គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានបង្ហាញការសោកស្តាយ ចំពោះការគ្រប់គ្រងឱកាសយកឈ្នះលើក្រុមម្ចាស់ផ្ទះហ្វីលីពីន មិនបាន ប៉ុន្តែ Goran Milojevic មានការរីករាយខ្លាំង ដែលបានដឹកនាំក្រុមហ្វីលីពីន វាយបក ដើម្បីតាមស្មើកម្ពុជា ១-១ នៅនាទីទី ៩០+៥។

លោក Felix Dalmas បាននិយាយក្រោយការប្រកួតថា៖«យើងមានឱកាសនាំមុខម្ចាស់ផ្ទះហ្វីលីពីនមុន ប៉ុន្តែយើងមានការសោកស្តាយ ដែលមិនអាចនាំមុខរហូតដល់ចប់ម៉ោង ព្រោះហ្វីលីពីន មានកីឡាករដែលមានកាយសម្បទាល្អ ទាំងកម្ពស់ និងកម្លាំង»។

សម្រាប់ការប្រកួតបើកឆាកប្រចាំពូលA នៃយុទ្ធនាការប្រកួតស៊ីហ្គេម នៅពហុកីឡដ្ឋាន Rizal Memorial ប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនោះ ក្រុមកម្ពុជា បានបង្ហាញការលេងយ៉ាងល្អ និងគ្រប់គ្រងបាល់បានយ៉ាងច្រើន នៅក្នុងតង់ទី១ ហើយសម្រែកហ៊ោរកញ្ជ្រៀវ បានផ្ទុះឡើង នៅពេលខ្សែបម្រើ ឆេង ម៉េង បានបញ្ជូនបាល់យ៉ាងល្អឲ្យខ្សែប្រយុទ្ធ កែវ សុខផេង ដើម្បីស៊ុតបញ្ចូលទៅ នៅនាទីទី៤១នោះ។

យ៉ាងណាក៏ដោយ នៅក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះហ្វីលីពីន បានវាយសម្រុក ជាបន្តបន្ទាប់ ហើយរឿងដ៏គួរឲ្យសោកស្តាយ បានកើតមានឡើងចំពោះកម្ពុជា នៅពេលខ្សែប្រយុទ្ធ Dennis Chung របស់ហ្វីលីពីន បានស៊ុតបាល់ទម្លុះសំណាញ់ទីកម្ពុជា បានសម្រេច នៅភក្នុងនាទីបន្ថែម ៩០+៥ នោះ។

ការតាមស្មើរបស់ម្ចាស់ផ្ទះហ្វីលីពីន ១-១ ខណៈការប្រកួតនៅសល់២នាទីទៀត នឹងបញ្ចប់នេះ បានធ្វើឲ្យក្រុមកម្ពុជា និងអ្នកគាំទ្រ មានការសោកស្តាយយ៉ាខ្លាំង។ ផ្ទុយពីនេះ លោក Goran Milojevic គ្រូបង្វឹកក្រុមហ្វីលីពីន បានសាទរចំពោះការចែកគ្នាម្នាក់១ពិន្ទុជាមួយកម្ពុជា លើកនេះ។

លោក Goran Milojevic បាននិយាយក្រោយការប្រកួតថា៖«ខ្ញុំសូមអបអរដល់កីឡាករ និងក្រុមការងាររបស់យើង ដែលជួយគ្នារហូតបានលទ្ធផលវិជ្ជមាន។ តាមគំនិតខ្ញុំ យើងលេងបានល្អ សឹងតែឈ្នះការប្រកួតនេះទៅហើយ តែសរុបមកខ្ញុំពិតជារីករាយជាមួយលទ្ធផលនេះ»។

តាមរយៈការចែកគ្នាម្នាក់១ពិន្ទុនេះ ក្រុមកម្ពុជា បានឡើងទៅឈរនៅពូលA ជាបណ្តោះអាសន្ន ដោយមាន១ពិន្ទុស្មើជាមួយក្រុមហ្វីលីពីន ព្រមទាំងក្រុមម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដែលបានស្មើគ្នា ១-១ សម្រាប់ការប្រកួតបើកឆាក កាលពីម្សិលមិញនោះដែរ។

ដោយឡែកក្រុមវៀតណាម បានលត់ក្រុមប្រ៊ុយណេ រហូតដល់ ៦-០ ដើម្បីឈរនៅលេខ១ពូលB ជាបណ្តោះអាសន្ន ហើយនៅថ្ងៃអង្គារនេះ ក្រុមថៃ នឹងត្រូវប្រកួតបើកឆាករបស់ខ្លួនជាមួយក្រុមឥណ្ឌូនេស៊ី នៅរសៀលម៉ោង៣ មុនពេលក្រុមឡាវ ត្រូវប៉ះក្រុមសិង្ហបុរី នៅយប់ម៉ោង៧៕