ក្រុមអត្តពលិកប្រដាល់ គឺទាំងប្រដាល់គុនខ្មែរ ដែលចូលរួមប្រកួតកីឡា Muay និងក្រុមប្រដាល់សកល សុទ្ធតែមានមេដាយសំរឹទ្ធនៅក្នុងដៃដូចគ្នា មុនពេលក្រុមតំណាងឲ្យកម្ពុជាមួយនេះ ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីស្វែងឱកាសឡើងទៅដណ្តើមមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០១៩ ដែលកំពុងធ្វើនៅប្រទេសហ្វីលីពីន។

តាមរយៈការប្រកួត កាលពីម្សិលមិញនោះ កីឡាករជើងខ្លាំង ឡៅ ចិត្ត្រា បានយកឈ្នះកីឡាករឡាវ Soubinh Banxadeth ដោយពិន្ទុ ៣០-២៧ ឬការឈ្នះជាឯកច្ឆន្ទ ៣-០ ហើយលទ្ធផលនេះបានជួយឲ្យរូបគេ ស្ថិតក្នុងជំហរឈ្នះមេដាយសំរឹទ្ធរួចជាស្រេច មុនពេលឡើងទៅជួបអ្នកប្រដាល់ថៃ Khundam Norapat នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈថៃម្នាក់នេះ បានឈ្នះកីឡាករវៀតណាម Trung Cao Minh ក្នុងលទ្ធផល ៣-០ ក្នុងវគ្គ៨នាក់ដូចគ្នា។

បន្ថែមលើនេះ កីឡាករ ហ៊ីម គឹមរៀង ក៏មានមេដាយសំរឹទ្ធ នៅក្នុងដៃផហដែរ ខណៈរូបគេ បានចាប់ឆ្នោតឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ នោះ ប៉ុន្តែកីឡាការិនី សំ ថារ័ត្ន បានធ្លាក់ចេញពីការប្រកួតហើយ បន្ទាប់ពីចាញ់វៀតណាម Trung Cao Minh ជាមួយពិន្ទុ ៣០-២៧ កាលពីថ្ងៃព្រហស្បតិ៍។

ចំណែកកីឡាករ តាញ់ មករា នឹងត្រូវប្រកួតជាមួកីឡាករឡាវ Ketnouyong Kay ក្នុងទម្ងន់៥៧គីឡូក្រាម នៅថ្ងៃសុក្រនេះ ដើម្បីរកឈ្នះឈ្នះឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែកម្ចាស់មេដាយសំរឹទ្ធ វ៉ាន់ វឿន ក៏ត្រូវប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយកីឡាករវៀតណាម Nguyen Quang Huy ក្នុងទម្ងន់៥៤គីឡូក្រាម នៅរសៀលថ្ងៃសុក្រនេះដែរ។

ដោយឡែក សម្រាប់ការប្រកួតប្រដាល់សកលវិញ កីឡាករ ស៊ីវ សុងម៉េង បានឈ្នះកីឡាករឡាវ Khotsombath Cuong ៤-១ ក្នុងទម្ងន់៧៥គីឡូក្រាម ហើយកីឡាករទម្ងន់៦៤គីឡូក្រាម យ៉ុង ដារ័ត្ន បានយកឈ្នះកីឡាករទីម័រខាងកើត ក្នុងលទ្ធផលមិនឯកច្ឆន្ទ ៤-១ ដែរ ដើម្បីមានមេដាយសំរឹទ្ធក្នុងដៃរួចជាស្រេចដូចគ្នា មុនឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំណែកកីឡាការិនី នូ ស្រីពៅ ក៏មានមេដាយសំរឹទ្ធ ក្នុងដៃផងដែរ បន្ទាប់ពីនាង បានចាប់ឆ្នោតឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិនោះ។ ប៉ុន្តែម្ចាស់មេដាយសំរឹទ្ធ ណាត សៀកនិន (ពេជ្រ ម្ទេសខ្មាំង) បានចាញ់កីឡាករមីយ៉ាន់ម៉ា ហើយ បាង នន់ ក៏បានចាញ់កីឡាករទីម័រ នៅក្នុងវគ្គ៨នាក់ចុងក្រោយដូចគ្នា ធ្វើឲ្យពួកគេ បានធ្លាក់ចេញពីការប្រកួតនេះដូចគ្នា៕