ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមខ្លាំងមកពីពូលB វៀតណាម នៅយប់ម៉ោង៧ នាថ្ងៃសៅរ៍នេះ គឺបន្ទាប់ពីការប្រកួតគ្នារវាងក្រុមមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ហើយជាមួយគ្នានេះ លោក Felix Dalmas ជាគ្រូបង្វឹក បានជំរុញឲ្យកូនក្រុម ត្រូវខំប្រឹង ដើម្បីឈានទៅរកការឈ្នះបានមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រ។

លោក Felix បាននិយាយថា៖ «នៅពេលនេះ យើងអាចធ្វើបានមួយដំណាក់កាលហើយ អ៊ីចឹងយើងនឹងឆ្ពោះទៅរកមេដាយ ហើយពេលនេះយើងមិនគិតទៅលើលេខ៣អីនោះទេ គឺយើងគិតទៅលើការប្រជែងយកមេដាយមាសសិន ព្រោះនេះជាពេលវេលារបស់យើង ហេតុនេះយើងត្រូវដាក់គោលដៅទៅរកមេដាយមាសសិន»។

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix បានថ្លែងបែបនេះ បន្ទាប់ពីក្រុមកម្ពុជា បានយកឈ្នះក្រុមម៉ាឡេស៊ី ៣-១ ដើម្បីឈ្នះកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្រ្ត កាលពីថ្ងៃពុធ ព្រោះការឈ្នះនោះ បានជួយឲ្យក្រុមកម្ពុជា ឈរនៅលេខ២ ប្រចាំពូលA ដោយមាន៧ពិន្ទុ ជាមួយការឈ្នះ២ ស្មើ១ និងចាញ់១ប្រកួត ខណៈក្រុមមីយ៉ាន់ម៉ា ឈរនៅលេខ១ ដោយមាន១០ពិន្ទុ។

យ៉ាងណាក៏ដោយ ការជួបក្រុមវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺនៅមិនទាន់ច្បាស់ថា តើកម្ពុជា អាចនឹងធ្វើបានល្អ ដូចការតាំងចិត្ត ដើម្បីបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ឬយ៉ាងណានៅទេ ព្រោះនៅក្នុងការប្រកួតជម្រុះប្រចាំពូលB ក្រុមវៀតណាម មិនធ្លាប់ចេញទាល់តែសោះ គឺពួកគេ បានឈ្នះក្រុមប្រ៊ុយណេ ៦-០ ឈ្នះឡាវ ៦-១ ឈ្នះឥណ្ឌូនេស៊ី ២-១ ឈ្នះសិង្ហបុរី ១-០ និងបានវាយបកតាមស្មើក្រុមថៃ ២-២ ក្នុងការប្រកួតកាត់សេចក្តីចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍។

យ៉ាងណាក៏ដោយ ជុំវិញការទន្ទឹងរង់ចាំក្រុម ដែលកម្ពុជា ត្រូវជួបនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ លោក Felix Dalmas ធ្លាប់បានអះអាងថា លោក និងក្រុមការងារ បានតាមដានមើលពីទម្រង់លេងរបស់ក្រុមនីមួយៗ យ៉ាងយកចិត្តទុកដាក់ ដើម្បីលោកមានភាពងាយស្រួលក្នុងការរៀបចំក្រុម ប្រកួតជាមួយក្រុមទាំងនោះ។

គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix Dalmas បាននិយាយបញ្ជាក់នៅកូនក្រុមទាំងអស់ថា៖«នៅពេលនេះបេសកម្មរបស់យើង នៅមិនទាន់បញ្ចប់នៅឡើយទេ អ៊ីចឹងយើងត្រូវថែរក្សារាងកាយរបស់យើង ហើយអ្វីដេលយើងចង់បាន មិនមែនត្រឹមតែលទ្ធផលមួយមុខប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវធ្វើឲ្យមានការរីកចម្រើនទៅមុខទៀត ព្រោះអ្វីដែលយើងធ្វើបាននៅពេលនេះ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺយើងត្រូវបង្ហាញឲ្យគេឃើញមើលឃើញថា យើងអាចធ្វើបានល្អជាងនេះ»។

ចំណែកការជួបគ្នារវាងក្រុមលេខ១ប្រចាំពូលA មីយ៉ាន់ម៉ា និងក្រុមលេខ១ពូលB ឥណ្ឌូនេស៊ី ក៏នឹងមានភាពតានតឹងខ្លាំងផងដែរ ព្រោះក្រុមទាំង២នេះ មានទម្រង់លេងល្អដូចគ្នា៕