ក្រុមជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ បានបង្ហាញឲ្យឃើញពីអាទិភាព ក្នុងការគ្រប់ដណ្តប់ទៅលើក្រុមម្ចាស់ផ្ទះកម្ពុជា ខណៈក្រុមមួយនេះលត់ក្រុមU19កោះម៉ារីណាខាងជើង រហូតដល់ ២១-០ នៅក្នុងការជម្រុះប្រចាំពូលG នៃពានរង្វាន់ AFC U19 Championship qualification 2020 កាលថ្ងៃពុធ។

បើទោះបីជាជ័យជម្នះដ៏ធំធេងរបស់ក្រុមU19ថៃ វាមិនមែនជាការប្រកួតផ្ទាល់ថៃ និងកម្ពុជា ប៉ុន្តែការឈ្នះ ២១-០ លើក្រុមកោះម៉ារីណាខាងជើង លើកនេះ វាបានបង្ហាញឲ្យឃើញ ពីភាពខុសគ្នារវាងគុណភាពលេងរវាងក្រុមថៃ និងក្រុមកម្ពុជា ពិសេសគុណភាពនៅតំបន់ប្រយុទ្ធ ព្រោះកម្ពុជា បានយកឈ្នះក្រុមកោះម៉ារីណាខាងជើង ត្រឹម ៩-០ ប៉ុណ្ណោះ។

ភាពខ្លាំងរបស់ក្រុមU19ថៃ ដែលបានស៊ុត ទម្លុះសំណាញ់ទី ទៅលើក្រុមកោះម៉ារីណាខាងជើង រហូតដល់ ២១-០ នេះ វាហាក់បានគំរាមកំហែង និងបំបាក់ស្មារតីដល់ក្រុមកម្ពុជា ព្រោះកម្ពុជា នឹងត្រូវប្រកួតជម្រុះលើកទី៣របស់ខ្លួន ជាមួយក្រុមថៃ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃសុក្រ ខាងមុខនេះ។

ចំណែកក្រុមU19ម៉ាឡេស៊ី ដែលបានយកឈ្នះក្រុមកម្ពុជា ៥-៤ កាលថ្ងៃបើកឆាកនោះ បានលត់ក្រុមU19ប្រ៊ុយណេ ១១-០ កាលពីយប់ថ្ងៃពុធ ម្សិលមិញនោះដែរ ហើយលទ្ធផលនេះ បានធ្វើឲ្យក្រុមម៉ាឡេស៊ី បន្តឈរនៅលេខ២ ដដែល ដោយមាន៦ពិន្ទុពេញ ស្មើជាមួយក្រុមថៃ ដែលឈរនៅលេខ១ ខណៈកម្ពុជា ឈរនៅលេខ៣ ដោយមាន៣ ស្មើក្រុមប្រ៊ុយណេ ដែលឈរនៅលេខ៤ ចំណែកក្រុមកោះម៉ារីណា ឈរនៅបាតតារាង ដោយចាញ់ទាំង៣ប្រកួត៕