ក្រុមកីឡាការិនីប៉េតង់កម្ពុជា ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, អ៊ិន ស្រីយ៉ា និង ឌួង ឌីណា (បម្រុងម្នាក) បានរួមគ្នាបង្កើតក្តីសង្ឃឹម ក្នុងការឈ្នះមេដាយមាសឲ្យកម្ពុជា ក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ដែលកំពុងធ្វើនៅប្រទេសហ្វីលីពីន បន្ទាប់ពីពួកគេ បានបន្តយកឈ្នះក្រុមឡាវ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ។
សម្រាប់ការប្រកួត ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមនារីប៉េតង់កម្ពុជា បានយកឈ្នះក្រុមឡាវ ១៣-៩ ខណៈជ័យជម្នះនេះ ជួយឲ្យពួកគេ បានសម្រេចការសងសឹកលើក្រុមនារីឡាវ ដែលពួកគេធ្លាប់បានចាញ់ ក្នុងការប្រកួតជើងឯកពិភពលោក នៅលើទឹកដីខ្លួនឯង កាលពីពេលថ្មីៗនេះ។
ជាមួយការទម្លាក់ក្រុមនារីឡាវ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ថែមទៅលើការឈ្នះទាំង៣ប្រកួត នៅក្នុងវគ្គជម្រុះតាមពូលនេះ បានធ្វើឲ្យក្រុមនារីកម្ពុជា ត្រូវឡើងទៅប្រកួតដណ្តើមយកមេដាយមាស ជាមួយក្រុមនារីម៉ាឡេស៊ី ដែលនឹងត្រូវធ្វើនៅថ្ងៃនេះ ខណៈក្រុមនារីម៉ាឡេស៊ី នេះបានយកឈ្នះក្រុមនារីមីយ៉ាន់ម៉ា ១៣-៩ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីព្រឹកមិញនេះដែរ។
ប៉ុន្តែក្រុមបុរសកម្ពុជា ដែលមានកីឡាករ ថោង ឈឿង, តិប ណូរ៉ា និង សៀង វណ្ណា បានធ្លាក់ចេញពីការប្រកួតជាក្រុម៣នាក់ទល់៣នាក់នេះ ត្រឹមវគ្គជម្រុះតាមពូល បន្ទាប់ពីពួកគេបានចាញ់ក្រុមឡាវ ១៣-៤ ក្នុងការប្រកួតលើកទី៣ចុងក្រោយ កាលពីព្រឹកមិញនេះ ដោយលទ្ធផលនេះបានធ្វើ៣ប្រកួតរបស់ពួកគេ គឺឈ្នះ១ និងចាញ់២ប្រកួត។
ដោយឡែកសម្រាប់ការប្រកួតជាគូ របស់ម្ចាស់មេដាយមាសពិភពលោក សុខ ច័ន្ទមាន និង ញឹម បូរ៉ា គឺបានយកឈ្នះក្រុមឥណ្ឌូនេស៊ី ១៣-១ និងឈ្នះក្រុមវៀតណាម ១៣-១១ ហើយសម្រាប់ការប្រកួតលើកទី៣ អ្នកទាំង២ ត្រូវប្រឈមជាមួយក្រុមថៃ ដែលបានចាញ់ក្រុមវៀតណាម តែឈ្នះក្រុមឥណ្ឌូនេស៊ី ១៣-១ ដែរ។
ចំណែកការប្រកួតគូនារីរបស់វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ បានស្ថិតនៅលើផ្លូវដែលមិនប្រាកដ ក្នុងការស្វែងរកឱកាសឡើងទៅវគ្គបន្ត ខណៈអ្នកទាំង២ បានចាញ់ក្រុមម៉ាឡេស៊ី ១៣-៩ និងបានឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ១៣-២ នោះ ហេតុនេះសម្រាប់ការប្រកួតលើកទី៣ជាមួយក្រុមវៀតណាម នៅថ្ងៃនេះ អ្នកទាំង២ ត្រូវយកឈ្នះឲ្យបានទើបមានឱកាស ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ក្រុមប៉េតង់នារីកម្ពុជា ត្រូវប្រកួតដណ្តើមយកមេដាយមាស ជាមួយម៉ាឡេស៊ី នៅថ្ងៃនេះ
អត្ថបទទាក់ទង