ក្រុមបឹងកេត ពិតជាមានការស្រេកឃ្លានខ្លាំង ក្នុងការស្វែងរកជ័យជម្នះលើក្រុមព្រះខ័នរាជស្វាយរៀង ដើម្បីសម្រេចមហិច្ចតាលើកពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង ប៉ុន្តែភាពមិនប្រាកដប្រជា នៅតែកើតមានឡើងចំពោះបឹងកេត ព្រោះក្រុមស្វាយរៀង ក៏បានបង្ហាញមហិច្ចតា ប្រជែងយកពានមួយនេះ ជាលើកទី៥ផងដែរ។

ក្រុមបឹងកេត នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ នៅកីឡដ្ឋាន RSN នាល្ងាចម៉ោង៦ ថ្ងៃពុធនេះ ហើយនេះក៏ជាលើកទី១ផងដែរ ដែលបឹងកេត បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ សម្រាប់ការចូលរួមអស់រយៈពេល៧ឆ្នាំមកនេះ។

ទាក់ទងនឹងការប្រកួតផ្តាច់ព្រ័ត្រនេះ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បាននិយាយថា៖«ការលេងនៅលើទីលាន RSN យើងមានតែមលើស្វាយរៀង បន្តិច ដោយយើងបានលេងនៅលើទីលាននេះ បានច្រើនជាង ស្វាយរៀង ប៉ុន្តែរឿងដែលសំខាន់ជាងនេះ គឺធ្វើម៉េងរៀបចំក្រុមឲ្យបានល្អ ព្រោះយើងពិតជាចង់បានជ័យជម្នះ និងការឈ្នះពាននេះមែនទែន»។

លោក ហៅ សុជាតិ បានបន្ថែមថា៖ «ក្នុងរយៈពេល៧ឆ្នាំមកនេះ បឹងកេត មិនដែលបានមកដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច នោះទេ អ៊ីចឹងយើងត្រូវតែព្យាយាម ដោយសារស្វាយរៀង ជាក្រុមខ្លាំងមែនទែន គឺខ្លាំងទាំងការប្រកួតលីកកំពូលកម្ពុជា និងពានរង្វាន់សម្តេចនេះ ហេតុនេះយើងមិនអាចធ្វើប្រហែសជាមួយគាត់បាននោះទេ គឺទាល់តែយើងទាំងអស់គ្នា មានការប្រឹងប្រែង ទើបយើងទទួលបានជ័យជម្នះ»។

ក្រុមបឹងកេត ធ្លាប់បានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន២លើក ប៉ុន្តែពួកគេបានចាញ់រហូត ដោយក្នុងនោះ បឹងកេត បានចាញ់ក្រុមបៀលប្រាយ ១-០ និងឈ្នះក្រុមណាហ្គាវើល ៣-០ ក្នុងការប្រកួតដណ្តើមយកលេខ៣ និងលេខ៤ កាលពីឆ្នាំ២០១៤ ហើយកាលពីឆ្នាំ២០១៧ បឹងកេត បានចាញ់ក្រុមណាហ្គាវើល ១-០ និងបានបន្តចាញ់ក្រុមអគ្គិសនីកម្ពុជា ក្នុងការដណ្តើមយកលេខ៣ និងលេខ៤ ដោយការទាត់បាល់ប៉េណាល់ទី ៥-៤ ក្រោយពេលក្រុមទាំង២ បានស្មើគ្នា ១-១។

ផ្ទុយពីនេះ សម្រាប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន អស់រយៈពេល១២ឆ្នាំកន្លងមកនេះ ស្វាយរៀង គឺជាក្រុមដែលឈ្នះបានពានច្រើនដងជាងគេ គឺចំនួន៤ដង កាលឆ្នាំ២០១១ ឆ្នាំ២០១២ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឈ្នះជើងឯករងបាន២ដងទៀត កាលពីឆ្នាំ២០០៨ និងឆ្នាំ២០១៦។

ដោយឡែកសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រលើកនេះ លោក Conor Nestor គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង ដែលទើបដឹកនាំក្រុមនេះ ឲ្យឈ្នះពានលីកកំពូលកម្ពុជា ជាមួយការឈ្នះ២០ ស្មើ៥ និងចាញ់ត្រឹម១លើកនោះ បានមើលឃើញថា ការប្រកួតនេះ នឹងមានភាពស្វិតស្វាញខ្លាំង។

លោក Conor Nestor បាននិយាយ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារថា៖ «បើទោះគ្មានកីឡាករបរទេស តែបឹងកេត នៅតែមានរបៀបលេងល្អដដែល ព្រោះកូនក្រុមក្នុងស្រុកសុទ្ធតែមានគុណភាពលេង ហើយភាគច្រើនជាអ្នករួមចំណែកជួយឲ្យបឹងកេតឈ្នះលីកកំពូល២រដូវកាលចុងក្រោយ»។

គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «បឹងកេត នឹងប្រឹងប្រែងខ្លាំង ព្រោះពួកគេ មិនធ្លាប់ឈ្នះពាននេះពីមុនមកនោះទេ ប៉ុន្តែយើងក៏ចង់បានពាននេះ ម្តងទៀតដែរ ហើយយើងមិនមានសម្ពាធទេ សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនេះ»៕