ក្រុមភ្នំពេញក្រោន នៅតែបានផ្តល់ការខកចិត្តឲ្យក្រុមក្រសួងការពារជាតិ (ទ័ព) បន្ទាប់ពីពួកគេ បានបន្តយកឈ្នះ ៤-១ ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ កាលពីថ្ងៃចន្ទនោះ គឺបន្ថែមទៅលើការឈ្នះទ័ព ៣-១ កាលប្រកួតជើងទី១ ហើយភ្នំពេញក្រោន បានយកឈ្នះទ័ព ៥-៤ ដោយការទាត់បាល់ប៉េណាល់ទីនេះ ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ផងដែរ។
យ៉ាងណាក៏ដោយ លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមភ្នំពេញក្រោន បានលើកឡើងថា ការបន្តយកឈ្នះក្រុមទ័ព ៤-១ នៅក្នុងការប្រកួតលីកកំពូលកម្ពុជានេះ មិនអាចប៉ះប៉ូវចំពោះការធ្លាក់ចេញពីពានរង្វាន់សម្តេច ហ៊ុន សែន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។
លោក ស៊ុំ វណ្ណា បាននិយាយថា៖ «ជ័យជម្នះលើក្រុមក្រសួងការពារជាតិ គឺមិនអាចប៉ះប៉ូវចំពោះការធ្លាក់ចេញពីពានសម្តេច ហ៊ុន សែន បានទេ។ វាជាប្រវត្តិសាស្ត្រ យើងមិនចង់ឲ្យវានៅដដែលនោះទេ គឺយើងត្រូវតែកែប្រែ ដើម្បីឲ្យមានភាពល្អប្រសើរឡើងវិញ»។
គួររំឭកថា ក្រុមភ្នំពេញក្រោន បានធ្លាក់ចេញពីការប្រកួតពានសម្តេច ហ៊ុន សែន នៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៥-៤ ក្នុងការទាត់ប៉េណាល់ទីកាត់សេចក្តីនោះ ដោយក្នុងនោះកីឡាករ សឿត បារាំង និង ប្រាក់ ធីវ៉ា សុទ្ធតែធ្វើមិនបានសម្រេច។
លោក ស៊ុំ វណ្ណា បានបន្ថែមថា៖ «ការឈ្នះក្រុមទ័ព ៤-១ នេះ យើងអាចរំងាប់អារម្មណ៍បាន សម្រាប់ក្រុមការងារ និងកីឡាករ ប៉ុន្តែមហាជនរំងាប់អារម្មណ៍អត់បានទេ។ នៅពេលយើងជួបអ្នកគាំទ្រក្លិប នៅតាមទីសាធារណៈ គាត់តែងនិយាយពីការទាត់បាល់ប៉េណាល់ទី មិនបានល្អ ប៉ុន្តែក៏បានកោតសរសើរពីឆន្ទៈលេង និងការរៀបចំរបស់ក្រុមយើងដែរ»។
តាមរយៈការប្រកួត នៅកីឡដ្ឋានស្តាតចាស់ កាលពីល្ងាចថ្ងៃចន្ទនោះ ខ្សែប្រយុទ្ធ Paulo Victor ជាអ្នករកបានគ្រាប់បាល់ដំបូងឲ្យក្រុមភ្នំពេញក្រោន នៅនាទី៣៦ ខណៈខ្សែប្រយុទ្ធ Dzarma Bata រកបាន២គ្រាប់តែម្នាក់ឯង នៅនាទី៥២ និងទី៨១ ហើយ១គ្រាប់ទៀត រកបានដោយខ្សែបម្រើមកពីអាហ្គានីស្ថាន Mustafa Zazai នៅនាទី៧២។ ចំណែក១គ្រាប់របស់ក្រុមទ័ព រកបានដោយខ្សែប្រយុទ្ធ Bisan George នៅនាទីទី៦០៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង