ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញឆន្ទៈមោះមុតខ្លាំង ក្នុងការតតាំងជាមួយក្រុមម្ចាស់ផ្ទះហុងកុង នាជំនួបជើងទី២ ប្រចាំពូលC ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ FIFA World Cup Qatar 2022 នៅពហុកីឡដ្ឋានហុងកុង នាយប់ម៉ោង៧ (ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារនេះ ប៉ុន្តែឧបសគ្គជាច្រើន នឹងអាចកើតមានឡើងចំពោះពួកគេ ខណៈហុងកុង ហាក់ស្រេកឃ្លានខ្លាំង ក្នុងការឈ្នះ៣ពិន្ទុនោះ។

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas គ្រោងនឹងប្រើវិធីសាស្រ្ត ដើម្បីបំបែកក្បួនលេងរបស់ក្រុមម្ចាស់ផ្ទះហុងកុង សម្រាប់ជំនួបនៅយប់នេះ ហើយលោកបានអះអាងថា នៅពេលនេះ កូនក្រុមរបស់លោក មានឆន្ទៈមោះមុត ក្នុងការប្រកួតជាមួយក្រុមហុងកុង។ លោក Felix បាននិយាយក្នុងសន្និសីទកាសែត នៅទីក្រុងហុងកុង កាលពីល្ងាចថ្ងៃចន្ទថា៖ «យើងទើបតែបញ្ចប់ការប្រកួតជាមួយក្រុមម៉ុងហ្គោលី ដែលជាការប្រកួតមួយ ជួយដល់ការត្រៀមខ្លួន សម្រាប់ការប្រកួតជាមួយក្រុមហុងកុង លើកនេះ»។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បានបន្ថែមថា៖«ស្មារតីរបស់ក្រុមគឺល្អ មានឆន្ទៈមោះមុតចំពោះការប្រកួតជាមួយក្រុមហុងកុង ហើយយើងដឹងថា យើងដឹងថា ក្រុមទាំង២ សុទ្ធតែត្រូវការឈ្នះ៣ពិន្ទុ ដូច្នេះក្រុមហុងកុង ក៏ត្រៀមខ្លួនបានល្អដូចគ្នា»។ គួររំឭកថា ក្រុមជម្រើសជាតិកម្ពុជា បានត្រឹមស្មើ ១-១ ជាមួយក្រុមជម្រើសជាតិហុងកុង សម្រាប់ការប្រកួត នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែវាបានក្លាយជាលទ្ធផលដ៏ល្អផងដែរ ព្រោះការជួបគ្នាចំនួន៥លើកកន្លងមក ក្រុមកម្ពុជា បានចាញ់ក្រុមហុងកុង រហូត។

ផ្ទុយពីនេះលោក Mixu Paatelainen គ្រូបង្វឹកក្រុមហុងកុង បានសម្តែងការមិនពេញចិត្តចំពោះការស្មើគ្នា ១-១ កាលពីជើងទី១នោះទេ ហេតុនេះការវិលមកជួបគ្នារវាងក្រុមទាំង២ នៅពហុកីឡដ្ឋានហុងកុង នាយប់ម៉ោង៧ ថ្ងៃអង្គារនេះ វាបានក្លាយជាពេលវេលាយ៉ាងល្អសម្រាប់លោក ក្នុងការដណ្តើមយក៣ពិន្ទុ ខណៈក្រុមហុងកុង ទើបបានស្មើគ្នា ០-០ ជាមួយក្រុមកំពុងឈរនៅលេខ២ បារ៉ែន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នោះ។

លោក Mixu Paatelainen បានថ្លែង នៅក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃចន្ទថា៖«ជាការពិត កម្ពុជា និងបារ៉ែន មិនដូចគ្នាទេ ដូច្នេះយុទ្ធសាស្រ្តលេង គឺខុសគ្នា ពីការលេងជាមួយក្រុមបារ៉ែន ហើយយើងសង្ឃឹមថា នឹងបាន៣ពិន្ទុ សម្រាប់ការប្រកួតលើកនេះ»។

តាមរយៈការប្រកួតចំនួន៤លើកដូចគ្នា ក្នុងវគ្គជម្រុះប្រចាំពូលCនេះ ក្រុមហុងកុង ធ្វើបានល្អជាងក្រុមកម្ពុជា ដោយពួកគេ បានស្មើ២ ចាញ់២ប្រកួត ខណៈកម្ពុជា បានស្មើ១ និងចាញ់៣ប្រកួត ហើយកំពុងឈរនៅបាតតារាង ដោយមាន១ពិន្ទុ ចំណែកក្រុមអ៊ីរ៉ាក់ បានឈរនៅកំពូលតារាង ដោយមាន១០ពិន្ទុ និងតាមពីក្រោយដោយក្រុមបារ៉ែន មាន៨ពិន្ទុ និងក្រុមអ៊ីរ៉ង់ ដែលមាន៦ពិន្ទុ៕