គ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ា មិនបានចាត់ទុកកម្ពុជា ជាក្រុមខ្លាំង ដែលពួកគេពិបាក នឹងយកឈ្នះនោះទេ ខណៈក្រុមទាំង២ ត្រូវវិលមកជួបគ្នា ក្នុងដំណាក់កាលដ៏សំខាន់ ក្នុងយុទ្ធនាការស៊ីហ្គេម នៅពហុកីឡដ្ឋាន Binan Football នាយប់ម៉ោង៧ ថ្ងៃចន្ទនេះ។

តាមរយៈការប្រកួតជម្រុះ៣លើកកន្លងមកនេះ ក្រុមមីយ៉ាន់ម៉ា នៅមិនទាន់ស្គាល់ការចាញ់នៅឡើយទេ ដោយពួកគេបានស្មើ ១-១ ជាមួយក្រុមម៉ាឡេស៊ី ក្នុងថ្ងៃបើកឆាក រួចបានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ២-១ និងឈ្នះទីម័រខាងកើត ៣-១ ហើយលទ្ធផលនេះ បានជួយឲ្យពួកគេ កំពុងឈរនៅលេខ១ប្រចាំពូលA ជាបណ្តោះអាសន្ន ដោយមាន៧ពិន្ទុ លើក្រុមកម្ពុជា ដែលមាន៤ពិន្ទុ។

សម្រាប់ការវិលមកជួបក្រុមជម្រើសជាតិកម្ពុជា លើកនេះ លោក Velizar Popov គ្រូបង្វឹកក្រុមមីយ៉ាន់ម៉ា ធ្លាប់បាននិយាយបែបមិនចាប់អារម្មណ៍ទៅលើកម្រិតលេងរបស់កម្ពុជា គឺគ្រូបង្វឹកមុខឌឺរូបនេះ បាននិយាយថា៖ «ក្រុមកម្ពុជា មិនមែនជាបញ្ហាសម្រាប់យើងឡើយ យើងមិនចាត់ទុកជាក្រុមលំបាក នៅក្នុងពូលនោះទេ»។

ផ្ទុយពីនេះ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានចាត់ទុក មីយ៉ាន់ម៉ា ជាក្រុមខ្លាំងមួយ ដែលពិបាកនឹងទប់ទល់។ លោក ធ្លាប់បានថ្លែងថា៖ «យើងបានចាត់ទុក មីយ៉ាន់ម៉ា ថា ជាក្រុមខ្លាំងមួយ នៅក្នុងពូលនេះ ព្រោះការរៀបចំរបស់គេក៏ធ្វើបានល្អ ជាពិសេសគុណភាពដឹកនាំរបស់គ្រូបង្វឹក ហេតុនេះយើងគិតថា ការជួបក្រុមមួយនេះ អាចជាការប្រកួតប្រជែងមួយខ្ពស់»។

យ៉ាងណាក៏ដោយ ឱកាសឡើងទៅវគ្គបន្តរបស់ក្រុមមីយ៉ាន់ម៉ា គឺពឹងផ្នែកខ្លាំងទៅលើការប្រកួតនៅថ្ងៃនេះ មានន័យថា បើសិនជាពួកគេ មិនអាចដណ្តើមបាន៣ពិន្ទុពីក្រុមកម្ពុជា នៅថ្ងៃនេះ គឺពួកគេ អាចនឹងបាត់បង់ឱកាសឡើងទៅវគ្គបន្ត ព្រោះក្រៅពីក្រុមកម្ពុជា គឺក្រុមហ្វីលីពីន និងម៉ាឡេស៊ី ក៏នៅមានឱកាសប្រជែង ដើម្បីទម្លាក់ក្រុមមីយ៉ាន់ម៉ា ផងដែរ ខណៈពួកគេ មិនអាចរកបានពិន្ទុបន្ថែមនោះ។

ចំណែកក្រុមកម្ពុជា ដែលបានស្មើជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន ១-១ ក្នុងការប្រកួតបើកឆាក និងឈ្នះក្រុមទីម័រខាងកើត ៥-០ នោះក៏ត្រូវការឈ្នះជាចាំបាច់ ផងដែរ។ បើសិនជាកម្ពុជា ដណ្តើមបាន៣ពិន្ទុ ពីមីយ៉ាន់ម៉ា គឺកម្ពុជា មានភាគរយខ្ពស់បំផុត ក្នុងការបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូង។

យ៉ាងណាក៏ដោយ សម្រាប់ការជួបគ្នាចំនួន៧លើក នៅការប្រកួតស៊ីហ្គេមនេះ ក្រុមកម្ពុជា បានឈ្នះ១ ស្មើ២ និងចាញ់មីយ៉ាន់ម៉ា ចំនួន៤ដង ដោយក្នុងនោះកម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះភូមា(មីយ៉ាន់ម៉ា) ៤-០ សម្រាប់ការចូលរួមស៊ីហ្គេម លើកដំបូង នៅឆ្នាំ១៩៦១ ប៉ុន្តែកម្ពុជា បានឈ្នះមីយ៉ាន់ម៉ា ៣-១ ក្នុងស៊ីហ្គេម នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ១៩៩៧។

ចំណែកការជួបគ្នាលើកទី៣ ក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០០១ ក្រុមទាំង២នេះ បានស្មើគ្នា ០-០ ប៉ុន្តែជំនួប៣លើកទឹក កម្ពុជា បានចាញ់មីយ៉ាន់ម៉ា ៦-០ នៅវៀតណាម ក្នុងឆ្នាំ២០០៣ រួចបន្តចាញ់ ៦-២ នៅថៃឆ្នាំ២០០៧ និងចាញ់ ៣-០ នៅមីយ៉ាន់ម៉ា ឆ្នាំ២០១៣ ខណៈការប៉ះគ្នាចុងក្រោយ ក្នុងស៊ីហ្គេម ឆ្នាំ២០១៥ នៅសិង្ហបុរី កម្ពុជា និងមីយ៉ាន់ម៉ា បានស្មើគ្នា ៣-៣៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង