ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីរសៀលថ្ងៃអាទិត្យកន្លងទៅ សិស្សគុនមកពីក្លិប ប៉ែន កាក់ គុនខ្មែរ កីឡាករ សុខ សាវិន បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ តាក់ខាផេត ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី៣។

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ ការប្រកួតក្នុងទឹកទី១ មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយកីឡាករទាំងពីរគ្រាន់តែស្ទាបស្ទង់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ ប៉ុន្តែគ្រាន់តែចូលដល់ទឹកទី២ភ្លាមទាំង សុខ សាវិន និងកីឡាករថៃ បានសម្រុកគ្នាខ្លាំងៗតាមរយៈការចេញដៃធ្ងន់ៗ និងការទាត់ដែលធ្វើឲ្យការប្រកួតជក់ចិត្តជាខ្លាំង។

ការប្រកួតអូសបន្លាយដល់ចុងទឹកទី៣ សាវិន បានប្រើរន្ទះជើងទាត់ចូលពេញឆ្អឹងជំនីរបស់កីឡាករថៃ ធ្វើឲ្យកីឡាករថៃមិនអាចក្រោកឡើងបន្តការប្រកួត បើទោះបីជាលោកអាជ្ញាកណ្ដាលរាប់ដល់១០។ ជាលទ្ធផល សុខ សាវិន បានយកឈ្នះ តាក់ខាផេត ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី៣៕

ចង់ឃើញថា មួយជើងនោះរបស់សុខ សាវិន ធ្ងន់និងចូលពេញយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Credit: Khmerlaod