ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចែកផ្លូវជាមួយខ្សែប្រយុទ្ធ Shane Booyen ព្រមទាំងខ្សែបម្រើ នៅ សុខសិលា និងខ្សែការពារ ពុំ តុលា ជាផ្លូវការហើយ ហើយការចែកផ្លូវនេះ ត្រូវបានធ្វើប្រកាសជាសាធារណៈតាមផេចហ្វេសប៊ុករបស់ក្លិប កាលពីប៉ុន្មាននាទីមុននេះ។
ភ្នំពេញក្រោន មិនបានប្រាប់ពីមូលហេតុ នៃការចែកផ្លូវជាមួយខ្សែប្រយុទ្ធពាក់លេខ៩០ Shane Booyen ខ្សែបម្រើពាក់លេខ១៦ នៅ សុខសិលា និងខ្សែការពារពាក់លេខ៧១ ពុំ តុលា នោះទេ គឺក្លិបមួយនេះ បានត្រឹមអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់អ្នកទាំង៣។
គួររំឭកថា Booysen បានសម្រេចវិលមករួមរស់ជាថ្មី ជាមួយក្រុមភ្នំពេញក្រោន កាលពីពាក់កណ្តាលរដូវកាលឆ្នាំ២០១៩នេះ បន្ទាប់ពីរូបគេបានទៅលេងឲ្យក្លិបនគរបាលជាតិ បានពាក់កណ្តាលរដូវកាល ហើយសម្រាប់ការបង្ហាញខ្លួនចំនួន១២លើកចុងក្រោយនេះ Booyen រកបាន៧គ្រាប់ឲ្យភ្នំពេញក្រោន។
ចំណែកខ្សែបម្រើ នៅ សុខសិលា ដែលបានមកចូលរួមពេញមួយរដូវកាលជាមួយក្រុមភ្នំពេញក្រោននោះ គឺបានបង្ហាញខ្លួន នៅលើទីលានជាផ្លូវការបានត្រឹម៦ដងទេ និងរកបាន២គ្រាប់ឲ្យភ្នំពេញក្រោន រីឯកីឡាករធ្លាប់លេងឲ្យក្លិបក្រសួងការពារជាតិ ពុំ តុលា លេងបានត្រឹម៣ប្រកួត សម្រាប់ការមករួមរស់ពេញមួយរដូវកាលជាមួយភ្នំពេញក្រោននេះ៕
ខ្សែប្រយុទ្ធ Booyen និងកីឡាករកម្ពុជា ២នាក់ទៀត ត្រូវបាន ក្លិបភ្នំពេញក្រោន បញ្ចប់កុងត្រា
អត្ថបទទាក់ទង