អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន លោក កែវ សុខង៉ន បានបង្ហោះសារបែបចុកដោតមួយ ដើម្បីបង្ហាញពីភាពមិនពេញចិត្តមួយចំនួន ជុំវិញការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីក្រុមមួយនេះ បានចាញ់ក្រុមម្ចាស់ផ្ទះហុងកុង ២-០ ក្នុងការប្រកួតជើងទី២ ប្រចាំពូលC ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ FIFA World Cup Qatar 2022 នៅពហុកីឡដ្ឋានហុងកុង កាលពីយប់ម្សិលមិញ។

បើទោះបីជានៅក្នុងសារនោះ កែវ សុខង៉ន មិនបានបង្ហាញពីមូលហេតុឲ្យបានច្បាស់ ជុំវិញភាពមិនពេញចិត្តរបស់ខ្លួន ទៅលើលទ្ធផលនៃការប្រកួតរបស់ក្រុមកម្ពុជា ប៉ុន្តែតាមរយៈពាក្យពេច ដែលបានសរសេរ នៅក្នុងសារនោះ វាបានបញ្ជាក់ថា សុខង៉ន មានខឹងទៅមនុស្សមួយចំនួន ដែលនៅតែបន្តរារាំង ការឆ្ពោះទៅមុនរបស់ក្រុមជម្រើសជាតិកម្ពុជា។

បងប្រុសរបស់ខ្សែប្រយុទ្ធ កែវ សុខផេង រូបនេះ បានសរសេរ បង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន ក្រោយពេលក្រុមកម្ពុជា ចាញ់ហុងកុង ២-០ ទាំងយប់ថា៖ «អញអើយអញ ម៉ាថ្ងៃ 20$ ប្រមូលផ្ដុំ តាំងពីរអុំទូក រហូតមកដល់ឥលូវ អត់បានសម្រាកផង ហើយពួកអាបានផល នៅតែបានផល ហើយពួកអាមិនផល នៅតែមិនបាន។ បើពួកអស់លោកណាមិនពេញចិត្តទេ call មកអញ 088 5055551 រឺឆាត់មក ចាំអញប្រាប់ នៅវគ្គបន្តទៀតក្ដរស្អីហា»។

ជាមួយគ្នានេះលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏បានបង្ហាញការសោកស្តាយចំពោះការចាញ់ក្រុមម្ចាស់ផ្ទះហុងកុង ២-០ កាលពីយប់ថ្ងៃអង្គារនោះដែរ។ លោកបាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយ ដែលការខិតខំរបស់កីឡាករយើងណ មិនអាចទទួលបានលទ្ធផល ដែលពួកគេសមទទួលបាន ទៅតាមការប្រឹងប្រែងរបស់ពួកគេ»។

សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានហុងកុង កាលពីយប់ថ្ងៃអង្គារនោះ ក្រុមកម្ពុជា គ្រប់គ្រងបាលបានច្រើន ប៉ុន្តែតំបន់ប្រយុទ្ធរបស់ក្រុមនេះ មិនអាចទម្លុះរនាំងការពាររបស់ម្ចាស់ផ្ទះហុងកុងបានទេ ហើយនៅក្នុងស្ថានភាពនោះ កីឡាករ Gee Ha បានរកគ្រាប់បាល់បើកឆាកឲ្យម្ចាស់ផ្ទះ នៅនាទីទី២០ ខណៈ Roberto បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៨៣ គឺមុនពេលប្រធានក្រុម សឿយ វិសាយ ត្រូវបានបណ្តេញ ដោយទទួលបានកាតលឿងទី២ (ស្មើកាតក្រហម)។

ចំណែកក្រុមម្ចាស់ផ្ទះអ៊ីរ៉ាក់ បានត្រឹមស្មើ ០-០ ជាមួយក្រុមបារ៉ែន នៅក្នុងការប្រកួតលើកទី៥ កាលពីយប់ថ្ងៃអង្គារនោះដែរ ប៉ុន្តែការរកបាន១ពិន្ទុបន្ថែមនេះ វានៅតែជួយឲ្យក្រុមអ៊ីរ៉ាក់ បន្តឈរនៅកំពូលតារាងប្រចាំពូលCនេះ ដោយមាន១១ពិន្ទុ តាមពីក្រោយដោយក្រុមបារ៉ែន មាន៩ពិន្ទុ ក្រុមអ៊ីរ៉ង់ មាន៦ពិន្ទុ និងក្រុមហុងកុង មាន៥ពិន្ទុ ខណៈកម្ពុជាឈរនៅបាតតារាង មាន១ពិន្ទុ ជាមួយការស្មើ១ និងចាញ់៤ប្រកួត៕