ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ និងក្រុមការងារគ្រូបង្វឹក ត្រូវបានប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ផ្តល់ជាប្រាក់រង្វាន់ ក្នុងម្នាក់ៗចំនួន៤លានរៀល ហើយការផ្តល់រង្វាន់លើកទឹកចិត្តនេះ គឺដើម្បីតបស្នងទៅនឹងការបង្កើតសមិទ្ធផលដ៏អស្ចារ្យមួយ ដែលពួកគេបានបង្កើតឲ្យមានឡើង នៅក្នុងការវគ្គជម្រុះប្រចាំពូលG នៃពានរង្វាន់ AFC U19 Championship qualification 2020 កាលពីពេលថ្មីៗនេះ។
តាមព័ត៌មាន ដែលត្រូវបានបង្ហោះ នៅលើផេចហ្វេសប៊ុកផ្លូវការរបស់ FFC កាលពីប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត សរុបទាំងអស់១២៨លានរៀល ដល់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ និងក្រុមការងារគ្រូបង្វឹក សម្រាប់សមិទ្ធផល និងការខិតខំប្រឹងប្រែង ក្នុងការប្រកួត AFC U19 Championship 2020 Qualifiers ហើយជាមួយប្រាក់រង្វាន់នេះ គឺម្នាក់ៗទទួលបានចំនួន៤លានរៀល។
គួររំឭកថា ការប្រកួតវគ្គជម្រុះប្រចាំពូលG នៃពានរង្វាន់ជើងឯកយុវជន អាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U19 Championship qualification 2020) ដែលត្រូវបានធ្វើឡើង នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី២ ដល់ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកនេះ ក្រុមម្ចាស់ផ្ទះកម្ពុជា បានឈ្នះឈរនៅលេខ២ប្រចាំពូលG ដោយមាន៩ពិន្ទុ ជាមួយការឈ្នះ៣ និងចាញ់១ប្រកួត ខណៈក្រុមឈរនៅលេខ១ ម៉ាឡេស៊ី បានឈ្នះទាំង៤ប្រកួត និងមាន១២ពិន្ទុពេញ។
តាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះ ក្រុមU19កម្ពុជា បានបើកឆាកជាមួយការចាញ់ក្រុមU19ម៉ាឡេស៊ី ៥-៤ មុនពេលពួកគេ បានឈ្នះក្រុមកោះម៉ារីណាខាងជើង ៩-០ ឈ្នះក្រុមU19 ថៃ ២-១ និងឈ្នះក្រុមU19ប្រ៊ុយណេ ៣-០។
ជាមួយលទ្ធផលនេះ បានជួយឲ្យក្រុមកម្ពុជា កំពុងឈរនៅលេខរៀងទី៥ ក្នុងតារាងក្រុមលេខ២ល្អ ដែលមានឱកាសឡើងទៅប្រកួតនៅវគ្គបន្ត។ ប៉ុន្តែដោយសារក្រុមទាំង៤ ឈរនៅពូលA មិនទាន់ប្រកួតនោះ គឺកម្ពុជា ត្រូវចាំអ៊ុតមើលការប្រកួតពូលនេះសិន ថាតើ ពួកគេ នៅតែឈរនៅលេខ៥ ក្នុងចំណោមក្រុមលេខ២ល្អ ដើម្បីបានឡើងទៅវគ្គបន្ត ឬការត្រូវធ្លាក់មកលេខរៀងទី៦ ដែលមិនទទួលបានឱកាសទៅវគ្គបន្ត៕
ក្រុម U19 កម្ពុជា ទទួលបានរង្វាន់លើកទឹកចិត្ត ចំពោះការបង្កើតសមិទ្ធផលល្អ ក្នុងពាន AFC U19
អត្ថបទទាក់ទង