ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរួមគ្នាបង្កើតប្រវត្តិសាស្រ្តថ្មីចំនួន២ នៅក្នុងប្រវត្តិនៃការចូលរួមការប្រកួតស៊ីហ្គេម អស់រយៈពេល៥៨ឆ្នាំមកនេះ ហើយកំណត់ត្រានេះ បានបន្ទាប់ពីពួកគេបានរួមគ្នាយកឈ្នះក្រុមម៉ាឡេស៊ី ៣-១ ក្នុងការប្រកួតជម្រុះចុងក្រោយប្រចាំពូលA នៃយុទ្ធការស៊ីហ្គេម លើកទី៣០ នៅប្រទសហ្វីលីពីន កាលពីថ្ងៃពុធ ម្សិលមិញ។

សម្រាប់ការប្រកួត នៅពហុកីឡដ្ឋាន Rizal Menorial កាលពីថ្ងៃពុធ ម្សិលមិញនោះ ក្រុមកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការដាក់សម្ពាធទៅលើក្រុមម៉ាឡេស៊ី ហើយបានភាពរីករាយ បានកើតមានឡើងចំពោះពួកគេ នៅពេលកីឡាករ អ៊ិន សូដាវីដ, សៀង ចន្ធា និង កែវ សុខផេង រកបានម្នាក់១គ្រាប់ នៅនាទីទី៥៦ ទី៥៧ និងទី៦៨ ដើម្បីយកឈ្នះម៉ាឡេស៊ី ៣-១ នោះ ខណៈ១គ្រាប់របស់ម៉ាឡេស៊ី រកបានដោយខ្សែប្រយុទ្ធ Quentin នៅនាទីទី៨៩។

ការយកឈ្នះក្រុមម៉ាឡេស៊ីនេះ វាបានបំផ្លាញក្តីសង្ឃឹម ក្នុងការបានឡើងទៅវគ្គបន្តរបស់ក្រុមម្ចាស់ផ្ទះហ្វីលីពីន ដែលបានយកឈ្នះក្រុមទីម័រខាងកើត រហូតដល់ ៦-១ ក្នុងពេលដំណាលគ្នា កាលពីម្សិលមិញនោះដែរ ព្រោះ ហ្វីលីពីន មានគ្រាប់បាល់ចំណេញតិចជាងកម្ពុជា ១គ្រាប់ បើទោះបីជាក្រុមទាំង២នេះ មាន៧ពិន្ទុស្មើគ្នាក៏ដោយ ខណៈមីយ៉ាន់ម៉ា ដែលបានយកឈ្នះកម្ពុជា ២-១ កាលពីថ្ងៃចន្ទ ជាក្រុមលេខ១ ប្រចាំពូលAនេះ ដោយមាន១០ពិន្ទុ។

តាមរយៈជ័យជម្នះនេះ បានជួយឲ្យកម្ពុជា បង្កើតបានប្រវត្តសាស្រ្តថ្មី ក្នុងការបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្ត លើកទី១ បន្ទាប់ពីពួកគេ បានទន្ទឹងរងចាំអស់រយៈពេល៥៨ឆ្នាំ។

បន្ថែមលើនេះ ការយកឈ្នះក្រុមម៉ាឡេស៊ី ៣-១ វាជួយឲ្យកម្ពុជា បង្កើតបានប្រវត្តិសាស្រ្ត១ទៀត គឺការយកឈ្នះក្រុមម៉ាឡេស៊ី ជាលើកដំបូង ក្នុងប្រវត្តិប្រកួតក្នុងស៊ីហ្គេមនេះ ព្រោះការជួបគ្នា៨លើក ក្នុងចន្លោះឆ្នាំ១៩៦១ ដល់ឆ្នាំ២០១១ ក្រុមកម្ពុជា បានចាញ់ក្រុមម៉ាឡេស៊ី គ្រប់ការប្រកួតទាំងអស់។

លោក Felix Dalmas គ្រូបង្វឹកក្រុមកម្ពុជា បានថ្លែង នៅក្នុងការសន្និសីទកាសែត ក្រោយការប្រកួតថា៖ «យើងមានការជឿជាក់ទៅលើទម្រង់លេងរបស់យើង ហើយខ្ញុំពិតជាពេញចិត្តនឹងលទ្ធផលនៅថ្ងៃនេះ ព្រោះកីឡាកររបស់យើងបានប្រឹងប្រែងយ៉ាងខ្លាំង។ នេះជាជ័យជម្នះដ៏ធំបំផុតសម្រាប់កម្ពុជា ហើយយើងទាំងអស់គ្នា ពិតជាអរគុណខ្លាំងដល់អ្នកគាំទ្រ ដែលតែងតែលើកទឹកចិត្តដល់ពួកយើង»។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេម បានថ្លែងក្រោយកម្ពុជា ឈ្នះម៉ាឡេស៊ី ៣-១ នោះដែរថា៖«ការយកឈ្នះក្រុមម៉ាឡេស៊ី ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ វាជាប្រវត្តសាស្រ្តរបស់ក្រុមបាល់ទាត់កម្ពុជា ដែលមិនធ្លាប់មាននៅស៊ីហ្គេមនោះទេ។ ជ័យជម្នះនេះបានធ្វើឲ្យប្រជាជនកម្ពុជា បានចូលរួមអបអរយ៉ាងខ្លាំង ហើយសម្តេច ហ៊ុន សែន ក៏បានចូលរួមជាមួយជ័យជម្នះជាប្រវត្តិសាស្រ្តនេះដែរ»៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង