លោក Felix Dalmas គ្រូបង្វឹកកម្ពុជា ក៏បានសម្តែងការអបអរជាមួយការឈ្នះក្រុមទីម័រខាងកើត ៥-០ សម្រាប់ការប្រកួតជម្រុះ ប្រចាំពូលA ក្នុងយុទ្ធនាការស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន កាលពីយប់ម្សិលមិញ ប៉ុន្តែលោកនៅតែមើលឃើញថា កូនក្រុមរបស់លោក នៅមានចំណុចខ្វះខាតមួយចំនួនផងដែរ។
លោក Norio Tsukitate គ្រូបង្វឹកក្រុមទីម័រខាងកើត បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖«ការប្រកួតនេះ ពិតជាលំបាកសម្រាប់យើង ព្រោះកម្ពុជាគឺជាក្រុមល្អ ដោយពួកគេលេងបានល្អ ជាមួយនឹងការត្រៀមខ្លួនបានល្អ។ ៦០នាទីដំបូង យើងធ្វើបានល្អ តែបន្ទាប់ពីនោះ យើងលេងខុសទីតាំងបន្តិច ប៉ុន្តែនេះគឺជាបាល់ទាត់ ហើយការបង្កើតកំហុស គឺជារឿងធម្មតា»។
សម្រាប់ការប្រកួត នៅពហុកីឡដ្ឋាន Rizal Memorial កាលពីយប់ថ្ងៃពុធនោះ ខ្សែការពាររបស់ទីម័រខាងកើត បានបង្កើតកំហុស ចំពោះការរារាំង ស៊ិន សុផាណាត់ នាំឲ្យលោកអាជ្ញាកណ្តាល ពិន័យ ដោយផ្តល់ឲ្យកម្ពុជា ទាត់បាល់ហ្រីឃីក នៅក្នុងប្រអប់គ្រោះថ្នាក់ ហើយ ស៊ិន កក្កដា ជាអ្នកធ្វើបានសម្រេច ដើម្បីជួយឲ្យកម្ពុជា នាំមុខ ១-០ នៅត្រឹមនាទីទី៨។
យ៉ាងណាក៏ដោយ ក្រោយការរបូតគ្រាប់បាល់ ដោយការបង្កើតកំហុសនោះ ក្រុមទីម័រ បានព្យាយាមវាយបកសងមកលើកម្ពុជា យ៉ាងស្វិតស្វាញ តែមិនអាចរកបានគ្រាប់បាល់តាមស្មើនោះទេ។ ផ្ទុយពីនេះ រ៉ឹង ប៊ុនហៀង ដែលដាក់ឲ្យចូលលេងជំនួស ស៊ិន សុផាណាត់ នៅតង់ទី២នោះ រកបាន២គ្រាប់ឲ្យកម្ពុជា នៅនាទីទី៧០ និងនាទីទីបន្ថែម៩០+២ ខណៈ២គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធវ័យក្មេង សៀន សន្ធា នៅនាទីទី៧៨ និង កែវ សុខផេង នៅនាទីទី៨៣។
ចំពោះការរក្សាជំហ ក្នុងការបន្តរកឲ្យឃើញនៅចំណុចខ្វះខាតរបស់កូនក្រុមនេះ លោក Felix បានបញ្ជាក់ថា៖«ខ្ញុំតែងតែពិនិត្យមើលមុខងារក្រុម ក៏ដូចជាភាពរីកចម្រើនរបស់កីឡាករនីមួយៗ ជាជាងចំនួនគ្រាប់បាល់ ឬលទ្ធផលតែមួយមុខ»។
យ៉ាងណាក៏ដោយ ការយកឈ្នះក្រុមទីម័រ ៥-០ ជាលើកដំបូង ក្នុងប្រវត្តិបាល់ទាត់កម្ពុជា នៅស៊ីហ្គេមនេះ បានជួយឲ្យកម្ពុជា បន្តឈរនៅលើកំពូលតារាងប្រចាំពូលA ជាបណ្តោះអាសន្ន ដោយមាន៤ពិន្ទុ ស្មើជាមួយក្រុមមីយ៉ាន់ម៉ា ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ២-១ កាលពីថ្ងៃពុធនោះដែរ ខណៈក្រុមម៉ាឡេស៊ី ដែលទើបប្រកួតបាន១លើកនោះ មាន១ពិន្ទុស្មើជាមួយក្រុមហ្វីលីពីន និងទីម័រ មានសូន្យពិន្ទុ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង