ក្រុម U22 កម្ពុជា បានបង្ហាញទម្រង់លេងល្អមែនទែននៅស៊ីហ្គេមក្នុងប្រទេសហ្វីលីពីនឆ្នាំនេះ ដោយបានបង្កើតប្រវត្តិសាស្ត្រជាង៦០ឆ្នាំបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ទម្រង់លេងដ៏លេចធ្លោរបស់ក្រុមគោព្រៃកម្ពុជានេះហើយ ទើបធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ជាច្រើនចាប់ផ្ដើមយកកម្ពុជាដាក់ក្នុងកែវភ្នែកពួកគេ មិនអាចមើលស្រាលដូចមុនបានទៀតឡើយ។ ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍយ៉ាងច្រើនដូច្នេះ អ្នកគាំទ្រប្រទេសក្បែរខាងកម្ពុជាច្រើន បានចោទជាសំនួរថា កម្ពុជាយ៉ាងមិចបានជាលេងល្អខ្លាំងនិងមានទម្រង់ខុសប្លែកលឿនយ៉ាងនេះ។
ជាក់ស្ដែងតាំងពី U18 , U19 និង U22 នេះ បានបង្កព្យុះភ្លៀងច្រើនណាស់ក្នុងតំបន់ ហើយគ្រូបង្វឹកវៀតណាម និងថៃជាច្រើនបានអស់តំណែង ដោយសារតែដឹកនាំក្រុមបរាជ័យក្រោមថ្វីជើងកម្ពុជា។ លោក Felix ដែលជាអ្នកនៅពីក្រោយភាពជោគជ័យធំធេងរបស់ខ្មែរនេះ បាននិយាយថា៖ “ទោះជាយ៉ាងណា យើងបានបង្ហាញថាកម្ពុជាមិនមែនជាក្រុមខ្សោយទៀតនោះទេ។ បើទោះជាមានសង្ឃឹមឈ្នះតិច ឱកាសតិច របូតគ្រាប់បាល់ ក៏ក្រុមកម្ពុជា ដែលពោរពេញដោយកីឡាករក្មេងៗ នៅមានចិត្តប្រយុទ្ធដល់ទីបញ្ចប់ដែរ”។
ក្រុម U22 កម្ពុជា នៅមានភារកិច្ចបំបាក់ក្រុមមីយ៉ាន់ម៉ាមួយប្រកួតទៀត មុនត្រលប់មកស្រុកកំណើតវិញ។ ការប្រកួតដណ្ដើមយកមេដាយសំរឹទ្ធនេះ នឹងធ្វើឡើងនៅថ្ងៃស្អែក វេលាម៉ោង៣រសៀល៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អត្ថបទ៖ ប្រុស យុទ្ធ Credit: Sabay