គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ពិតជាមានការអន្ទះសា ក្នុងការដឹកនាំក្រុម ដើម្បីប្រកួតជាមួយក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Azadi Stadium ក្រុង Tehran នាយប់ម៉ោង ៨:៣០ (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាលោកដឹងថា អ៊ីរ៉ង់ ជាក្រុមលេខ១ និងខ្លាំងនៅអាស៊ី ក៏ដោយ។
បើទោះបីជា ក្រុមកម្ពុជា ស្ទើរតែគ្មានសង្ឃឹម ក្នុងការប្រជែងយក៣ពិន្ទុ ប៉ុន្តែលោក Felix Dalmas បានចាត់ទុកការជួបក្រុមអ៊ីរ៉ង់ នៅយប់នេះ ថាជាពេលវេលាដ៏ល្អ ដែលក្រុមកម្ពុជា បានសាកល្បង ជាមួយក្រុមខ្លាំង ដើម្បីពង្រឹងសមត្ថភាពលេងរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ ស្របទៅតាមផែនការ ដែលកម្ពុជា ចង់បាន។
លោក Felix Dalmas បានថ្លែង នៅក្នុងសន្និសីទកាសែត នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃពុធថា៖«វានឹងក្លាយជាឱកាសដ៏ល្អសម្រាប់យើងក្នុងការសាកល្បងខ្លួនយើង ទៅនឹងស្ថានភាពដ៏តានតឹងមួយ ព្រោះយើងនឹងប្រកួតជាមួយក្រុមខ្លាំងមួយនៅអាស៊ី ហើយតាមរយៈការប្រកួតនេះ ខ្ញុំសង្ឃឹមថា យើងនឹងបោះជំហានទៅមុខមួយកម្រិតទៀត ស្របតាមផែនការរបស់យើង ដើម្បីកែលម្អ និងអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា»។
គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix បានបន្ថែមថា៖«អ៊ីរ៉ង់ គឺជាក្រុមខ្លាំង ប៉ុន្តែគំនិតបាល់ទាត់របស់យើង គឺច្បាស់លាស់។ យើងនឹងខិតខំប្រឹងប្រែងប្រកួតឲ្យបានល្អជាមួយគ្រប់បណ្ដាក្រុមទាំងអស់ ហើយនេះជារឿងសំខាន់បំផុត»។
គ្រូបង្វឹកវ័យ៣១ឆ្នាំរូបនេះ បានបញ្ជាក់ថា៖ «យើងចង់ប្រកួតប្រជែង ហើយនេះជាមូលហេតុ ដែលយើងស្ថិតនៅទីនេះ។ យើងដឹងពីភាពខុសគ្នារវាងក្រុមទាំង២ ប៉ុន្តែយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ព្រោះយើងបានចាត់ទុកការប្រកួតនេះ ជាឱកាសដ៏ល្អមួយ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសក្តានុពលរបស់យើង»៕
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង