គ្រូបង្វឹកក្រុមថ្នាលជម្រើសជាតិចំបាប់កម្ពុជា លោក ចាប លឿន គ្រោងនឹងនាំយកក្មេងមួយក្រុម ដើម្បីទៅចូលរួមការប្រកួតកីឡាចំបាប់បុរាណប្រពៃណី នៅវត្តសន្ធរ ស្ថិតនៅភូមិសន្ធរ ឃុំសន្ធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃភ្ជុំបិណ្ឌធំ ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដើម្បីសម្លឹងរកមើលយុវជន មានទេពកោសល្យ យកមកបង្វឹកបន្ថែមក្នុងក្រុមថ្នាលចំបាប់។

លោក ចាប លឿន បានប្រាប់ថា៖ «ជារៀងរាល់ថ្ងៃភ្ជុំបិណ្ឌធំ គឺនៅវត្តសន្ធរ តែងតែរៀបចំឲ្យមានការប្រកួតចំបាប់បុរាណ ជាលក្ខណៈស្ម័គ្រចិត្ត ដែលមានអ្នកចូលរួមប្រកួតច្រើន អ៊ីចឹងភ្ជុំបិណ្ឌធំ ឆ្នាំនេះ ខ្ញុំនឹងឆ្លៀតនាំក្មេងៗមួយក្រុម ទៅមើលការប្រកួតកីឡានៅសន្ធរ ថាតើការរៀបចំប្រកួតកីឡាប្រពៃណី នៅទីនោះ មានការផុសផុលដល់ណាហើយ»។

គ្រូបង្វឹក ដែលមានស្រុកកំណើតនៅវិហារសួគ៌ គឺចម្ងាយប៉ុន្មាន៥គីឡូម៉ែត្រ ពីវត្តសន្ធរនោះ បានបន្ថែមថា៖ «ក្រៅពីការ ចង់ទៅឃើញស្ថានភាពការប្រកួតកីឡាប្រពៃណី នៅទីនោះ ខ្ញុំចង់មើលការប្រកួតចំបាប់របស់ក្មេងៗ នៅទីនោះ គឺមើលទាំងទៅលើសមត្ថភាព បច្ចេកទេស និងកាយសម្បទារបស់ពួកគេ ហើយបើឃើញថាល្អហើយ យើងនឹងពិចារណា ក្នុងការយកពួកគេ យកមកបណ្តុះបណ្តាល ក្នុងក្រុមថ្នាលរបស់យើង»។

បើតាមគណៈកម្មការរៀបចំការប្រកួតកីឡាប្រពៃណី នៅសន្ធរ បានឲ្យដឹងថា កាលភ្ជុំបិណ្ឌធំ កាលពីឆ្នាំ២០១៨ គឺមានការប្រកួតចំបាប់រហូតដល់៤០គូ ខណៈអ្នកចូលរួមសុទ្ធតែស្ម័គ្រចិត្ត តែគណៈកម្មការ ក៏មានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងការប្រកួតផងដែរ គឺអ្នកឈ្នះបាន៥ម៉ឺនរៀល និងចាញ់បាន៣ម៉ឺនរៀល។ ចំណែកភ្ជុំបិណ្ឌធំ នៅថ្ងៃសៅរ៍ ខាងមុខនេះ គឺត្រូវបានគេរំពឹងងថា ចំនួនអ្នកចូលរួមប្រកួតចំបាប់បុរាណ អាចនឹងមានការកើនជាងឆ្នាំ ហើយការប្រកួត នឹងចាប់ផ្តើមពីម៉ោង៩ ដល់ម៉ោង១២ថ្ងៃត្រង់៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង