ក្រុមម្ចាស់ផ្ទះហ្វីលីពីន បានបង្កើតឲ្យមានរឿងដ៏សង្វេគចិត្តមួយ ដល់ក្រុមជម្រើសជាតិកម្ពុជា មុនពេលក្រុមទាំង២ ត្រូវប្រកួតបើកឆាកប្រចាំពូលA នៃយុទ្ធនាការប្រកួតស៊ីហ្គេម នៅពហុកីឡដ្ឋាន Rizal Memorial នាយប់ម៉ោង៧ (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទនេះ ចំណែកក្រុមឈរនៅពូលជាមួយគ្នា ទីម័រខាងកើត ក៏បានជួបរឿងដ៏កម្សត់ ដូចក្រុមកម្ពុជា ផងដែរ។

សម្រាប់ការចេញទៅបំពេញបេសកម្ម នៅស៊ីហ្គេម លើកនេះ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីន នៅម៉ោង៤:៣០ជិតភ្លឺ ប៉ុន្តែក្រុមដ៏កម្សត់មួយនេះ មិនបានចូលស្នាក់នៅសណ្ឋាគារភ្លាមៗនោះទេ គឺពួកគេបានដេកចាំរដូករណែលលើកម្រាលព្រំ នៅបន្ទប់ទទួលភ្ញៀវជិត១០ម៉ោង ខណៈម្ចាស់សណ្ឋាគារ បានប្រាប់ថា ម៉ោង២រសៀល ទើបឲ្យចូល check in នោះ។

លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យ ម្សិលមិញថា៖ «យើងបានរង់ចាំប្រមាណ៨ទៅ៩ម៉ោង ដើម្បីបានចូលស្នាក់នៅ ក្នុងបន្ទប់នៃសណ្ឋាគារ ហើយពួកយើងក៏បានរង់ចាំប្រហែល១ម៉ោង សម្រាប់សេវាដឹកជញ្ជូនផងដែរ»។

ជាមួយនឹងការជួបហេតុការណ៍ដ៏សង្វេគនេះ ធ្វើឲ្យ លោក Felix Dalmas បានលុបចោលកម្មវិធីហ្វឹកហាត់ ថ្ងៃទី១របស់ក្រុមជម្រើសជាតិកម្ពុជា នៅលើទឹកដីហ្វីលីពីន ហើយជំនួយវិញ ដោយការរត់កម្តៅសាច់ដុំ នៅជុំវិញសណ្ឋាគារ។ ការធ្វើបែបនេះ ដោយសារកីឡាករដេកមិនគ្រប់ ហេតុនេះបើធ្វើការហ្វឹកហាត់ខ្លាំងទៅតាមគម្រោង វាអាចធ្វើឲ្យពួកគេមានការប៉ះពាល់ផ្នែកកម្លាំង និងអារម្មណ៍។

យ៉ាងណាក៏ដោយ លោក Felix បានបន្ថែមថា៖«យើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនៅទីនេះ ជាមួយក្រុមផ្សេងៗទៀត នៅក្នុងតំបន់។ ថ្វីដ្បិតតែមានការរអាក់រអួលជាច្រើនចំពោះក្រុមកម្ពុជាយើង តាំងពីមកដល់ទីនេះពិតមែន តែក្រុមយើងអាចព្យាយាមសម្របសម្រួលខ្លួន ទៅតាមស្ថានភាពជាក់ស្តែងបានល្អ»។

ស្រដៀងគ្នានេះដែរ ក្រុមជម្រើសជាតិទីម័រខាងកើត ក៏បានជួយហេតុការណ៍សង្វេគចិត្តដូចក្រុមកម្ពុជាផងដែរ ព្រោះក្រុមមួយនេះ បានទៅដល់ព្រលានយន្តហោះ នៃទីក្រុង Manila នៅម៉ោង៥ព្រឹកព្រលឹមដែរ ប៉ុន្តែក្រុមទីម័រ បានរង់ចាំការដឹកជញ្ជូនពីព្រលានទៅសណ្ឋាគារចំនួន២ម៉ោងកន្លះទៀត ហើយនៅពេលទទួលបានសេវាកម្មដឹកជញ្ជូនពីម្ចាស់ផ្ទះនោះ គឺអ្នកបើកឡាន បានជូនពួកគេ ទៅកាន់ខុសសណ្ឋាគារ ទៅទៀត។

លោក Fabiano Flora គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ថា៖ «ប្រទេសទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតស៊ីហ្គេមនេះ សមនឹងទទួលបាននៅការគោរព ហើយអ្វីដែលបានកើតឡើង កាលពីម្សិលមិញ វាមិនមែនជារឿងល្អនោះទេ»។

យ៉ាងណាក៏ដោយ គណៈកម្មាធិការប្រកួតស៊ីហ្គេម របស់ប្រទេសហ្វីលីពីន បានចេញមុខសុំទោសចំពោះការទទួលស្វាគមន៍មិនល្អនេះ ដោយបាននិយាយថា៖«យើងពិតជាមានការសោកស្តាយ និងសុំទោសទៅដល់ក្រុមអត្តពលិក ដែលជាភ្ញៀវ ចំពោះភាពរអាក់រអួល ដែលបានកើតមានឡើងដោយការភាន់ច្រឡំ ហើយយើងសន្យាថា នឹងធ្វើឲ្យមានភាពប្រសើរវិញ»។

ចំណែកលោក Goran Milojevic គ្រូបង្វឹកក្រុមហ្វីលីពីន បាននិយាយ ក្នុងសន្និសីទកាសែតថា៖«ជាដំបូង ខ្ញុំសូមស្វាគមន៍ក្រុមផ្សេងៗ ដែលបានមកកាន់ប្រទេសហ្វីលីពីន ហើយខ្ញុំគិតថា ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ និងមានភាពជកចិត្ត ក្នុងការទស្សនា ខណៈគោលបំណងរបស់ខ្ញុំ គឺចង់ទទួលបានជ័យជម្នះក្នុងការប្រកួតនេះ»។

ដោយឡែកក្រុមមីយ៉ាន់ម៉ា ក៏នឹងត្រូវធ្វើការប្រកួតបើកឆាកប្រចាំពូលAនេះ ជាមួយក្រុមម៉ាឡេស៊ី នៅរសៀលម៉ោង៣ ថ្ងៃចន្ទនេះ ផងដែរ។ លោក Velizar Popov គ្រូបង្វឹកក្រុមមីយ៉ាន់ម៉ា បាននិយាយថា៖«ពិតណាស់ ម៉ាឡេស៊ី ជាក្រុមខ្លាំងជាងគេ នៅក្នុងពូលនេះ ប៉ុន្តែយើងមានរបៀបលេងរបស់យើង ហើយជាការប្រឹងប្រែងរបស់ពួកយើង ដោយសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលល្អ»៕