ការផ្តល់ពិន្ទុឲ្យ លន បញ្ញា ឈ្នះ សុខ សាវិន នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់មាស នៅលើសង្វៀន PNN កាលពីអាទិត្យ ម្សិលមិញ បានផ្ទុះឲ្យមានការរិះគន់ខ្លាំង ពីអ្នកទស្សនា ហើយជាមួយគ្នានោះ លោក ស៊ន អេលីត ដែលជាគ្រូបង្វឹក សុខ សាវិន ក៏បានដាក់ពាក្យប្តឹង ទៅកាន់សហព័ន្ធកីឡាប្រដាល់គុខខ្មែរ រួចរាល់ហើយដែរ។

ជាមួយភាពចម្រូងចម្រាស់នោះ ស៊ន អេលីត បានសរសេរបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយការប្រកួតភ្លាមៗថា៖ «ខ្ញុំបាទ ស៊ន អេលីត សុំប្តឹងតវ៉ា នឹងលទ្ធផលការប្រកួតរវាង សុខ សាវិន និង លន បញ្ញា! ខ្ញុំមិនអាចទទួលយកបានទេ នៅលទ្ធផលបែបនេះ អ៊ីចឹងខ្ញុំស្នើសុំឯកឧត្តម តែម ម៉ឺន ដែលជាប្រធានសហព័ន្ធ ជួយដោះស្រាយផង»។

បន្ថែមទៅលើនេះ ស៊ន អេលីត ក៏បាន Live វីដេអូ ដើម្បីបកស្រាយ ទៅលើការដាក់ពាក្យបណ្តឹងរបស់ខ្លួនផងដែរ ហើយក៏បានសុំដាក់ទណ្ឌកម្មឲ្យបានធ្ងន់ ទៅដល់ចៅក្រមទាំង៣នាក់ផងដែរ បើសិនជារកឃើញថា ចៅក្រមទាំង៣នាក់នោះ ពិតជាបានដាក់ពិន្ទុ ផ្ទុយពីការប្រកួតជាក់ស្តែងរវាង សុខ សាវិន និង លន បញ្ញា មែននោះ។

តាមរយៈការ Live វីដេអូនោះ ស៊ន អេលីត បានបញ្ជាក់ថា៖ «ខ្ញុំអត់ធ្វើឲ្យរឿងនេះ ទៅជាវែងឆ្ងាយទេ ប៉ុន្តែរឿងនេះ ជារឿងក្លិបរបស់ខ្ញុំ ជាមួយមន្រ្តីគណៈកម្មការ ដែលបានដាក់ពិន្ទុឲ្យ សុខ សាវិន ចាញ់ គឺអត់មានពាក់ព័ន្ធទៅជារឿងគំនុំ គុំគួនដល់កីឡាករ ឬគ្រូបង្វឹកអ្វីនោះដែរ ហើយក៏អត់មានពាក់ព័ន្ធដល់សហព័ន្ធអ្វីនោះដែរ សូមមេត្តាយល់ និងស្តាប់កន្លែងហ្នឹងឲ្យបានច្បាស់ ហើយឯកឧត្តមប្រធានសហព័ន្ធ តែម ម៉ឺន បានទទួលយកពាក្យបណ្តឹងរបស់ខ្ញុំហើយ អ៊ីចឹងរឿងហេតុបែបណាទៀត ទុកឲ្យខាងសហព័ន្ធ គាត់ធ្វើចុះ»។

គួរបញ្ជាក់ថា តាមរយៈការប្រកួត៥ទឹកពេញ យ៉ាងស្វិតស្វាញនោះ ចៅក្រមទាំង៥រូប បានផ្តល់ពិន្ទុឲ្យ លន បញ្ញា ឈ្នះ សុខ សាវិន ដោយពិន្ទុ មិនឯកច្ឆន្ទ គឺ ៣-២ ដោយក្នុងនោះចៅក្រមលោក ឡឹក ចំណាប់ លោក ប៉ាន់ ស៊ីថៃ និងលោក វង្ស ស៊ីថៃ បានឲ្យ លន បញ្ញា ខណៈចៅក្រម២នាក់ទៀតគឺលោក រឿង សារុន និងលោក នូ សុវណ្ណ បានផ្តល់ពិន្ទុឲ្យ សុខ សាវិន ជាអ្នកឈ្នះ។

ជាមួយភាពចម្រូងចម្រាស់នេះ សង្វៀន PNN ក៏បានបង្ហោះសារមួយ ដើម្បីបញ្ជាក់ពីភាពអព្យាក្រិតរបស់ខ្លួនផងដែរ ដោយបានសេរសេរថា៖ «ក្រោយការប្រកួតថ្ងៃនេះ ក្រុមការងារកីឡាភីអិនអិន បានសង្កេតឃើញមានប្រតិកម្មច្រើន ចំពោះលទ្ធផលនៃការប្រកួតរវាង លន បញ្ញា និង សុខ សាវិន។ ពួកយើងបង្ហោះសារមួយនេះ ក្នុងបំណងជម្រាបជូនទស្សនិកជនថា រាល់ការដាក់ពិន្ទុទាំងអស់ គឺជាទំនួលខុសត្រូវរបស់គណៈកម្មការរៀបចំការប្រកួតនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទាំងស្រុង ដោយស្ថានីយទូរទស្សន៍ភីអិនអិន មិនពាក់ព័ន្ធក្នុងការដាក់ពិន្ទុនេះឡើយ គឺយើងប្រកាន់ជំហរអព្យាក្រិតជានិច្ច»៕

ទស្សនាវិដេអូលន បញ្ញា ឈ្នះ សុខ សាវិន នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង