ចាន់ រតនា ជាអ្នកលេងយុទ្ធគុនខម និង គុនខ្មែរ ប៉ុន្តែ អាចប្រកួតក្បាច់គុនចម្រុះតំណាងឲ្យកម្ពុជានៅសង្វៀនលំដាប់ពិភពលោក ONE Championship បានយ៉ាងល្អមួយរយៈចុងក្រោយនេះ។ ទោះជាបែបណាក្ដី កីឡាករវ័យ៣៣ ឆ្នាំរូបនេះមិនហ៊ានអះអាងថាខ្លួនឯងមានលក្ខណៈអាជីពគ្រប់គ្រាន់ឡើយនៅកម្ពុជា ប៉ុន្តែរូបគេបានធ្វើរឿងជាច្រើនដែលកីឡាករកម្ពុជាផ្សេងទៀតមិនសូវបានធ្វើជាប្រចាំ។

ចាន់ រតនា បានបង្ហើបថា៖ «បើនៅស្រុកគេ ខ្ញុំឃើញគេមានលក្ខណៈអាជីពច្រើនជាងយើងទាំងការហ្វឹកហាត់ និង ឡើងប្រកួត ប៉ុន្តែសម្រាប់ខ្ញុំ វាមិនទាន់អាជីពពេញលេញ ហើយ ខ្ញុំក៏មិនហ៊ានថាខ្លួនឯងដែរ។ តែខ្ញុំបានខំហ្វឹកហាត់ជាប្រចាំ មានការតមអាហារត្រឹមត្រឹមត្រូវពេលត្រៀមប្រកួត ហើយ ខ្ញុំមានគ្រូគ្រប់ផ្នែកពាក់ព័ន្ធជួយខ្ញុំ និងហាត់ទៅតាមម៉ោងដែលបានរៀបចំប្រចាំថ្ងៃ។ ខ្ញុំមានគ្រូដើម្បីប្រឹក្សាច្រើនខុសប្លែកពីគេខ្លះ»។

រតនា ជាកីឡាករកម្ពុជា ដែលខំហ្វឹកហាត់ខ្លាំងក្លាតាំងពីសាច់ហើមៗមិនទាន់ល្អកាលនៅប្រកួតគុនខ្មែរនៅលើសង្វៀនក្នុងស្រុក។ មិនយូរប៉ុន្មាន រូបគេបានប្រែក្លាយសាច់ដុំទៅជាកង់ៗ និង ហំហាននៅពេលឈានជើងចូលប្រកួតក្បាច់ចម្រុះលើសង្វៀន ONE Championship តាមរយៈការហ្វឹកហាត់ត្រឹមត្រូវ។ រតនា ជាកីឡាករខ្មែរតែ ម្នាក់គត់បានសាងប្រវត្តិសាស្ត្រនៅលើសង្វៀនអន្តរជាតិមួយនេះដែលឈ្នះ ៣ ប្រកួតជាប់គ្នាមិនធ្លាប់មានសម្រាប់កីឡាករកម្ពុជា។

កូនប្រុសរបស់លោក ចាន់ ប៊ុនធឿន សង្កត់ធ្ងន់ថា៖ «ខ្ញុំមានគ្រូបង្វឹកច្បាស់លាស់ទៅតាមផ្នែករបស់ខ្ញុំ ដូចជា គ្រូបង្វឹក Lorenzo Lanzafame មកពី LLFitness បង្ហាត់ បច្ចេកទេសនិងគ្រប់គ្រងកម្លាំងរួមទាំងរបបអាហារ, គ្រូខូវ វិវឌ្ឍនា បង្ហាត់ខ្ញុំខាងក្បាច់ជីជិតស៊ូ ចំបាប់ និង MMA, គ្រូបង្វឹក Rolando ជនជាតិគុយបា បង្វឹកផ្នែកប្រដាល់សកល, គ្រូបង្វឹក Sov បង្វឹកភាពអំណត់ និង គ្រូបង្វឹក Jeppe បង្ហាត់ផ្នែកចលនាសរសៃនិងម៉ាស្សា ជាដើម។ ភាពច្បាស់លាស់ទៅតាមជំនាញនិមួយៗទើបធ្វើឲ្យខ្ញុំទទួលលទ្ធផលល្អដល់សព្វថ្ងៃ»។

កីឡាករដែលជាប់កិច្ចសន្យានៅសង្វៀន ONE បានរៀបរាប់បន្តថា គ្រូបង្វឹកទាំងអស់មិនមែនយកកម្រៃប្រចាំថ្ងៃ ឬ ប្រចាំខែពីខ្លួននោះទេ តែ វាជាការជួយគ្នាទៅវិញទៅមក។ ប៉ុន្តែមួយរយៈចុងក្រោយ រតនា ផ្ទាល់ និង គ្រូបង្វឹកទាំងអស់បានជជែកគ្នាដោយយល់ព្រមកាត់ភាគរយខ្លះពីប្រាក់ឈ្នួលឡើងប្រកួតម្ដងជូនគ្រូបង្វឹកទាំងអស់សម្រាប់ប្រើប្រាស់ ឬ ការធ្វើដំណើរទៅមើលការប្រកួតជាដើម។

គ្រូបង្វឹក Lorenzo Lanzafame ក៏បានបង្ហើបឲ្យដឹងកន្លងមកថា ចាន់ រតនាបានផ្ដោតលើការហ្វឹកហាត់ និង ផ្ដោតលើការប្រកួតយ៉ាងល្អ ថែមទាំងមានភាពភាពអំណត់តស៊ូដើម្បីឆ្ពោះទៅរកលទ្ធផលដែលខ្លួនចង់បាន។ លោកបញ្ជាក់ថា រតនា បានឈានដល់កម្រិតល្អបំផុតមួយនៃការប្រកួតគុនចម្រុះតំណាងឲ្យកម្ពុជា ហើយរូបគេត្រូវបន្តអភិវឌ្ឍខ្លួនបន្ថែមទៀតដើម្បីប្រកួតដណ្ដើមខ្សែក្រវាត់។

បច្ចុប្បន្ននេះ ចាន់ រតនា មិនត្រឹមតែហ្វឹកហាត់ខ្លួនឯងដើម្បីត្រៀមប្រកួតទេប៉ុន្តែថែមទាំងបង្ហាត់សិស្សដើម្បីសុខភាព និង សិស្សដែលចង់ឡើងប្រកួតអាជីពទៀតផង។ ងាកមកបទពិសោធន៍ក្នុងគុនចម្រុះវិញ ស្ថិតក្នុងវ័យ៣៣ឆ្នាំ ចាន់ រតនា ឡើងប្រកួតលើសង្វៀនគុនចម្រុះបានចំនួន ១០ លើកក្នុងនោះឈ្នះ ៧ លើក និង ចាញ់ ៣ លើ។ កំណត់ត្រាល្អបំផុត គឺឈ្នះ ៣លើកចុងក្រោយនៅសង្វៀនពិភពលោក ONE ដូចជាវ៉ៃ កីឡាករឥណ្ឌូណេស៊ី២នាក់ Abrou Fernandes និង Rudy Agustian ឲ្យចុះចាញ់ និងបន្តឈ្នះពិន្ទុ ជើងខ្លាំងធ្លាប់ប្រកួតនៅអូឡាំពិករបស់ក្រិក Gustavo Balart កាលពាក់កណ្ដាលខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ។

កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MASTERS OF FATE
នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពីក្រុងម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។

អត្ថបទ៖ ស៊ីធី