថ្ងៃចន្ទនេះ នៅកីឡដ្ឋានវិសាខា ដដែល ហើយជំនួបសងសឹករបស់ក្រុមក្រសួងការពារជាតិ និងភ្នំពេញក្រោន ក៏ត្រូវលើកមកធ្វើ នៅថ្ងៃចន្ទនេះ ផងដែរ។

ការលើកពេលនៃការប្រកួតនេះ ក៏ព្រោះតែការប្រកួតរវាងក្រុមស្វាយរៀង និងវិសាខា ដែលត្រូវបានធ្វើឡើង នៅកីឡដ្ឋានវិសាខា កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ ត្រូវបានរំខានដោយភ្លៀង នាំឲ្យ CNCC សម្រេចលុបចោលការប្រកួត ត្រឹមពាក់កណ្តាលទី ហើយក្នុងកិច្ចប្រជុំ ក្រោយការប្រកួតនោះ CNCC ស្នងការប្រកួត មន្រ្តីអាជ្ញាកណ្តាល និងភាគីក្លិបទាំង២ បានឯកភាពគ្នា យកមកធ្វើ នៅល្ងាចម៉ោង៦ ថ្ងៃចន្ទនេះវិញ។

គួររំឭកថា ក្រុមស្វាយរៀង ធ្លាប់បានយកឈ្នះ វិសាខា ៥-៣ កាលជើងទី១ ហើយការវិលមកជួបគ្នាលើកនេះ គឺចំពេលដែលពួកគេ មានការរំភើបទៅនឹងការយកឈ្នះក្រុមភ្នំពេញក្រោន ដោយការទាត់បាល់ប៉េណាល់ទី ៥-៤ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្តេច ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ផងដេរ។ ផ្ទុយពីនេះ ក្រុមវិសាខា មិនទាន់ទាំងបាត់ការឈឺចាប់ផង ខណៈពួកគេបានចាញ់ក្រុមបឹងកេត ៤-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន នេះដែរ កាលពីយប់ថ្ងៃពុធ។

ហេតុនេះការវិលមកជួបគ្នាលើកនេះ វាប្រៀបដូចជាជំនួបរវាងសប្បាយចិត្ត និងក្រុមខកចិត្ត ផងដែរ។ យ៉ាងណាក៏ដោយ ការប្រកួតនេះ វាជាការប្រកួតកាត់សេចក្តីយ៉ាងសំខាន់បំផុត ព្រោះស្វាយរៀង ត្រូវការឈ្នះ ដើម្បីបញ្ចប់ការលើកពាន មុនបិទរដូវកាល ចំណែក វិសាខា រឹតតែត្រូវការឈ្នះខ្លាំងទៅទៀត ដើម្បីរក្សាឱកាសតិចតួច ក្នុងការប្រជែងយកលេខ១ ព្រោះពេលនេះ ស្វាយរៀង មាន៥៨ពិន្ទុ ខណៈវិសាខា មាន៥០ពិន្ទុ។ ដោយឡែក ការជម្រះបញ្ជីចាស់រវាងក្រុម ក្រុមក្រសួងការពារជាតិ (ទ័ព) និងភ្នំពេញក្រោន ដែលបានរំខាន ដោយភ្លៀង កាលពីថ្ងៃអាទិត្យដែរនោះ ក៏ត្រូវបានលើកពេល មកធ្វើនៅកីឡដ្ឋានស្តាតចាស់ នារសៀលម៉ោង ៣:៣០ ថ្ងៃចន្ទ ផងដែរ។

ការជួបគ្នារវាងក្រុមទាំង២នេះ វាជាពេលដែលទ័ព ត្រូវសងសឹក ភ្នំពេញក្រោន ព្រោះនៅក្នុងរដូវកាលនេះ ទ័ព ទទួលការខកចិត្តចំនួន២លើក ក្រោមស្នាដៃក្រុមភ្នំពេញក្រោន ទី១ គឺការចាញ់ ភ្នំពេញក្រោន ៣-១ កាលពីជើងទី១ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ចំណែកទី២ ភ្នំពេញក្រោន នេះហើយ ជាអ្នកទម្លាក់ទ័ព ត្រឹមវគ្គ៨ក្រុម ក្នុងពានសម្តេច ហ៊ុន សែន ជាមួយការចាញ់ ៥-៤ ដោយការទាត់បាល់ប៉េណាល់ទីកាន់សេចក្តី។

ហេតុនេះការជួបគ្នាលើកនេះ វាជាពេលវេលាចុងក្រោយ សម្រាប់ក្រុមទ័ព ក្នុងការជម្រះបញ្ជីជាមួយក្រុមភ្នំពេញក្រោន ប៉ុន្តែ ភ្នំពេញក្រោន ក៏ត្រូវការឈ្នះ ដើម្បីប៉ះពៅសម្រាប់ការចាញ់ស្វាយរៀង ៥-៤ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានសម្តេច ហ៊ុន សែន ផងដែរ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង