«ខ្ញុំខំប្រឹងខ្លាំងជាងមុនលើសពី១០០ % ជាប្រចាំថ្ងៃ ទោះមិនទាន់មានដំណឹងថាឡើងប្រកួតនៅសង្វៀន ONE Championship នាពេលណាក៏ដោយ»។ ចាន់ រតនា កីឡាករគុនចម្រុះកម្រិតកំពូលរបស់កម្ពុជាដែលជាប់កិច្ចសន្យាប្រកួតនៅ ONE បានថ្លែងបែបនេះ មុនពេលទទួលការប្រកួតបន្ទាប់នៅថ្ងៃខាងមុខ។

ចាន់ រតនា ដែលគេស្គាល់ថា ជាម្ចាស់ក្លិបប្រដាល់ «សិល្បៈ» បានរៀបរាប់ថា នេះជាការតាំងចិត្តរបស់ខ្លួនដើម្បីប្រកួតតំណាងឲ្យកម្ពុជានៅលើសង្វៀនលំដាប់ពិភពលោក។ រតនា គូសបញ្ជាក់ដូច្នេះ៖«រាល់ថ្ងៃខ្ញុំបានកាត់ម៉ោងបង្ហាត់សិស្សនៅក្លិបរបស់ខ្ញុំមួយចំនួនដើម្បីផ្ដោតលើការហ្វឹកហាត់ផ្ទាល់ខ្លួន។ ការហាត់របស់ខ្ញុំត្រូវតែខ្លាំងជាងមុនឆ្ងាយព្រោះមិនមែនជួបកីឡាករកម្រិតដូចមុននោះទេ។ គ្រូបង្វឹករបស់ខ្ញុំទាំងអស់ដូចជាផ្នែកកម្លាំង បច្ចេកទេស ជឺជិតស៊ូ ប្រដាល់សកល គុនខ្មែរ និង MMA បានបង្ហាត់ខុសប្លែកពីមុន»។

កីឡាករវ័យ៣៣ ឆ្នាំរូបនេះបានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនឯង និង សម្រាប់កម្ពុជានាពេលកន្លងមកដែលឈ្នះ ៣ លើកជាប់គ្នានៅសង្វៀន ONE និង គ្មានកីឡាកររូបណាធ្វើបានទេក្នុងចំណោមកីឡាករគុនចម្រុះរបស់កម្ពុជា។ ដ្បិតមិនហ៊ានអះអាងថាមិនទាន់ជាកីឡាករអាជីព ប៉ុន្តែ ចាន់ រតនា មានគ្រូបង្វឹកបង្ហាត់គ្រប់ផ្នែក ដែលកីឡាករនៅកម្ពុជាមិនទាន់ធ្វើដូចនៅឡើយ។ រតនា ខំហ្វឹកហាត់តាំងពីសាច់ហើមៗកាលឡើងប្រកួតនៅសង្វៀនក្នុងស្រុកញឹកញាប់រហូតក្លាយជាកីឡាករមានសាច់ណែនល្អ និង មានឈ្មោះបោះសំឡេងចេញទៅប្រកួតលើឆាកអន្តរជាតិជាហូរហែ។

កូនប្រុសរបស់លោក ចាន់ ប៊ុនធឿន ដែលចូលហាត់ក្បាច់គុនតាំងពីតូចជាមួយឳពុកបានបន្ថែមទៀតថា ក្រៅពីខំហ្វឹកហាត់ខ្លួនឯង រូបគេជឿជាក់ថា ការបង្ហាត់សិស្សជាប្រចាំថ្ងៃក៏ជាការរួមចំណែកអភិវឌ្ឍន៍កម្លាំងរបស់ខ្លួនផងដែរ ព្រោះពេលកាន់ស៊ីប ជើង និងស៊ីបដៃ ឲ្យកូនសិស្សវ៉ៃ និង ទាត់សុទ្ធតែប្រើកម្លាំងដែរ។ រតនា បញ្ជាក់ខ្លីថា៖«វាជាផលចំណេញទាំងសងខាង ទាំងកូនសិស្សរបស់ខ្ញុំ រួមទាំងខ្ញុំផងដែរ»។

គួរដឹងដែរថា ចាន់ រតនា មានគ្រូបង្វឹកផ្ទាល់ខ្លួនជាច្រើននិងមានកម្មវិធីហ្វឹកហាត់ផ្សេងៗគ្នាដូចជាគ្រូបង្វឹក Lorenzo Lanzafame បង្ហាត់ បច្ចេកទេសនិងគ្រប់គ្រងកម្លាំងរួមទាំងរបបអាហារ, គ្រូ ខូវ វិវឌ្ឍនា បង្ហាត់ក្បាច់ជឺជិតស៊ូ ចំបាប់ និង MMA, គ្រូបង្វឹក Rolando ជនជាតិគុយបា បង្វឹកផ្នែកប្រដាល់សកល, គ្រូបង្វឹក Sov បង្វឹកភាពអំណត់ និង គ្រូបង្វឹក Jeppe បង្ហាត់ផ្នែកចលនាសរសៃនិងម៉ាស្សា។

បន្ទាប់ពីទទួលបានការគាំទ្រ លើកទឹកចិត្ត និង តែងតែរង់ចាំមើលការប្រកួតរបស់ខ្លួន រតនា សូមថ្លែងអំណរគុណបែបនេះ៖«ខ្ញុំអរគុណដល់បងប្អូនអ្នកគាំទ្រនៅកម្ពុជាទាំងអស់ដែលគាំទ្រ និង តាមដានរាល់សកម្មភាពរបស់ខ្ញុំពីដើមរៀងមក។ ខ្ញុំឃើញបងប្អូនផ្ញើសារមកគាំទ្រច្រើនតាមហ្វេសប៊ុករបស់ខ្ញុំ។ ខ្ញុំសូមអភ័យទោសបើសិនជាខ្ញុំមិនបានឆ្លើយតបសារ។ ហើយការប្រកួតនាពេលខាងមុខ ខ្ញុំនឹងប្រែងប្រែងឲ្យខ្លាំងក្លាបំផុតតាមអាចធ្វើទៅបានដើម្បីបងប្អូនអ្នកគាំទ្រទាំងអស់គ្នា»។

ចាន់ រតនា បច្ចុប្បន្នវ័យ៣៣ ឆ្នាំមានកំណត់ត្រាប្រកួតអាជីពលើសង្វៀនគុនចម្រុះបានចំនួន ១០ លើកក្នុងនោះឈ្នះ ៧ លើក និង ចាញ់ ៣ លើ។ កំណត់ត្រាល្អដាច់គេក្នុងចំណោមកីឡាករខ្មែរគឺ ឈ្នះ ៣លើកចុងក្រោយនៅសង្វៀនពិភពលោក ONE បន្ទាប់ពីវ៉ៃកីឡាករឥណ្ឌូណេស៊ី២នាក់ Abrou Fernandes និង Rudy Agustian ឲ្យចុះចាញ់ មុនបន្តឈ្នះពិន្ទុ ជើងខ្លាំងធ្លាប់ប្រកួតចំបាប់ព្រឹត្តិការណ៍អូឡាំពិករបស់ក្រិក Gustavo Balart កាលពាក់កណ្ដាលខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង