ការប្រកួតដណ្តើមកៅអីទី២ ក្នុងពូលA នឹងត្រូវធ្វើឡើង ក្នុងម៉ោងតំណាងគ្នា នារសៀលម៉ោង៣ ថ្ងៃពុធនេះ ដោយក្នុងនោះក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រឈមជាមួយក្រុមម៉ាឡេស៊ី ខណៈក្រុមម្ចាស់ផ្ទះហ្វីលីពីន ត្រូវជួបក្រុមទីម័រខាងកើត ចំណែកក្រុមមីយ៉ាន់ម៉ា ដែលទទួលបានលេខ១ប្រចាំពូលនេះ នឹងក្លាយជាអ្នកទស្សនា ព្រោះពួកគេបានបញ្ចប់ការប្រកួតទាំង៤លើករួចហើយ។

នៅក្នុងចំណោមក្រុមទាំង៤នេះ ក្រុមទីម័រ ដែលបានចាញ់ទាំង៣ប្រកួតនោះ បានធ្លាក់ចេញពីការប្រកួតនេះ ដោយស្វ័យប្រវត្តិហើយ ប៉ុន្តែពួកគេ នៅតែជាចំណែកយ៉ាងសំខាន់ ក្នុងការប្រជែងគ្នា ឡើងទៅវគ្គបន្តរវាងក្រុមកម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន ដែលកំពុងមាន៤ពិន្ទុក្នុងដៃ ជាមួយការឈ្នះ១ ស្មើ១ និងចាញ់១ដូចគ្នានោះ។

បើទោះបីជា នៅពេលនេះ ហ្វីលីពីន បានឈរនៅលេខ៤ ក្រោមកម្ពុជា និងម៉ាឡេស៊ី ប៉ុន្តែក្រុមនេះ នៅតែមានឱកាសច្រើន ក្នុងការឡើងទៅវគ្គបន្ត បើសិនជាពួកគេអាចយកឈ្នះលើក្រុមទីម័រ ចាប់ពី ៥-០ ឡើងទៅនោះ ដោយសារពេលនេះ កម្ពុជា មានគ្រាប់បាល់ចំណេញ៤គ្រាប់ ម៉ាឡេស៊ី មាន៣គ្រាប់ ខណៈហ្វីលីពីន មានសូន្យគ្រាប់។

យ៉ាងណាមិញ ការវិលមកជួបគ្នារវាងក្រុមកម្ពុជា និងម៉ាឡេស៊ី វាបានក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុត ដែលគេគិតថា នឹងមានភាពតានតឹងខ្លាំង ព្រោះក្រុមទាំង២នេះ ត្រូវការឈ្នះដាច់ខាតដូចគ្នា ដើម្បីមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមមីយ៉ាន់ម៉ា។

នៅក្នុងរយៈពេល៥៤ឆ្នាំកន្លងមកនេះ ក្រុមជម្រើសជាតិកម្ពុជា មិនធ្លាប់បានឈ្នះក្រុមម៉ាឡេស៊ី ម្តងណាឡើង នៅក្នុងការប្រកួតស៊ីហ្គេមនេះ ដោយពួកគេបានចាញ់ទាំង៨លើក ក្នុងវគ្គជម្រុះតាមពូល គឺចាញ់ ៤-០ កាលស៊ីហ្គេមឆ្នាំ១៩៦១ ចាញ់ ៣-១ កាលឆ្នាំ១៩៧១ ចាញ់ ៩-០ កាលឆ្នាំ១៩៩៥ ចាញ់ ៧-២ កាលឆ្នាំ១៩៩៩ ចាញ់ ៨-១ កាលឆ្នាំ២០០៣ ចាញ់ ៥-០ កាលឆ្នាំ២០០៥ ចាញ់ ៤-០ កាលឆ្នាំ២០០៩ និងបន្តចាញ់ម៉ាឡេស៊ី ៤-១ កាលស៊ីហ្គេម ឆ្នាំ២០១១។

ទោះបីជាយ៉ាងណា នៅពេលនេះក្រុមកម្ពុជា មានទម្រង់លេងល្អ ដែលធ្វើក្រុមនៅក្នុងតំបន់អាស៊ាន មានការចាប់អារម្មណ៍ និងមិនបានចាត់ទុក កម្ពុជា ជាក្រុម ដែលលេងយកត្រឹមបទពិសោធ ដូចមុននោះទេ។ ជាមួយគ្នានេះលោក Felix Dalmas គ្រូបង្វឹកកម្ពុជា នៅតែមានសង្ឃឹមថា កម្ពុជា អាចឡើងផុតវគ្គជម្រុះនេះ ដើម្បីឡើងទៅជួបក្រុមមីយ៉ាន់ម៉ា នៅវគ្គផ្តាច់ព្រ័ត្រ ជាថ្មីម្តងទៀត។

លោក Felix បាននិយាយក្រោយពេលកម្ពុជា ចាញ់ក្រុមមីយ៉ាន់ម៉ា ២-១ ក្នុងនាទីទី៨៦ ទាំងមិនអស់ចិត្ត កាលពីយប់ថ្ងៃចន្ទថា៖ «ក្រុមមីយ៉ាន់ម៉ា មានគ្រូបង្វឹកល្អ និងកីឡាករល្អ ប៉ុន្តែយើងនៅសល់មួយប្រកួតទៀត(ជាមួយម៉ាឡេស៊ី ថ្ងៃនេះ) ដូច្នេះសង្ឃឹមថា យើងនឹងជួបគ្នាម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រ»៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង